កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី​៖ ប្រេ​ស៊ី​ល​យកឈ្នះ​អុីតាលី ១-០ ដើម្បី​ឡើងទៅ​វគ្គ​១៦​ក្រុម​
19, Jun 2019 , 10:35 am        
រូបភាព
​ប្រេ​ស៊ី​ល និង​អូស្ត្រាលី​បាន​បន្តទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ការប្រកួត​ពានរង្វាន់ FIFA Women's World Cup ឆ្នាំ​២០១៩ ក្រោយ​ទទួលបាន​ជ័យជម្នះ​រៀងខ្លួន​នា​ការប្រកួត​ចុងក្រោយ​។​


 
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​នារី ប្រេ​ស៊ី​ល​បាន​យកឈ្នះ​អុីតាលី​ដែល​បាន​កៅអី​ទៅ​វគ្គ​បន្ត​រួចស្រេច​ក្នុង​លទ្ធផល ១-០ យ៉ាង​ប្រផុតប្រផើយ នា​ជំនួប​ចុងក្រោយ​ពូ​ល C នា​ថ្ងៃទី​១៨ ខែមិថុនា​។

លទ្ធផល​នេះ​ធ្វី​ឲ្យ​ក្រុម​សាំបា​ប្រេ​ស៊ី​ល​ទទួលបាន​៦​ពិន្ទុ​ឈរ​ចំណាត់ថ្នាក់​ទី​៣​ល្អ​បំផុត ដើម្បី​បន្តទៅ​កាន់​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​ពិ​ភព​លោក​ដែល​បារាំង​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​នេះ​។​


 
​ចំណែក​អូស្ត្រាលី​ក៏​ទ​ទួ​លបាន​កៅអី​ទៅ​វគ្គ​បន្ត​ដូចគ្នា​តាមរយៈ​ការ​ឈ្នះ​ហ្សា​ម៉ា​អុីកដោយ​លទ្ធផល​៤-១​។ អូស្ត្រាលី​មាន​ពិន្ទុសរុប​៦​ពិន្ទុ​ពី​ការប្រកួត​៣​លើក​ឈរ​នៅ​ចំណាត់ថ្នាក​ទី​២​ពូ​ល C តាម​ពីក្រោយ​អុីតាលី​ដែល​ឈរ​កំពូល​តារាង​មាន​៦​ពិន្ទុ​ដូចគ្នា​តែ​នាំមុខ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​។ ក្នុង​ពូ​ល C នេះ​មាន​ក្រុម​ចំនួន​៣​ឡើងទៅ​វគ្គ​បន្ត ខណៈ​ហ្សា​ម៉ា​អុីក​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ​។​
 
​បូក​ទាំង​ប្រេ​ស៊ី​ល និង​អូស្ត្រាលី​នេះ​ទៀត ពេលនេះ​មាន​ក្រុម​ចំនួន​១៣​ហើយ​ដែល​ឈានទៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ ក្នុងនោះ​មាន ម្ចាស់ផ្ទះ​បារាំង អាល្លឺម៉ង់ អុីតាលី អង់គ្លេស ហូ​ឡង់ កាណាដា ស៊ុយអែត ម្ចាស់​ជើងឯក​ចាស់​អាមេរិក ន័​រ​វែ​ស អេ​ស្ប៉ា​ញ និង​ចិន​។ ៣​ក្រុម​ទៀត​ត្រូវ​កាត់សេចក្តី​បន្តបន្ទាប់​ក្នុងជំនួប​ចុងក្រោយ​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com