ជាតិ
រថយន្ត
យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​លើ​អ្នកបើកបរ ចាប់ផ្ដើម​អនុវត្ត​នៅ​ថ្ងៃទី​២២ កក្កដា
22, Jul 2019 , 8:39 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុក លោក ស ថេត ( លោក ស ថេត កំពុងពាក់មួកឲ្យអ្នកបើកបរ )
រូបភាពពីទំព័រហ្វេសប៊ុក លោក ស ថេត ( លោក ស ថេត កំពុងពាក់មួកឲ្យអ្នកបើកបរ )
​ភ្នំពេញ​៖ កម្លាំង​នគរបាល ចាប់ផ្ដើម​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​លើ​អ្នកបើកបរ នៅ​ថ្ងៃទី​២២ កក្កដា ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​។ យុទ្ធនាការ​នេះ ធ្វើឡើង​បន្ទាប់ពី​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បញ្ជា​ឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ និង​ឃាត់​អ្នកបើកបរ​គ្មាន​មួកសុវត្ថិភាព​ទុក ដោយ​មិន​ឲ្យ​ពិន័យ​ដូច​មុន​ឡើយ​។​

 
​លោក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ចរាចរណ៍​តាម​ដងផ្លូវ​នោះ បាន​រំឭកថា អ្នកជិះ​ម៉ូតូ​គ្មាន​មួកសុវត្ថិភាព ត្រូវ​ឃាត់​ម៉ូតូ​ទុក​រហូត​ទាល់តែ​មាន​មួក ទើប​អនុញ្ញាត​ឲ្យ​យក​ម៉ូតូ​ទៅ​អ្នកបើកបរ​វិញ​។​
 
​ទន្ទឹមនឹងនេះ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្ដើម​ត្រួតពិនិត្យ រក​សារធាតុ​ញៀន​និង​ជាតិ​ស្រវឹង ទៅលើ​អ្នកបើកបរ​ម៉ូតូ​និង​រថយន្ត​ផងដែរ ហើយ​ប្រសិនបើ​រកឃើញ​សារធាតុ​ញៀន​និង​ជាតិ​ស្រវឹង​នោះ ត្រូវ​បញ្ជូនទៅ​មណ្ឌល​អប់រំ​និង​កែប្រែ​។ នេះ​បើតាម​ការសរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក ស ថេត នៅ​ថ្ងៃទី​២២​កក្កដា ឆ្នាំ​២០១៩​។​
 
​បន្ថែម​ពីនេះ​លោក ស ថេត អំពាវនាវ​ឲ្យ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើជា​គំរូ​ដល់​ពលរដ្ឋ ដោយ​ពាក់មួក​សុវត្ថិភាព​ជានិច្ច​នៅពេល​បើកបរ​។​
 
​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​កន្លងមក បាន​បង្ហាញថា ក្នុងចំណោម​អត្រា​អ្នកស្លាប់​នៃ​គ្រោះថ្នាក់​ចរាចរណ៍ មាន​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​៨០​ភាគរយ​៕
 

Tag:
 រាជធានី​ភ្នំពេញ​
  រឹតបណ្តឹង​អ្នកបើកបរ
© រក្សាសិទ្ធិដោយ thmeythmey.com