ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក មិន​ឆ្លងទៅ​មនុស្ស​ទេ
ជាតិ
សង្គមជាតិ
សុខភាព
ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក មិន​ឆ្លងទៅ​មនុស្ស​ទេ
13, Jul 2019 , 12:05 pm        
រូបភាព
លោកយី សេងឌឿន អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល នាសន្និសីទសារព័ត៌មាន
លោកយី សេងឌឿន អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល នាសន្និសីទសារព័ត៌មាន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក គឺ​មិន​ឆ្លង​ដល់​មនុស្ស​ទេ​។ ជំងឺ​នេះ​គឺ​កើតឡើង​តែ​ចំពោះ​សត្វ​ជ្រូក​ប៉ុណ្ណោះ មិន​ថា​ជ្រូកស្រុក​ឬ ជ្រូកព្រៃ​។ នេះ​ជាការ​អះអាង​របស់លោក​យី សេង​ឌឿ​ន អនុប្រធាននាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​។​

 
​មន្ត្រី​ជំនាញ​រូបនេះ បាន​បកស្រាយ​ជុំវិញ​មូលហេតុ​នៃ​ការមិន​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​ដល់​មនុស្ស នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​បញ្ហា​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​» ដែល​ធ្វើឡើង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៩ ដូច្នេះ​៖ «​តាមបែប​វិទ្យាសាស្ត្រ​ដែល​ជំងឺ​នេះ​មិន​ឆ្លង​ដល់​មនុស្ស​យើង គឺ​វា​ទាក់ទង​នឹង​ភា្ន​ក់​ងារ ក្នុង​ខ្លួន​មនុស្ស​យើង​មិន​ចាប់យក​មេរោគ​នៃ​ជំងឺប៉េស្ត​ជ្រូក​នេះ​។ កាលណា​ភ្នាក់ងារ​ក្នុង​ខ្លួន​មនុស្ស​មិន​ចាប់យក​មេរោគ​ប៉េស្ត​នេះ ទោះជា​មេរោគ​នេះ​ចូលក្នុង​ខ្លួន​មនុស្ស​យើង​ក៏ដោយ ក៏​មេរោគ​នេះ​អាច​ងាប់​នៅក្នុង​ខ្លួន​មនុស្ស​យើង ឬ​បញ្ចេញ​ចោល​តាមរយៈ​លាមក​មនុស្ស​»​។​
 
​វីដេអូ​៖ លោក​យី សេង​ឌឿ​ន អនុប្រធាននាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​។​

 
 
​លោក​យី សេង​ឌឿ បានបញ្ជាក់​ទៀតថា តាមរយៈ​អង្គការ​សុខភាព​ពិភពលោក​(WHO)​និង​អង្គការ​សុខភាព​សត្វ​ពិភពលោក ពពួក​មេរោគ​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ គឺ​មិន​ស្ថិតនៅ​ក្នុងចំណោម​ពពួក​មេរោគ​ដែល​ស្ថិតនៅក្នុង​ខ្លួន​មនុស្ស ឬ​ឆ្លង​ដល់​មនុស្ស​នោះទេ​។ 
 
​គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៩​នេះ ខេត្ត​ដែល​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ​ក រួមមាន រតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង កណ្តាល ដែល​បណ្តាល​ឲ្យ​ងាប់​ជ្រូក​សរុប​ប្រមាណ​២៥០០​ក្បាល​។ នេះ​ជាការ​លើកឡើង​របស់លោក​តាន់ ផាន់​ណា​រ៉ា  អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម​។ លោក បញ្ជាក់ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បង្កឡើង​ដោយ​វីរុស ដោយ​មិនទាន់មាន​វ៉ាក់សាំង​ការពារ​នៅឡើយ​ទេ ប៉ុន្តែ​ជំងឺ​នេះ មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ឡើយ​៕


ប្រភពរូប បានពីទំព័រហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខប្រម៉ាញ និងនេសាទ

អត្ថបទទាក់ទង

Tag:
 សុខភាព សង្គម​
  ជ្រូក​
  ប៉េស្ត
© រក្សាសិទ្ធិដោយ thmeythmey.com