ជាតិ
សង្គមជាតិ
លោក យន្ត មីន ៖ ការបាក់​រលំ​អគារ​ទំនង​អាច​ប៉ះពាល់​ខ្លះ ដល់​ការវិនិយោគ​
28, Jun 2019 , 2:04 pm        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
​ភ្នំពេញ​៖ មួយ​ថ្ងៃមុន​ផ្ទេរតំណែង​ឲ្យ​អភិបាលខេត្ត​ថ្មី លោក យន្ត មីន បាន​បង្ហាញក្តីព្រួយបារម្ភពីផលប៉ះពាល់ដល់ការវិនិយោគ ដោយសារបញ្ហា​បាក់​រលំ​អគារ​៧​ជាន់ នៅ​សង្កាត់​លេខ​៤ ខេត្ត​ព្រះសីហនុ​ កាលពីថ្ងៃទី២២ មិថុនាកន្លងមក។ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការ​កាន់តំណែង​អភិបាលខេត្ត​នេះ លោក យន្ត មីន បាន​និយាយថា ការបាក់រលំអគារ ទំនងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកវិនិយោគ ក្នុងការដាក់ទុនរកស៊ីនៅកម្ពុជា។



«​ការបាក់​រលំ​អគារ​នេះ​ទំនងជា​អាច​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ខ្លះ​ដែរ ចំពោះ​ដំណើរការ​វិនិយោគ នៅ​ខេត្ត​ព្រះសីហនុ ព្រោះ​អ្នកវិនិយោគ​និង​ភ្ញៀ​ង​ទេសចរ អាចមាន​ការព្រួយបារម្ភ​ខ្លះ ក្នុង​រយៈពេល​មួយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក យន្ត មីន ដែល​រំពឹងថា ការអភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ នឹង​កាន់តែ​ខ្លាំងក្លា​ថែមទៀត នៅពេលដែល​ស្ថានការណ៍​បាក់​អគារ​នេះ ស្ងប់ស្ងាត់​ទៅវិញ នាពេលខាងមុខ​។​
 
​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ស្រង់​សម្តី​លោក យន្ត មីន នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​មិថុនា​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ខែកក្កដា កាលពី​ថ្ងៃទី​២៧ ខែមិថុនា មុនពេល​លោក​ផ្ទេរតំណែង​យ៉ាង​ដូច្នេះ​ថា​៖« ឯកឧត្តម បានបង្ហាញ​អារម្មណ៍​សោកស្តាយ​បំផុត​ចំពោះ​សោកនាដកម្ម​នៃ​ការបាក់​រលំ​អគារ​នេះ​។ ឯកឧត្តម មានការ​រំពឹងថា​អ្វីៗ​នឹង​ប្រសើរ​ឡើងវិញ​នៅពេល​ខាងមុខ ហើយ​ខេត្ត​នេះ​នឹង​កាន់តែ​រីកចម្រើន​ថែមទៀត​»​។​
 
