កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ប្រដូច Thurman ទៅ Margarito ខណៈ Thurman សរសើរ Pacquiao ថាវ៉ៃលឿន Manny Pacquiao (ឆ្វេង) វាយទៅលើមុខរបស់ Keith Thurman នាជំនួបដណ្តើមខ្សែក្រវាត់ WBA super world welterweight នៅ Las Vegas។ Pacquiao ឈ្នះក្រោយប្រកួត១២ទឹកពេញ។ រូបថត AFP
× Manny Pacquiao សារភាពថា Keith Thurman ជាគូប្រកួតដ៏ស្វិតស្វាញបំផុតមិនធ្លាប់ជួបពីមុនមក ក្រោយការប្រកួតដណ្តើមខ្សែក្រវាត់ WBA Super Welterweight នៅសង្វៀន MGM Grand Garden Arena ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។ Pacquiao ថែមទាំងសរសើរ Thurman ថាមានកម្លាំងខ្លាំងក្លានិងមានរបៀបវាយដូច Antonio Margarito ដែលខ្លួនបានផ្តួលកាលពី៩ឆ្នាំមុន។
កំពូលអ្នកប្រដាល់ហ្វីលីពីនវ័យ ៤០ ឆ្នាំរូបនេះ បានបង្កើតកំណត់ត្រាថ្មីមួយទៀតក្នុងអាជីពតាមរយៈការផ្តួលអ្នកប្រដាល់មិនស្គាល់ចាញ់ Keith Thurman ដែលមានអាយុប្អូនខ្លួនដល់ទៅ១០ឆ្នាំដើម្បីគ្រងខ្សែក្រវាត់ Super Welterweight និងជាខ្សែក្រវាត់ទី១៣លំដាប់ពិភពលោកផងដែរ។
នេះជាជ័យជម្នះទី ៦២ របស់ Pacquiao ក្នុងចំណោមការឡើងសង្វៀនសរុបទាំង ៧១លើកចាប់តាំងពីប្រកបអាជីពនេះរយៈពេល ២៤ ឆ្នាំមក។ ស្តេចប្រដាល់អាស៊ីរូបនេះ សារភាពថានេះជាការបង្ហាញខ្លួនដ៏ល្អបំផុងរបស់ខ្លួន ចាប់តាំងពីការឈ្នះ Antonio Margarito កាលពីឆ្នាំ ២០១០។
«នេះជាជំនួបដ៏អស្ចារ្យ។ គូប្រជែងរបស់ខ្ញុំគឺជាអ្នកប្រយុទ្ធដ៏ល្អម្នាក់ ហើយគាត់ពិតជារឹងមាំណស់។ ខ្ញុំគិតថា Thurman ធ្វើបានល្អបំផុត ហើយខ្ញុំក៏ធ្វើបានល្អបំផុតដូចគ្នា។ ខ្ញុំជឿជាក់ថាយើងបានធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តនៅជំនួបនេះ ព្រោះវាជាការប្រកួតដ៏ល្អមួយ»។ នេះជាការលើកឡើងរបស់ Pacquiao។ សមាជិកព្រឹទ្ធសភាហ្វីលីពីនបន្ថែមថា Thurman ពិតមានរបៀបវាយ និងកម្លាំងខ្លាំងដូច Margarito ណាស់។
ចំណែក Thurman វ័យ៣០ឆ្នាំ ដែលខកខានឡើងសង្វៀនជិន២ឆ្នាំ បានរបូតខ្សែក្រវាត់ WBA Supr Welterweight ដែលខ្លួនដណ្តើមបានកាលពីឆ្នាំ២០១៥ និងជាការចាញ់លោកដំបូងរបស់គេផងដែរ។ បរាជ័យនេះអ្នកប្រដាល់អាមេរិកសារភាពថាខ្លួនមិនអាចទប់ទល់នឹងកណ្តាប់ដៃដ៏ខ្លាំងខ្លារបស់ Pacquiao បានទេ។
«គាត់ (Pacquiao) វាយបានលឿន និងចំចំណុច។ ខ្ញុំមិនគិតថាបានបញ្ចប់ទឹកទី១២ផង។ នៅទឹក៧ ខ្ញុំស្ទើរតែបាត់បង់ការគ្រប់គ្រងទៅហើយ ប៉ុន្តែខ្ញុំនៅតែអាចឆ្លងផុត»។ នេះជាការបញ្ជាក់របស់ Thurman។
តាមស្ថិតិពិន្ទុក្រោយការប្រកួត Pacquiao បានយកឈ្នះ Thurman ក្នុងលំដាប់ពិន្ទុ ១១៥-១១២ ១១៣-១១៥ និង១១៥-១១២៕
Tag:
ប្រដាល់
Manny Pacquiao
Keith Thurman
© រក្សាសិទ្ធិដោយ thmeythmey.com