អន្តរជាតិ
មួយសប្តាហ៍ក្រោយការបើកនេសាទឡើងវិញ ជប៉ុន ចាប់ផ្តើមលក់សាច់ត្រីបាឡែន ប្រភពរូប៖ Kyodo News
× ហាងទំនិញមួយកន្លែងក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន នៅថ្ងៃចន្ទទី៨ ខែកក្កដា បានចាប់ផ្តើមធ្វើអាជីវកម្មលក់សាច់ត្រីបាឡែន ដែលទទួលបានមកពីការនេសាទ ។ ការប្រមាញ់ត្រីបាឡែនរបស់ជប៉ុន បានចាប់ផ្តើមប្រព្រឹត្តទៅឡើងវិញ កាលពីសប្តាហ៍មុន ក្រោយពីបានផ្អាកជាង៣ទសវត្សរ៍កន្លងទៅ។
ហាងទំនិញជប៉ុនមួយឈ្មោះថា Hankyu បានដាក់លក់សាច់ត្រីបាឡែនពណ៌ក្រហមឆ្អិនឆៅ្អប្រមាណ ៣០គីឡូក្រាម ដែលក្រុមអ្នកនេសាទជប៉ុនចាប់បាននៅឆ្នេរ Kushiro នៃកោះហុកកៃដូកាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែកក្កដា ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo បុគ្គលិកម្នាក់បម្រើការនៅហាងលក់ទំនិញនោះ និយាយថា៖ «ខ្ញុំចង់បង្ហាញដល់មនុស្សជំនាន់ក្រោយ ដែលពុំធ្លាប់ភ្លក្សរសជាតិសាច់ត្រីបាឡែន ឲ្យដឹងថា រសជាតិឆ្ងាញ់ប៉ុណ្ណានោះ»។ ចំណែកបុរសចំណាស់អាយុ ៥៨ឆ្នាំម្នាក់ទៀត ដែលបានភ្លក្សសាច់ត្រីបាឡែននេះ បានពោលថា៖«សាច់ត្រីនេះ មានរសជាតិផ្អែម ដោយគ្មានក្លិនអ្វីឡើយ។ រសជាតិរបស់វា បាននាំយករូបភាពពីអតីតកាល អំឡុងសម័យសិក្សារបស់លោកមកវិញ»។
ច្រៀកជាបន្ទះៗ ដែលមានទម្ងន់១០០ក្រាម ត្រីបាឡែននេះ មានតម្លៃ ៥៩៩ យេន ឬស្មើនឹង ៥,៥៣ដុល្លារ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកក្កដាកន្លងទៅ ជប៉ុន បានចាប់ផ្ដើមការនេសាទត្រីបាឡែនឡើងវិញ បន្ទាប់ពីអាក់ខានបីទសវត្សរ៍កន្លងទៅ ពោលគឺចាប់ផ្តើមពីឆ្នាំ១៩៨៨ មកម្ល៉េះ។ ការចាប់ផ្ដើមនេសាទត្រីសមុទ្រមួយនេះ ធ្វើឡើងក្រោយជប៉ុនដកខ្លួនចេញពីគណៈកម្មការត្រីបាឡែនអន្តរជាតិ (IWC) ដែលជាសមាជិកតាំងពីឆ្នាំ១៩៥១ មក៕
© រក្សាសិទ្ធិដោយ thmeythmey.com