ជាតិ
មុន​មកដល់​កម្ពុជា សំរាម​ប្លា​ស្ទិ​ក បាន​ឆ្លងកាត់​សិង្ហ​បុរី ម៉ាឡេស៊ី និង​វៀតណាម​
30, Jul 2019 , 5:52 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ យ៉ាងយូរ​ត្រឹម​ថ្ងៃទី​២៤ សីហា ក្រុមហ៊ុន Chungyuen Plastic Manufacture ត្រូវ​ដឹក​សំរាម​ចេញពី​កម្ពុជា​វិញ​ឲ្យ​អស់​។ នេះ​បើតាម​ការដាក់កំហិតរ​បស់​រដ្ឋាភិបាល ដែល​បានបញ្ជាក់​ជាថ្មី​ថា កាកសំណល់​ប្លា​ស្ទិ​ក​ជិត​១៦០០​តោន​នោះ មាន​ប្រភព​មកពី​អាមេរិក និង​កាណាដា​។​

 
​កាកសំណល់​ប្លា​ស្ទិ​ក​ចំនួន​៨៣ កុងតឺន័រ ទម្ងន់​១,៥៩២​តោន ត្រូវបាន​នាំចូល​កម្ពុជា តាម​នាវា​ដឹកជញ្ជូន​ចំនួន​២៧​លើក ហើយ​បាន​ចត​នៅ​ទីលាន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។ កាកសំណល់​ប្លា​ស្ទិ​ក​ទាំងនេះ បាន​នាំចូល​កម្ពុជា កាលពី​ថ្ងៃទី​១ កញ្ញា ឆ្នាំ​២០១៨ និង​ចុងក្រោយ​ខែមករា ឆ្នាំ​២០១៩​។ មុននឹង​មកដល់​កម្ពុជា សំរាម​ប្លា​ស្ទិ​ក​ទាំង​៨៣​កុងតឺន័រ​នេះ បាន​ឆ្លងកាត់​កំពង់ផែ​សិង្ហ​បុរី ២២​ជើង ម៉ាឡេស៊ី​២​ជើង និង​វៀតណាម​៣​ជើង​។ នេះ​បើតាម​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​បានធ្វើ​សន្និសីទកាសែត នៅ​ថ្ងៃទី​៣០ កក្កដា​។​


 
​លោក គុណ ញឹម បាន​បញ្ជាក់ថា ក្នុងចំណោម​កុងតឺន័រ​ទាំង​៨៣​នេះ មានការ​នាំចេញ​ប្លា​ស្ទិ​ក​១,៣២២​តោន ពី​អាមេរិក តាម​កុងតឺន័រ​ចំនួន​៧០ និង​១៣​កុងតឺន័រ ដែលមាន​ផ្ទុក​កាកសំណល់​២៧០​តោន ពី​កាណាដា​។​
 
«​តាម​ការពិនិត្យ​ដោយ​ឧបករណ៍​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា និង​ដោយ​ឧបករណ៍​មន្ទីរពិសោធន៍​របស់​ក្រសួងបរិស្ថាន ទំនិញ​ជា​កាកសំណល់​ប្លា​ស្ទិ​ក​នោះ មិនមាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​ផ្សេង​ឡើយ​»​។ នេះ​បើតាម​លោក គុណ ញឹម​។​
 
​ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ថ្ងៃទី​៣០ កក្កដា​នេះ លោក គុណ ញឹម បាន​បញ្ជាក់ថា រដ្ឋាភិបាល បានដាក់​កំហិត​ឲ្យ​ក្រុមហ៊ុន Chungyuen នាំ​កាកសំណល់​ប្លា​ស្ទិ​ក​ចេញពី​កម្ពុជា នៅត្រឹម​ថ្ងៃទី​២៤ សីហា ដោយ​ក្រុមហ៊ុន​នេះ ត្រូវ​រង​ពិន័យ​ជាង​១​ពាន់​លាន​រៀល ស្មើ​ជាង​២៥​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ​។ 
 
«​ក្នុងករណី​ក្រុមហ៊ុន​ខកខាន​មិនបាន​អនុវត្ត​នូវ​ចំណុច​ទាំង​៣ (​នាំចេញ​កាកសំណល់​ពី​កម្ពុជា និង​បង់ប្រាក់​ពិន័យ​) អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នឹង​បន្ត​ចាត់វិធានការ​តាមផ្លូវ​តុលាការ​ស្របតាម​ច្បាប់​ជា​ធរមាន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គុណ ញឹម ដែល​បាន​បន្ថែមថា ក្រុមហ៊ុន​នាំចូល​សំរាម​នេះ មាន​ប្រធាន សួន ឡុ​ក ជនជាតិខ្មែរ ដែល​បាន​ចុះបញ្ជី​ដំណើរការ​ក្រុមហ៊ុន​នៅ​ក្រសួងពាណិជ្ជកម្ម ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​៤០០០​លាន​រៀល​៕

Tag:
 សំរាម​
  កាកសំណល់​ប្លា​ស្ទិ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com