ជាតិ
សង្គមជាតិ
យុវជន សួង នាគព័ន្ធ ត្រូវជាប់ឃុំពីបទញុះញង់ ព្រោះផ្សាយខិត្តប័ណ្ណថា «បញ្ឈប់ការសម្លាប់ក្រៅប្រព័ន្ធច្បាប់»
12, Jul 2019 , 4:06 pm        
រូបភាព
យុវជន សួង នាគព័ន្ធ ស្ថិតក្នុងឡាន ពេលសមត្ថកិច្ច ដឹកចេញពីតុលាការភ្នំពេញ យកទៅឃុំនៅពន្ធនាគារ
យុវជន សួង នាគព័ន្ធ ស្ថិតក្នុងឡាន ពេលសមត្ថកិច្ច ដឹកចេញពីតុលាការភ្នំពេញ យកទៅឃុំនៅពន្ធនាគារ
យុវជន សួង នាគព័ន្ធ ត្រូវជាប់ចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ក្រោយពីបានផ្សព្វផ្សាយខិត្តប័ណ្ណ ដែលសរសេរថា «បញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់» នៅក្នុងថ្ងៃរម្លឹកខួបបីឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។



ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចយកយុវជន សួង នាគព័ន្ធ ទៅឃុំនៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ លោក សំ សុគង់ មេធាវីរបស់យុវជន សួង នាគព័ន្ធ បកស្រាយថា ការចែកខិត្តប័ណ្ណ និងការទៅប្រមូលផ្តុំគ្នាដើម្បីរម្លឹកខួបនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី មិនមែនជាបទល្មើសទេ តែ វា ជាសិទ្ធិបញ្ចេញមតិ និងជាសិទ្ធិប្រមូលផ្តុំ។

លោកមេធាវីប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា នៅសប្តាហ៍ក្រោយ លោក នឹងដាក់សំណើទៅចៅក្រមស៊ើបសួរ ដើម្បីសុំឲ្យកូនក្តីរបស់លោក នៅក្រៅឃុំជាបណ្តោះអាសន្ន។ «ក្នុងនាមខ្ញុំជាមេធាវី ខ្ញុំ មិនអាចទទួលយកបានទេចំពោះការសម្រេចឃុំខ្លួននេះ»។

យុវជន សួង នាគព័ន្ធ រួមទាំងយុវជនពីររូបទៀត គឺ ជុំ ហួត និង ជុំ ហួរ (បងប្អូនភ្លោះ) ត្រូវចាប់ខ្លួននៅស្តារម៉ាតស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ពេលពួកគេ និងពលរដ្ឋមួយចំនួន ទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី។ ប៉ុន្តែ យុវជន ជុំ ហួត និង ជុំ ហួរ ត្រូវបានដោះលែងវិញ ក្រោយរកឃើញថា ពួកគេ ពុំបានផ្សព្វផ្សាយខិត្តប័ណ្ណនោះឡើយ។  

ចំណែក យុវជនម្នាក់ទៀត ឈ្មោះ គង់ រ៉ៃយ៉ា ក៏រងពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ដែរ។ យុវជន គង់ រ៉ៃយ៉ា រងបទចោទ ដោយសារអំពាវនាវលក់អាវយឺតតាមបណ្តាញសង្គម ដែលអាវទាំងនោះ មានរូបនិងទ្រឹស្តីរបស់លោកបណ្ឌិត កែម ឡី។ យុវជនរូបនេះ ត្រូវយកទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារព្រៃសដូចគ្នា៕

អត្ថបទទាក់ទង

Tag:
 សួង នាគព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com