ជាតិ
សង្គមជាតិ
សាន ដា​រ៉ា​វីត ជឿថា ក្រុម​របស់លោក​អាច​ប្រមូល​កន្ទុយបារី​ដល់​ជិត​១​លាន​ដើម​នៅតាម​ឆ្នេរ​
23, Jul 2019 , 10:06 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ យុវជន សាន ដា​រ៉ា​វីត និង​មិត្តភក្តិ​របស់ខ្លួន​មួយចំនួន បាន​បង្កើត​កម្មវិធី​ប្រកួតប្រជែង​គ្នា (Challenge) នៅ​ខេត្ត​ព្រះសីហនុ តាមរយៈ​ការ​រើស​កន្ទុយបារី​តាម​ឆ្នេរ​ដាក់ចូល​ក្នុង​ដប​ទឹក​សុទ្ធ​។ ក្រុមយុវជន​ដែល​គេ​និយម​ហៅថា «​យុវជន​សំរាម​» បានចាប់ផ្តើម​សកម្មភាព​របស់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា នៅ​ឆ្នេរ​អូរ​ឈើទាល​។ មិន​ដល់​២​ថ្ងៃ​ផង ពួកគេ​ប្រមូលបាន​កន្ទុយបារី​ដល់​ទៅ​ជាង​៥០០០​ដើម ហើយ​គិតថា កន្ទុយបារី​ដែល​ត្រូវ​ប្រមូល​មាន​យ៉ាងហោចណាស់​ជិត​១​លាន​។​

 
​នៅតាម​ឆ្នេរសមុទ្រ អូរ​ឈើទាល ជា​គោលដៅ​ដំបូង​គេ​បង្អស់ ដែល​ក្រុមយុវជន «​សំរាម​» ប្រមូល​កន្ទុយបារី​ប្រមាណ​៥០០០​កន្ទុយបារី​ដែល​គេ​បោះចោល​នៅតាម​ឆ្នេរសមុទ្រ​។  លោក ដា​រ៉ា​វីត ដែលជា​ប្រធាន​ក្រុម និង​ត្រូវបាន​គេ​ស្គាល់​ច្បាស់​តាមរយៈ​សកម្មភាព​ប្រមូល​សំរាម​នៅ​បឹងត្របែក បាន​បញ្ជាក់ថា​៖«​នៅតាម​ឆ្នេរ​មាន​សំរាម​ច្រើន​ប្រភេទ​ណាស់​ដែល​គេ​នាំគ្នា​សំអាត ប៉ុន្តែ​កន្ទុយបារី​មិនសូវ​ជាមាន​អ្នកណា​គេ​រវល់​ឡើយ ដូច្នេះ​យើង​ក៏​ចាប់ផ្តើម​រើស​វា ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ឆ្នេរ​ខ្សាច់ ដែល​នាំ​ឲ្យ​ហូរ​ចូលក្នុង​សមុទ្រ ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ផ្សេងៗ​កើតឡើង​»​។ 
 
​លោក ដា​រ៉ា​វីត អះអាងថា ក្រុម​របស់លោក​នឹង​បន្តសកម្មភាព​រើស​កន្ទុយ​បារី​នេះ​ឲ្យ​អស់ពី​ឆ្នេរសមុទ្រ​។ ប្រធាន​ក្រុមយុវជន​សំរាម​រូបនេះ បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន ThmeyThmey ថា ថ្វី​ដ្បិត​លោក​ជាប់រវល់​នឹង​កិច្ចការងារ​បង្កើត​ហាង​កាហ្វេ​សំរាម ប៉ុន្តែ​លោក​ក៏​មិន​ចោល​កិច្ចការងារ​រើស​សំរាម​ឡើយ​។  
 
«​ពួកយើង​នឹង​បន្ត​រើស​សំរាម​ដែលមាន​នៅតាម​ឆ្នេរសមុទ្រ​យ៉ាងហោច​ក្នុង​មួយ​សប្តាហ៍​ម្តង​ផងដែរ​»​។ នេះ​ជាការ​អះអាង​របស់លោក ដា​រ៉ា​វីត ស្រប​ពេលដែល​អភិបាល​ថ្មី​នៃ​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បានដាក់​ចេញ​នូវ​យុទ្ធនាការ​សម្អាត​ក្រុង​កំពង់ផែ​មួយ​នេះ​៕ 
 
 










សកម្មភាព​ក្រុម​យុវជន​សំរាមដែលប្រមូល​កន្ទុយ​បារី​នៅ​តាម​ឆ្នេរសមុទ្រ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២១​ ខែ​កក្កដា


កន្ទុយ​បារីដែល​ក្រុមយុវជន​ប្រមូលដាក់ចូល​ដប​ទឹក ​នៅ​ឆ្នេរអូរឈើទាល កាលពីថ្ងៃទី២១​ ខែកក្កដា


Tag:
 យុវជន​
 ​សំរាម​
 ​បារី​
 ​សមុទ្រ​
 ​សាន ដា​រ៉ា​វីត
© រក្សាសិទ្ធិដោយ thmeythmey.com