ជាតិ
សង្គមជាតិ
ឆមាសទី១នេះ ករណីគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍កើនឡើង វត្តមានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លុវគោក ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ ឆ្នាំ២០១៩ (2)
× ភ្នំពេញ៖ នាកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាថ្ងៃទី១៧ ខែកក្កដានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញរបាយការណ៍ឲ្យដឹង ករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ និងអ្នករបួស បានកើនឡើង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
បើប្រៀបធៀបទៅនឹងឆ្នាំមុន នាឆមាសទី១ឆ្នាំ២០១៩នេះ ករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួនចំនួន៥២៨លើក (ស្មើ៣៣ភាគរយ) ចំនួនអ្នកស្លាប់កើនឡើង១០៣នាក់ (ស្មើ១១ភាគរយ) និងអ្នករបួសកើនឡើង៨២៥នាក់ (ស្មើ៣៤ភាគរយ)។
របាយការណ៍បានលើកឡើងពីមូលហេតុដែលនាំឲ្យបង្កគ្រោះថ្នាក់គឺបណ្តាលមកពី កត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កាន់តែចង្អៀត ដោយតម្រូវការដឹកជញ្ជូនក៏មានការកើនឡើង និងកង្វះការគ្រប់គ្រងទ្រូងផ្លូវ និងចិញ្ចើម ការបំពាក់បរិក្ខាសុវត្ថិភាពមិនគ្រប់គ្រាន់ ដែលនាំឲ្យមានការកកស្ទះ និងមានគ្រោះថ្នាក់។
របាយការណ៍ដដែលបានបញ្ជាក់ថា កង្វះគុណភាពអ្នកបើកបរ និងគុណភាពនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងការគ្រប់គ្រងយានដ្ឋានជួសជុល កែច្នៃ ដំឡើងយានយន្ត មិនទាន់មានគុណភាពខាងបច្ចេកទេស ក៏ជាហេតុនាំឲ្យបង្កគ្រោះថ្នាក់ចរាចរណ៍កើតឡើងផងដែរ។
ជាទូទៅគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារតែអ្នកបើកបរមិនគោរពច្បាប់ ដោយបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ វ៉ាជែងប្រថុយប្រថាន បត់មិនប្រុងប្រយ័ត្ន បើកបរទាំងស្រវឺង និងងងុយ។
បើតាមរបាយការណ៍ដដែល គ្រោះថ្នាក់ចរាចរណ៍នៅពេលយប់នៅរាជធានីភ្នំពេញមានដល់ទៅ៧២ភាគរយ ដោយអ្នកស្លាប់ភាគច្រើនជាអ្នកជិះម៉ូតូដែលមានរហូតដល់ ៧៦ភាគរយ ក្នុងនោះមិនពាក់មួកសុវត្ថិភាពចំនួន៧៩ភាគរយ។ គេសង្កេតឃើញថា អ្នកបង្កគ្រោះថ្នាក់ គឺជាអ្នកបើកបរម៉ូតូចំនួន៥០ភាគរយ អ្នកបើកបររថយន្តធុនស្រាលចំនួន ៣០ភាគរយ និងអ្នកបើកបររថយន្តធុនធ្ងន់ចំនួន២០ភាគរយ។
នាថ្ងៃទី១៣ ខែកក្កដា សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់វិធានការច្បាប់ចរាចរណ៍ ជាពិសេសពាក់ព័ន្ធនឹងអ្នកពាក់មួកសុវត្ថិភាព ដោយលោកព្រមានថា បើអ្នកជិះម៉ូតូ ហើយមិនពាក់មួក គឺប៉ូលិសមានភារកិច្ចឃាត់អ្នកមិនឲ្យធ្វើដំណើរតទៅទៀត និងសូមឲ្យអ្នកបើកបររកមួកសុវត្ថិភាពមកពាក់ ឬតម្រូវឲ្យទិញមួកសុវត្ថិភាពមកពាក់ បានឲ្យបន្តដំណើរទៀត។ បើករណីអ្នកបើកបរអត់មានលុយ សមត្ថកិច្ចនឹងឲ្យធ្វើកិច្ចសន្យាពាក់មួក ថតរូបទុកទើបអនុញ្ញាតឲ្យបន្តដំណើរ៕
© រក្សាសិទ្ធិដោយ thmeythmey.com