ជាតិ
សង្គមជាតិ
សម្តេច ស ខេង បញ្ជា​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត ចុះ​ពិនិត្យ​គុណភាព​សំណង់​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​
18, Jul 2019 , 10:55 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត ដឹកនាំ​មន្ត្រី​ជំនាញ​ពិនិត្យ​រាល់​ការដ្ឋាន​សំណង់ នៅក្នុង​ដែន​សមត្ថកិច្ច​ខ្លួន ដើម្បី​បញ្ជាក់ថា ការសាងសង់​ណា​មាន ឬ​គ្មាន​លិខិតអនុញ្ញាត ឬ​សង់​ខុស​បច្ចេកទេស​។


 
​បញ្ជា​នេះ​ត្រូវបាន​ដាក់ចេញ ក្រោយ​ក្រសួងមហាផ្ទៃ សង្កេតឃើញ​មាន​សំណង់​អគារ​ខ្លះ សាងសង់​គ្មាន​លិខិតអនុញ្ញាត និង​ខុស​បច្ចេកទេស ដែល​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ ឬ​ហានិភ័យ​ផ្សេងៗ និង​ប៉ះពាល់​ដល់​សោភ័ណភាព សណ្តាប់ធ្នាប់​ទីសាធារណៈ​។​


 
​សម្តេច ស ខេង កាលពី​ថ្ងៃទី​១៦ កក្កដា បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ពង្រឹង​ការត្រួតពិនិត្យ​សំណង់ ដើម្បី​ធានាបាន​ថា សំណង់​អគារ​ណា​គ្មាន​លិខិតអនុញ្ញាត ឬ​ខុសពី​លិខិតអនុញ្ញាត ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ តាមរយៈ​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ សម្តេច ស ខេង ក៏បាន​រម្លឹក​មន្ត្រី​ជំនាញ ឲ្យ​ព​ន្លឿ​ន​ការផ្តល់​លិខិតអនុញ្ញាត​សាងសង់ ទៅ​ម្ចាស់​សំណង់​ឲ្យ​បាន​ឆាប់ ស្របតាម​គោលការណ៍ បែបបទ និង​នីតិវិធី​កំណត់​។ 
 
​សម្តេច ស ខេង បញ្ជាក់​ដូច្នេះ​៖«​ដើម្បី​ធានាបាន​សំណង់​អគារ​ដែលមាន​គុណភាព ក្រុម​អ្នកពាក់ព័ន្ធ ត្រូវ​ផ្តល់​សេវា​លើ​វិស័យ​សំណង់​នៅតាម​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមាន​យន្តការ​ច្រកចេញចូល​តែមួយ​។ ជាពិសេស ត្រូវ​អប់រំ ផ្សព្វផ្សាយ​ដល់​ម្ចាស់​សំណង់ ឲ្យ​បាន​យល់ដឹង និង​គោរព​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់ សុវត្ថិភាព​ក្នុងការ​សាងសង់​សំណង់ និង​ផលវិបាក​នៃ​ការសាងសង់​ដែល​មិន​គោរព​ច្បាប់ និង​បទដ្ឋាន​បច្ចេកទេស​សំណង់​»​។​
 
​សូមជម្រាបថា ចាប់ពី​ឆ្នាំ​២០០០ ដល់​ឆមាស​ទីមួយ ឆ្នាំ​២០១៩ ក្រសួង​រៀបចំ​ដែនដី បានចេញ​លិខិតអនុញ្ញាត​សាងសង់ចំនួន ៤៥,៦០៥​ គម្រោង ដែលមាន​ផ្ទៃ​សាងសង់​ជាង ១២០ លាន      ​ម៉ែត្រក្រឡា ជាមួយនឹង​តម្លៃ​វិនិយោគ​ប៉ាន់ស្មាន​ជាង ៤៥ ​ពាន់​លាន​ដុល្លារ​។ ដោយឡែក ក្នុង​ឆ្នាំ២០១៨ កម្ពុជា​បានផ្តល់​ការអនុញ្ញាត លើ​គម្រោង​សាងសង់​ចំនួន ២,៨៦៧​ គម្រោង មានតម្លៃ​ប្រមាណ ៥,២២៨ លាន​ដុល្លារ​៕

Tag:
 ស ខេង​
 ​អគារ​
 ​សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com