អន្តរជាតិ
ជំនួប​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ថៃ ក្លាយជា​សង្វៀន​ប្រជែង​ឥទ្ធិពល​រវាង​ចិន​និង​អាមេរិក
01, Aug 2019 , 7:19 pm        
រូបភាព
លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi (ឆ្វេង) ចាប់ដៃជាមួយសមភាគីអាមេរិក Mike Pompeo (AP)
លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi (ឆ្វេង) ចាប់ដៃជាមួយសមភាគីអាមេរិក Mike Pompeo (AP)
ដោយ:
​ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​ចូល​មកដល់​ឆ្នាំ​ទី​២ ក្រុង​ប៉េកាំង និង​វ៉ាស៊ីនតោន ក្នុង​សប្តាហ៍​នេះ មាន​បេសកកម្ម​ដូចគ្នា​មួយ​។ នោះ គឺ​ដើម្បី​ពង្រឹង​ចំណងទាក់ទង​ជាមួយ​សម្ព័ន្ធមិត្ត និង​ពង្រីក​ឥទ្ធិពល​ពួកគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ។

 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ (Mike Pompeo) បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង បាងកក ប្រទេស​ថៃ នៅ​ថ្ងៃទី​៣១ ខែកក្កដា សម្រាប់​ចូលរួម​កិច្ចប្រជុំ​អាស៊ាន ក្នុង​គោលដៅ​លើកកម្ពស់​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​ដឹកនាំ​ដោយ​អាមេរិក​។ ចំណែក រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (Wang Yi) បាន​ទៅដល់​ថៃ​មុន​លោក Pompeo មួយថ្ងៃ ជាមួយ​គោលដៅ​ដើម្បី​ជំរុញ​ការអនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិថី​របស់លោក​ប្រធានាធិបតី ស៊ី ជិន​ភីង​។  
 
​តាមរយៈ​សេចក្តីថ្លែងការណ៍ ក្រសួងការបរទេស​អា​មេ​រិ​ក ដំណើរ​ទស្សនកិច្ច​រប​ស់លោក ប៉ុ​ម​ប៉េ​អូ មាន​គោលដៅ​ចម្បង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​សម្ព័ន្ធភាព​ដ៏​យូរអង្វែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ព្រមទាំង​បញ្ជាក់​ជាថ្មី​នូវ​ការតាំង​ចិត្ត​របស់​យើង​ទៅកាន់​អង្គការ​តំបន់​អាស៊ាន ដែល​ឈរលើ​ទស្សនៈវិស័យ​អាមេរិក​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

ដោយឡែក នៅ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​៣១ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying បាន​លើកឡើងថា លោក វ៉ាង និង​សម​ភាគី​អាមេរិក រំពឹង​នឹង​ជួបពិភាក្សា​គ្នា​អំពី​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​។ យ៉ាងណាមិញ លោកស្រី កត់សម្គាល់ថា ពេលវេលា​ច្បាស់លាស់​នៃ​ជំនួប​នេះ ពុំទាន់​ត្រូវបាន​កំណត់​នៅឡើយ​ទេ​។ 
 
​និយាយ​ទៅដល់​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក ចង់​ប្រើ​វា​ដើម្បី​រាំងខ្ទប់​ការពង្រីក​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់​ប៉ាស៊ីហ្វិក និង​មហាសមុទ្រ​ឥណ្ឌា ហើយ​ដើម្បី​ប្រកួតប្រជែង​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​យក្ស​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិថី​របស់​ក្រុង​ប៉េកាំង​ផង​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post ប្រមុខ​ការទូត​អាមេរិក បាន​និយាយថា ក្រោយពី​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មក យុទ្ធសាស្ត្រ​របស់​ក្រុង​វ៉ាស៊ីនតោន​នេះ ដំណើរការ​យ៉ាង​ល្អប្រសើរ​ដើម្បី​ទាញយក​ផ្លែផ្កា​សម្រាប់​អាមេរិក និង​សម្ព័ន្ធមិត្ត​ខ្លួន​។ ត្រង់ចំណុច​នេះ លោក អះអាងថា​៖ «​យើង​មើលឃើញ សម្ព័ន្ធភាព​ក្នុង​តំបន់​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​»​។ ម្យ៉ាងវិញទៀត ប្រមុខ​ការទូត​អាមេរិក​រូបនេះ បាន​ច្រាន​ចោលការ​អះអាងថា ឥទ្ធិពល​របស់​ចិន​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន កំពុង​កើនឡើង​។ ជុំវិញ​រឿងនេះ លោក​លើកឡើងថា ការអះអាង​ដោយ​គ្មាន​ភស្តុតាង​បែបនេះ មិន​សុទ្ធតែ​ពិត​ទាំងស្រុង​ឡើយ​។  
 
