កីឡាអន្តរជាតិ
អន្តរជាតិ
UN ប្រតិកម្មនឹងគម្លាតប្រាក់ចំណូល Messi បើធៀបនឹងកីឡាការិនីជិត១៧០០នាក់
× អង្គការសហប្រជាជាតិ (UN) បានប្រតិកម្មទៅនឹងប្រាក់ចំណូលរបស់កីឡាករឆ្នើម Lionel Messi តែម្នាក់ ដែលមានចំនួនលើសពាក់កណ្តាលបើធៀបនឹងប្រាក់ឈ្នួលរបស់កីឡាការិនីចំនួន ១៦៩៣នាក់ដែលកំពុងប្រកបអាជីពក្នុងក្របខណ្ឌលីគកីឡាបាល់ទាត់កំពូលៗបូកបញ្ចូលគ្នា។
ប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៨៤លានដុល្លារអាមេរិករបស់ខ្សែប្រយុទ្ធ Barcelona និងសមាជិកជម្រើសជាតិអាហ្សង់ទីនរូបនេះ ត្រូវបាន UN Women (ស្ថាប័នស្ថិតក្រោមចំណុះរបស់ UN ដែលធ្វើការលើស្ត្រី) លើកយកទៅប្រៀបធៀបដើម្បីបញ្ជាក់ពីគម្លាតប្រាក់បៀវត្សដ៏សែនឆ្ងាយរវាងអ្នកកីឡាបាល់ទាត់ទាំងបុរសនិងស្ត្រីនេះ។
UN Women បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់ពួកគេដោយបង្ហាញភាពមិនសប្បាយចិត្តថា៖« កីឡាករបាល់ទាត់បុរសម្នាក់មានប្រាក់បៀរវត្សស្មើនឹងពីរដងរបស់កីឡាការិនីដែលកំពុងប្រកបអាជីបនៅលីគលំដាប់កំពូលទាំង៧ ជុំវិញពិភពលោក។ អំឡុងពេលប្រកួត World Cup នារី ឆ្នាំ២០១៩ នៅបារាំង UN Women បានចូលរួមក្នុងការទាមទារឲ្យមានប្រាក់ឈ្នួលស្មើគ្នាសម្រាប់ស្ត្រីក្នុងកីឡាមួយនេះ»។
ប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៨៤លានដុល្លារអាមេរិកដែល Messi រកបានដោយបូកបញ្ជូលទាំងថ្លៃពលកម្មពីក្លិបយក្សអេស្ប៉ាញ ប្រាក់រង្វាន់ ការផ្សាយពាណិជ្ជកម្ម និងចំណូលផ្សេងៗ គឺមានចំនួនទ្វេដងបើធៀបនឹងប្រាក់ឈ្នួលរបស់កីឡាការិនីល្បីៗចំនួន១៦៩៣រូបបូកបញ្ចូលគ្នាដែលមានត្រឹម ៤២,៦លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
គម្លាតប្រាក់បៀវត្សដ៏ច្រើនសន្ធឹកនេះត្រូវបានគេហៅថាជាការរើសអើង និងជាប្រធានបទក្តៅគគុកនាការប្រកួតកីឡាបាល់ទាត់ពិភពលោកផ្នែកនារីនៅបារាំង ដោយក្នុងនោះមានកីឡាការិនីរបស់ក្រុមជម្រើសជាតិអាមេរិកចំនួន ២៨នាក់កំពុងជាប់ពាក់ព័ន្ធក្នុងបណ្តឹងជាមួយក្រុមជម្រើសជាតិរបស់ពួកគេលើបញ្ហាប្រាក់ខែនេះ។
កាលពីដើមខែមិថុនាកន្លងទៅ សហភាពកីឡាបាល់ទាត់អូស្ត្រាលីក៏ផ្តើមយុទ្ធនាការទាមទារឲ្យសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ផ្តល់ប្រាក់រង្វាន់ក្នុងការប្រកួត World Cup ទាំងស្ត្រី និងបុរសឲ្យបានស្មើគ្នាផងដែរ។
ក្រុមដែលឈ្នះជើងឯក Women's FIFA World Cup ឆ្នាំ២០១៩ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៤លានដុល្លារអាមេរិក ខណៈក្រុមជម្រើសជាតិបារាំងផ្នែកបុរសទទួលបានប្រាក់រង្វាន់ ៣៨ លានដុល្លារអាមេរិកឯណោះ ក្រោយឈ្នះពានរង្វាន់កីឡាបាល់ទាត់ពិភពលោកកាលពីឆ្នាំ២០១៨ នៅរុស្ស៊ី៕
Tag:
បាល់ទាត់
ឆ្នើម Lionel Messi ប្រាក់ចំណូល
© រក្សាសិទ្ធិដោយ thmeythmey.com