ជាតិ
មន្ត្រី​យុត្តិធម៌​៖ បើ​រដ្ឋ​បរទេស​ចង់​ការពារ​ន​រណា​ម្នាក់ គួរតែ​បង្ហាញ​ភស្តុតាង​រឹងមាំ ល្អ​ជាង​ដាក់​សម្ពាធ​លើ​កម្ពុជា​
01, Aug 2019 , 4:16 pm        
រូបភាព
​ភ្នំពេញ​៖ បើ​រដ្ឋ​បរទេស​ចង់​ការពារ​ន​រណា​ម្នាក់ គួរតែ​បង្ហាញ​ភស្តុតាង​ឲ្យ​រឹងមាំ សម្រាប់​ដំណើរ​ការតវ៉ា​រឿងក្តី​នៅក្នុង​ប្រព័ន្ធតុលាការ ប្រសើ​ជាង​ការរិះគន់ និង​ដាក់​សម្ពាធ​មកលើ​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ក្រសួងយុត្តិធម៌ ឆ្លើយតប​ទៅនឹង​អាមេរិក​ដែល​ស្នើសុំ​ឲ្យ​តុលាការ​កម្ពុជា ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

 
​លោក ជិន ម៉ា​លីន បាន​និយាយថា គ្មាន​បុគ្គល ឬ​រដ្ឋ​បរទេស​ណាមួយ ដែលមាន​ឥទ្ធិពល​មក​បង្គាប់បញ្ជា​លើ​តុលាការ​កម្ពុជា​បានឡើយ ដូច្នេះ​ការទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​អ្នកណាម្នាក់​នោះ វា​គ្មាន​ប្រសិទ្ធភាព​ទេ​។ ក្នុងន័យនេះ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​សង្កត់ធ្ងន់ថា ការការពារ​បុគ្គល​ណា​ម្នាក់​នោះ គឺ​អង្គទូត ឬ​រដ្ឋ​បរទេស​អាច​អនុលោម​ទៅបាន តាមរយៈ​ការបង្ហាញ​តឹកតាង​តវ៉ា​នៅក្នុង​តុលាការ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ជាជាង​ដាក់​សម្ពាធ​លើ​កម្ពុជា​។​
 
​ឆ្លើយ​នឹង​សំនួរ​អ្នកកាសែត​ជុំវិញ​ការទាមទារ​របស់​មហា​អំណាច​អាមេរិក ដែល​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ការចោទប្រកាន់​លើ​លោក កឹម សុខា នោះ លោក ជិន ម៉ា​លីន បាន​និយាយ​ដូច្នេះ​ថា​៖«​ដំណើរការ​សំណុំរឿង​របស់​តុលាការ គេ​ផ្អែកទៅលើ​មូលដ្ឋាន​ច្បាប់ អង្គហេតុ អង្គច្បាប់ សក្ខីកម្ម  ​ភស្តុតាង​ទឡ្ហីករណ៍​ទាំងអស់​។ ក៏ប៉ុន្តែ​ខ្ញុំ​សង្កេតឃើញថា ការលើកឡើង​របស់រ​ដ្ឋ​បរទេស ឬក៏​ក្រុម​មួយចំនួន​ទេ មិនមាន​មូលដ្ឋាន​ច្បាប់ ក្នុងការ​ចោទប្រកាន់​ទៅលើ​ស្ថាប័ន​អនុវត្ត​ច្បាប់​កម្ពុជា​។ ដូច្នេះ​ការលើកឡើង ការ​សំណូម​(​អាមេរិក​) ទាំងនេះ វា​មិនមាន​ឥទ្ធិពល​អ្វី​ទៅលើ​ការសម្រេច​របស់​តុលាការ​បានទេ​។ គឺ​មានតែ​មធ្យោបាយ​មួយ​ទេ ក្នុង​ការជួយ​ទៅលើ​អ្នក​ទាំងអស់នោះ គឺ​ការចូលរួម​ការពារ​អ្នក​ដែល​ពួកគេ​ចង់​ការពារ គឺ​បង្ហាញ​ទឡ្ហីករណ៍​ផ្លូវច្បាប់​ឲ្យ​រឹងមាំ​មក ដើម្បី​ដោះ​បន្ទុក​អ្នក​ទាំងនោះ ហើយ​បង្ហាញថា​អ្នក​ទាំងនោះ​មិនមាន​ពិរុទ្ធ​ដូច​ការ​ចោទ​»​។​
 