«​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន កំពុង​សម្លឹង​រក​ដៃគូ ដែល​នឹង​ជួយ​ពួកគេ​កសាង​សេដ្ឋកិច្ច​ឲ្យ​រីកលូតលាស់​ល្អ និង​ឈឺឆ្អាល​ពី​សុខទុក្ខ​របស់​ប្រជាជន​ពួកគេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Pompeo ដោយ​សង្កត់ធ្ងន់​ពី​ការចូលរួម​ច្រើន​បន្ថែមទៀត​ពី​សំណាក់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​តំបន់​នេះ​។​
 
​តាម​ការគ្រោងទុក លោក​រដ្ឋមន្ត្រី Pompeo នឹង​ជួបពិភាក្សា​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង និង​ជប៉ុន នៅ​ថ្ងៃ​សុក្រ ទី ២ សីហា ដើម្បី​ពង្រឹង​សម្ព័ន្ធភាព​ត្រីភាគី​ក្នុង​តំបន់ ខណៈ​ក្រុង​សេ​អ៊ូ​ល និង​តូ​ក្យូ​កំពុង​ទាស់​គ្នា​ក្នុង​សំណុំរឿង​រឹតត្បិត​ការធ្វើ​ពាណិជ្ជកម្ម​។ នៅ​ថ្ងៃ​ដដែល លោក ក៏​ត្រៀម​ជួប​រដ្ឋមន្ត្រីការបរទេស​ថៃ Don Pramudwinai ផងដែរ​។ 
 
​និយាយ​ពី​ចិន​ឯណោះ​វិញ លោក​រដ្ឋមន្ត្រីការបរទេស Wang Yi បាន​ជជែក​ពិភាក្សា​សម​ភាគី​មកពី​ប្រទេស​ដែលជា​សមាជិក​ក្នុង​គម្រោង​ខ្សែក្រវាត់​និង​វិថី  ដូចជា កម្ពុជា ហ្វីលីពីន និង​ឥណ្ឌូណេស៊ី ក្រោយពី​បាន​ជាន់ដី​ប្រទេស​ថៃ​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ដៃគូ​ដែល​នឹង​បញ្ចប់​នា​ថ្ងៃ​សៅរ៍ ទី ៣ ខែសីហា​ខាងមុខ​។ 
 
​អំឡុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហ្វី​លី​ី​ពី​ន លោក Teodoro Locsin លោក វ៉ាង និយាយថា​៖ «​ចិន ចង់​មានការ​ផ្លាស់ប្តូរ​កម្រិត​ខ្ពស់​ជាមួយ​ហ្វីលីពីន ដើម្បី​ពង្រឹង​ការទុកចិត្ត​គ្នា​ទៅមក​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​លើកកម្ពស់​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិថី​ក្នុងប្រទេស​នេះ ជាមួយ​គោលដៅ​ព​ន្លឿ​ន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​»​។ 
 
​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវាត់ និង​វិថី បានដាក់​ចេញ​កាលពី​ឆ្នាំ​២០១៣ ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង​។ គម្រោង​ដ៏​មហិច្ឆតា​នេះ ផ្តោត​សំខាន់​លើ​ការជំរុញ​ពា​ណិ​ជ្ចក​ម្ម និង​មាន​គោលដៅ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ដីគោក និង​ផ្លូវ​សមុទ្រ ត​ភ្ជាប់​តំបន់​អាស៊ី អឺរ៉ុប​និង​អាហ្វ្រិក​។ 
 
​តាម South China Morning Post អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ យល់ឃើញថា ភាពមិនច្បាស់លាស​នៃ​គោលនយោបាយ​ការបរទេស ក្រោម​រដ្ឋបាល​លោក​ត្រាំ បាន​រុញច្រាន​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ខ្លះ ងាក​ទៅរក​ប្រទេស​ចិន ដែល​គេ​ពុំ​ធ្លាប់​បានឃើញ​ពីមុនមក​ឡើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ លើសពីនេះ ជាមួយ​គោលនយោបាយ​គាំពារ​និយម «America First» លោក ត្រាំ ប្តេជ្ញា​ដាក់ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​នានា រួមមាន​រដ្ឋ​ជា​សមាជិក​អាស៊ាន​ផង​នោះ ដែល​រូ​ម​ចំណែក​ក្នុង​ឱនភាព​ពាណិជ្ជកម្ម​អាមេរិក​។ បច្ចុប្បន្ននេះ វៀតណាម អាច​ស្ថិត​ជា​គោលដៅ​របស់​ក្រុង​វ៉ាស៊ីនតោន បន្ទាប់ពី​ចិន​៕
 

Tag:
 ចិន​
  សហរដ្ឋអាមេរិក​
  អាស៊ាន​
  នយោបាយ​ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com