ជាតិ
​​​ន​យោ​បាយ​ជាតិ​
អង្គការ​សេរីនិយម​អន្តរជាតិ ស្នើ​ឲ្យ​សមាជិក មក​ខ្មែរ​ជាមួយ​ក្រុមប្រឆាំង ដើម្បី​ធានា​សុវត្ថិភាព​
08, Jul 2019 , 11:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អង្គការ​សេរីនិយម​អន្តរជាតិ (Liberal International) បានអនុម័ត​លើ​សេចក្តីសម្រេច​មួយ ពាក់ព័ន្ធនឹងដំណោះស្រាយនយោបាយនៅកម្ពុជា ដែល​ដាក់ជូន​ដោយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្នុង​សេចក្តីសម្រេច ​អង្គការ​សេរីនិយម​អន្តរជាតិ ប្រកាស​គាំទ្រ​និង​ស្នើ​ឲ្យ​សមាជិក​ខ្លួន រួម​ដំណើរ​ជាមួយ​លោក សម រង្ស៊ី មក​កម្ពុជា​។ 


 
​សេចក្តីសម្រេច​នេះ ធ្វើឡើង​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៩ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​អង្គការ​សេរីនិយម​អន្តរជាតិ នៅ​ទីក្រុង​ឡុងដ៍ ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី និង​តំណាងរាស្ត្រ​នៃ​បណ្តា​ប្រទេស​នានា ហើយ​លោក សម រង្ស៊ី ក៏មាន​វត្តមាន​ផងដែរ​។ អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សមាជិក​មួយ​នៃ​អង្គការ​អន្តរជាតិ​នេះ​។ 
 
​អង្គការ​សេរីនិយម​អន្តរជាតិ យល់ឃើញថា ការធ្វើ​មាតុភូមិ​និ​វិត្ត​របស់​ក្រុមប្រឆាំង គឺ​ដើម្បី​រក​ដំណោះស្រាយ ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា និង​ឈានទៅ​ស្តារ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ឡើងវិញ​។ អង្គការ​នេះ គិតថា ការដែល​ស្នើ​ឲ្យ​សមាជិក​ខ្លួន រួម​ដំណើរ​មកជា​មួយក្រុម​ប្រឆាំង «​គឺ​ដើម្បី​ធានា​សុវត្ថិភាព​»​។  
 
​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដូច្នេះ​ថា​៖«​មាន​ឥស្សរជន​បរទេស​ជាច្រើន ដែល​ស្ម័គ្រចិត្ត​ធ្វើដំណើរ​ទៅ​ប្រទេស​កម្ពុជា​ជាមួយ​ខ្ញុំ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​»​។
​តាមរយៈ​សេចក្តីសម្រេច អង្គការ​សេរីនិយម​អន្តរជាតិ បាន​អំពាវនាវ​ឲ្យ​តុលាការ​កម្ពុជា ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា និង​អ្នកនយោបាយ​ប្រឆាំង​ដទៃទៀត ដោយ​រួមទាំង​លោក សម រង្ស៊ី ផងដែរ​។  
 
​មួយរយៈ​ចុងក្រោយ​នេះ គេ ហាក់​សង្កេតឃើញថា លោក សម រង្ស៊ី  ព្យាយាម​ដើរ​បំផុសបំផុល​មិត្ត​បរទេស ឲ្យ​មក​កម្ពុជា​ជាមួយ​លោក​។ ជាក់ស្តែង ថ្មីៗ​នេះ លោក បានធ្វើ​ដំណើរ​ទៅ​ជួប​សមាជិកសភា​សហភាព​អឺរ៉ុប​។  
 
​បន្ទាប់មក អ្នកស្រី មូរ សុខ​ហួរ ដែល​បានធ្វើ​ដំណើរ​ទៅជា​មួយ​ដែរនោះ បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា មាន​សមាជិកសភា​សហ​ភាព​អឺរ៉ុប​មួយចំនួន បានបង្ហាញ​ជំហរ​មក​កម្ពុជា​ជាមួយ​លោក សម រង្ស៊ី​។ អ្នកស្រី ប្រកាស​កន្លងមក​ថា ថ្នាក់ដឹកនាំ​ប្រឆាំង នឹង​មក​កម្ពុជា នៅ​ខែសីហា ឬ​ខែកញ្ញា ឆ្នាំ​២០១៩​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ជាថ្មី​ថា នឹង​វាយខ្នោះ​លោក សម រង្ស៊ី យកទៅដាក់​ពន្ធនាគារ ពេល​លោក មកដល់​កម្ពុជា​។ ការព្រមាន​ជាថ្មី​នេះ គឺធ្វើឡើង​ពេល​សម្តេច ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩​។ 
 
​ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ផ្ញើ​សារ​ជូន​សមាជិកសភា​សហភាព​អឺរ៉ុប​ផងដែរ ដែល​ស្តាប់ទៅ​ហាក់ដូចជា​ចង់​ព្រមាន​ពួកគេ តាមរយៈ​ការ​រម្លឹក​រឿង​កម្ពុជា ធ្លាប់​កាត់ទោស​តំណាងរាស្ត្រ​ថៃ​។ ប្រមុខ​រដ្ឋាភិបាល ដាស់តឿន​សមាជិកសភា​សហភាព​អឺរ៉ុប​ទាំងនោះ​ថា​៖«​អ្នកឯង​ត្រូវសុំ​វី​សា​សិន មុននឹង​មក​កម្ពុជា​។ បើ​ខ្ញុំ​មិន​ឲ្យ អ្នកឯង ចូល​សាកល​មើល៍ទៅ​...​។ តំណាងរាស្ត្រ​ថៃ ចូល​កម្ពុជា កម្ពុជា កាត់ទោស​តំណាងរាស្ត្រ​ថៃ សុំ​ចាំ​ឲ្យ​ច្បាស់​»​។ 
 
​យ៉ាងណាក៏ដោយ សមាជិកសភា​សហភាព​អឺរ៉ុប​ទាំងនោះ ប្រហែលជា​គ្មាន​ឱកាស​ទទួលបាន​វី​សា​មក​កម្ពុជា​នោះទេ ដ្បិត​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ទៅ​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​នានា​រួចហើយ ថា​កុំ​ផ្តល់​វី​សា​ដល់​ពួកគេ​។ 
 
​ក្រោយ​ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី ក្រសួងការបរទេស​ក​ម្ពុ​ជា ក៏​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​បង្ហាញ​ការភ្ញាក់ផ្អើល ចំពោះ​បំណង​របស់​សមាជិកសភា​សហភាព​អឺរ៉ុប ដែល​ចង់​មក​កម្ពុជា​ជាមួយ​ក្រុម​អ្នកប្រឆាំង​។ ក្រសួង​ការបទេស ចាត់ទុកថា​ជា​ទង្វើ​គ្មាន​លក្ខណៈ​ការទូត មិន​គោរព​អធិបតេយ្យភាព និង​នីតិរដ្ឋ​កម្ពុជា បើ​សមាជិកសភា​សហភាព​អឺរ៉ុប​ទាំងនោះ ពិតជា​សម្រេច​ម​កម្ពុជា​មែន​។ ក្រសួងការបរទេស ស្នើ​សមាជិកសភា​សហភាព​អឺរ៉ុប ពិចារណា​ឡើងវិញ​ពី​ការសម្រេចចិត្ត​បែបនេះ​៕ 

Tag:
 សម រង្ស៊ី​
  មាតុភូមិ​និវត្ត​
  អង្គការ​សេរីនិយម​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com