​កាលពី​ថ្ងៃទី​២៩ កក្កដា ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​អំពាវនាវ​ជាថ្មី ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​តុលាការ​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា ប្រធាន​អតីត​គណបក្សប្រឆាំង ដែល​កំពុងស្ថិត​នៅក្នុង​ផ្ទះ​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ រួមទាំង​អ្នកទោសនយោបាយ​ដទៃទៀត​។ អាមេរិក ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ចប់​ការចោទប្រកាន់​ប្រជាពលរដ្ឋ​ដោយ​គ្មាន​មូលដ្ឋាន និង​ក្រោម​ហេតុផល​នយោបាយ​ផងដែរ​។​
 
​មិនតែប៉ុណ្ណោះ​អាមេរិក ក៏​ចាត់ទុក​ការបោះឆ្នោត​អាណត្តិ​ទី​៦ កាលពី​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨​កន្លងមក គ្មាន​ភាពសេរី និង​យុត្តិធម៌ ហើយក៏​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ ព្រោះ​គ្មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួតប្រជែង​។​
 
​ការលើកឡើង​របស់​អា​មេ​រិ​ក​នេះ ត្រូវបាន​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ចាត់ទុកជា​សម្តី​ញុះញង់ និង​មាន​អត្តចរិត​បែប​មនុ​ស្សព្រៃ ដែល​ផ្ទុយស្រឡះ​ពី​កម្ពុជា ជា​ប្រទេស​បែប​ស៊ី​វិ​ល័យ​។ 
 
​នៅពេល​អ្នកកាសែត​សួរថា តើ​កម្ពុជា​នឹង​ប្ដឹង ឬ​ធ្វើ​កំណត់​ការទូត​ទៅ​អាមេរិក​ដែរ​ទេ​? លោក ផៃ ស៊ី​ផាន ឆ្លើយតប​ថា កម្ពុជា​នឹង​ព្យាយាម​ពន្យល់​តាមរយៈ​ការទូត ជុំវិញ​បញ្ហា​ដែល​អាមេរិក​ចោទប្រកាន់​មកលើ​កម្ពុជា​នេះ​។ ថ្លែង​នៅក្នុង​សន្និសីទកាសែត​ស្តីពី «​សមិទ្ធផល​មួយឆ្នាំ​ក្រោយ​ការបោះឆ្នោត​» នា​ព្រឹក​ថ្ងៃទី​១ សីហា​នេះ អ្នកនាំពាក្យ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​សូម​ជម្រាប​សារជាថ្មី​ម្ដង​ទៀតថា យើង​យក​ការងារ​ទូត​មក​ដោះស្រាយ តាមរយៈ​គោលការណ៍​រដ្ឋធម្មនុញ្ញ គោលការណ៍​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា​»​។ 
 
​ជុំវិញ​ការលើកឡើង​របស់​អាមេរិក​នេះ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស បានចេញ​សេចក្តីថ្លែងការណ៍​បង្ហាញ​ពី​ការសោកស្ដាយ និង​ហួសចិត្ត ដែល​អាមេរិក​តែងតែ​ចេញមុខ​វាយប្រហារ​មកលើ​កម្ពុជា ជា​បន្តបន្ទាប់​នេះ​។​
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​ដែល​ចេញ​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ អ្នកនាំពាក្យ​ការបរទេស បាន​ប្រើ​ភាសា​ធ្ងន់ៗ​ដូច្នេះ​ថា​៖«​យើង នឹកស្មាន​មិន​ដល់​ទាល់តែសោះ​ថា ទង្វើ​វាយប្រហារ​ដ៏​គឃ្លើន​បែបនេះ ដែល​រំលោភបំពាន​ទៅលើ​បទ​ប្បញ្ញត្តិ​ទាំងឡាយ​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ក្នុង​អនុសញ្ញា​ទីក្រុង​វី​យែ​ន​ស្តីពី​ទំនាក់ទំនង​ការទូត ត្រូវបាន​បង្កឡើង​ដោយ​ស្ថាន​បេសកកម្ម​តំណាង​ឲ្យ​ប្រទេស​ដែលមាន​អារ្យធម៌​មួយ​»៕

Tag:
 ជិន ម៉ា​លីន​
  យុត្តិធម៌​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com