​មុនពេល​ផ្ទេរតំណែង​អភិបាលខេត្ត​នេះ លោក យន្ត មីន ក៏បាន​ផ្តាំផ្ញើ​ជា​ចុងក្រោយ​ដល់​មន្ត្រី​ខ្លួន ឲ្យ​យកចិត្តទុកដាក់​បំពេញ​ការងារ​លើ​ចំណុច​សំខាន់ៗ​មួយចំនួន​រួមមាន​៖ ១. បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ ,២.​បរិស្ថាន​(​ការគ្រប់គ្រង​សំណល់​រឹង /​រាវ​), ៣.​ពិនិត្យ​ភាពស្របច្បាប់​របស់​ជន​បរទេស​មករក​ស៊ី នៅ​ក្រុងព្រះសីហនុ ដើម្បី​កុំ​ឲ្យ​ប្រជាជន​ឃ្នើសចិត្ត​, ៤.​ត្រូវ​គ្រប់គ្រង​សំណង់ ឲ្យ​បាន​ម៉ឺងម៉ាត់​ស្របតាម​ច្បាប់ ខ​ណៈ​មន្ត្រី​ខ្លះ ហាក់​មានការ​ធ្វេសប្រហែស​លើ​បញ្ហា​បេះ​, ៥.​បញ្ហា​ភាពអនាធិបតេយ្យ​ដីធ្លី ត្រូវតែ​ទប់ស្កាត់​ដោះស្រាយ​ឲ្យ​បាន​, ៦.​ស្នើ​រដ្ឋបាល​ក្រុង លៃលក​រៀបចំ street food (​កន្លែង​លក់​អាហារ​តាម​ចិញ្ចើមផ្លូវ​ឲ្យ​ពលរដ្ឋ​លក់ដូរ​ពេលយប់​),៧.​ការងារ​គ្រប់គ្រង អូរ ប្រឡាយ ត្រូវធ្វើ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ទប់ស្កាត់​ការរំលោភបំពាន​, ៨.​បន្ត​ចុះ​ពិនិត្យ​ការធ្វើ​អាង​ប្រព្រឹត្តិកម្ម​តាម​ទីតាំង​សំណង់​ទាំងអស់​ឡើងវិញ ,៩.​ពង្រឹង​សេវាសាធារណៈ​ជូន​ពលរដ្ឋ​ឲ្យ​លឿន មានគុណ​ភាព តម្លាភាព និង​គណនេយ្យភាព ដើម្បី​ឲ្យ​ប្រជាជន​ទុកចិត្តបាន ,១០.​យកចិត្តទុកដាក់​ក្នុង​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាជន ,១១.​ពង្រឹង​ឯកសារ​រដ្ឋបាល​ឲ្យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់ និង​ចុងក្រោយ​ការអនុវត្ត​ការងារ​ត្រូវយក​ច្បាប់​ជា​គោល​។

អត្ថបទទាក់ទង
 
​ក្រោយ​ផ្ទុះ​ហេតុការណ៍​បាក់​រលំ​អគារ​៧​ជាន់​ភ្លាម លោក យន្ត មីន បាន​សុំលាលែង​ចេញពី​តំណែង​អភិបាលខេត្ត ដើម្បី​បង្ហាញ​ពី​ការទទួលខុសត្រូវ ក៏ដូចជា​ការសុំ​ទោស​ចំពោះ​ការដឹកនាំ​របស់ខ្លួន​។ តំណែង​របស់លោក យន្ត មីន នឹងត្រូវ​ជំនួស​វិញ ដោយ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម ដែល​ត្រូវ​ចូលកាន់​តំណែង​នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៩ មិថុនា​។​
 
​គួរ​បញ្ជាក់ថា ឧ​ប្ប​ទ្ទេវ​ហេតុ​បាក់​រលំ​អគារ នៅក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​២២ មិថុនា បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២៨​នាក់​(​ស្រី​៤​នាក់ និង​របួស​២៦​នាក់ (​ស្រី​២​នាក់​)​។ មកដល់ពេលនេះ គ្រួសារ​សព​ម្នាក់ៗ ទទួលបាន​ថវិកា​ឧបត្ថម្ភ​ប្រមាណ​៩​ម៉ឺន​ដុល្លារ ហើយ​អ្នករបួស​២៤​នាក់ ទទួលបាន​ជាង​១​ម៉ឺន​ដុល្លារ​។ ដោយឡែក អ្នករបួស​២​នាក់ ដែល​ត្រូវបាន​រកឃើញ​ក្រោយ​គេ ទទួលបាន​ប្រមាណ​៣​ម៉ឺន​ដុល្លារ​។ ក្នុង​ហេតុការណ៍​នេះ តុលាការខេត្ត​ព្រះសីហនុ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនជាតិ​ជនជាតិ​ចិន​៤​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រលំ​អគារ​៧​ជាន់​នេះ​៕

Tag:
 យន្ត មីន​
  រលំ​អគារ​
© រក្សាសិទ្ធិដោយ thmeythmey.com