គ្រឿងញៀន​៖ លោក នេ​ត សាវឿន ក្រើនរំឭក​ចៅហ្វាយខេត្ត​៩ រូប ដែល​មិនទាន់​អនុវត្តតាម​បញ្ជា​សម្ដេច ស ខេង​
ជាតិ
សង្គមជាតិ
គ្រឿងញៀន​៖ លោក នេ​ត សាវឿន ក្រើនរំឭក​ចៅហ្វាយខេត្ត​៩ រូប ដែល​មិនទាន់​អនុវត្តតាម​បញ្ជា​សម្ដេច ស ខេង​
22, Jul 2019 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ អភិបាលខេត្ត​៩​រូប មិនទាន់​អនុវត្តតាម​បញ្ជា​របស់​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើ​ករណី​បង្ក្រាប​គ្រឿងញៀន​នៅឡើយ​ទេ​។ នេះ​ជាការ​លើកឡើង​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​

 
​លោក នេ​ត សាវឿន បាន​សរសេរ​លិខិត​ក្រើនរំឭក​ដល់​អភិបាលខេត្ត​ទាំង ៩​នាក់​នេះ​រួចហើយ ដើម្បី​ឲ្យ​អនុវត្ត​វិធានការ​បង្ក្រាប​គ្រឿងញៀន តាម​បញ្ជា​របស់​សម្ដេច ស ខេង ។ ប៉ុន្តែ​លោក​មិនបាន​បង្ហើប​ឈ្មោះ​ថ្នាក់ដឹកនាំ​ខេត្ត​ទាំង​នោះទេ​។​



 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ស្តីពី​យុទ្ធនា​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម នា​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ នេះ អគ្គស្នងការ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​កិច្ចការ​ទី​១ យើង​ត្រូវ​លុបបំបាត់​គ្រឿងញៀន​តាម​ក្លិប​កម្សាន្ត ។​នេះ​ខ្ញុំ​សូម​រម្លឹក ផ្ដាំផ្ញើ​តាម​អ្នកកាសែត អ្នកសារព័ត៌មាន​បន្ថែ​ម តែ​សូមកុំ​សួរ​ខ្ញុំ ថា​ខេត្ត​ទាំង​៩​នោះ​មាន​ខេត្ត​ណាខ្លះ ខ្ញុំ​មិន​ប្រាប់​ទេ ព្រោះនេះ​ទុក​មុខ​ជូន​ខេត្ត​»​។​
 
​អគ្គស្នងការ​នគរបាល​ជាតិ​រូបនេះ បាន​បន្ថែមថា ការ​នាំចូល​គ្រឿងញៀន​មក​ក្នុងប្រទេស​កម្ពុ​ជាមាន ៣ ច្រក មានដូចជា​ផ្លូវអាកាស​, ការផ្ញើ​តាម​ប្រៃសណីយ៍ (​ទឹក​) និង​ផ្លូវគោគ​។ បើតាម​ការប៉ាន់ស្មានរ​ប​ស់លោក នេ​ត សាវឿន គ្រឿងញៀន​ដែល​ចូល​តាមផ្លូវ​អាកា​សមាន​ប្រមាណ ១០ ភាគរយ​, តាម​បញ្ញើ​ប្រៃសណីយ៍​មាន​២០​ភាគរយ និង​តាម​ផ្លូវគោក​៧០​ភាគរយ​។​
 
អត្ថបទទាក់ទង
 
​កាលពី​ខែឧសភា​កន្លងមក​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់​ចេញ​បញ្ជា​ឲ្យ​មន្ត្រី និង​កងកម្លាំង​ទាំងអស់ ចុះបង្ក្រាប​ករណី​គ្រឿងញៀន​នៅតាម​បណ្ដា​ក្លិប និង​ទីតាំង​កម្សាន្ត​ទូទាំងប្រទេស​ឲ្យ​អស់ នៅត្រឹម​ឆ្នាំ​២០១៩​នេះ​។​
 
​ប្រមុខ​ក្រសួងមហាផ្ទៃ​រូបនេះ បាន​ព្រមាន​ថា បិទ ឬ​រឹបអូស ទីតាំង​ក្លិប និង​ទីកន្លែង​កម្សាន្ត​ណា ដែល​នៅ​បន្ត​លួចលាក់​ប្រើប្រាស់​គ្រឿងញៀន​ផងដែរ ក្នុងករណី​សមត្ថកិច្ច​បង្ក្រាប​ម្ដង​ជា​ពីរដង​ហើយ​នៅតែ​មិន​រាងចាល​។ បើតាម​សម្ដេច ស ខេង ទីតាំង​កន្លែង​កម្សាន្ត​ដែល​លួចលាក់​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នេះ គឺជា​កន្លែង​ដែល​បំពុល និង​ពង្វក់ស្មារតី​យុវជន​ឲ្យ​ដើរ​ផ្លូវខុស ហើយ​បំផ្លាញ​អនាគត​ពួកគេ ។​
 
​កាលពីដើមឆ្នាំ​២០១៩​នេះ សមត្ថកិច្ច បាន​បង្ក្រាប​ក្លិប​កម្សាន្ត​រ៉ក និង​ក្លិប ម៉ៃ អា​មី ជាដើម ដោយបាន​ឃាត់ខ្លួន​មនុស្ស​រាប់រយ​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន​ទៀតផង​។​
 
​កន្លងមក​សម្តេច ស ខេង រដ្ឋមន្ត្រី​មហាផ្ទៃ ធ្លាប់បាន​អះអាងថា ច្រកព្រំដែន​ខេត្តព្រះវិហារ​និង​ខេត្តស្ទឹងត្រែង គឺជា​ច្រកព្រំដែន​ដ៏​ធំ ដែល​ឈ្មួញ​ទុច្ចរិត លួច​នាំ​គ្រឿងញៀន​ពី​ថៃ​និង​ឡាវ ចូលមក​កម្ពុជា​។ រដ្ឋមន្ត្រី​មហាផ្ទៃ បាន​ប្រាប់​អភិបាលខេត្ត​ទាំងពីរ​នេះ ឲ្យ​យកចិត្ត​ទុក​ក្នុងការ​ទប់ស្កាត់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម