កីឡាអន្តរជាតិ
អន្តរជាតិ
Everton ទិញ​ខ្សែប្រយុទ្ធ Kean ពី Juventus ក្នុងតម្លៃ​៤៤​លាន​ដុល្លារ​
05, Aug 2019 , 4:06 pm        
រូបភាព
​ខ្សែប្រយុទ្ធ​វ័យក្មេង Moise Kean ក្លាយជា​កីឡា​ករទី​៥ ដែល Everton ទិញ​ចូល​សម្រាប់​រដូវ​កាល​ថ្មី​នេះ បន្ទាប់ពី​ពួកគេ​យល់ព្រម​ផ្តល់​តម្លៃ​ផ្ទេរ​ចំនួន ៣៦,៦ លាន​ផោន (៤៤​លាន​ដុល្លារ​អាមេរិក​) ទៅ​ឲ្យ​ក្លិប​យក្ស Juventus​។​


 
Kean ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី វ័យ​១៩​ឆ្នាំ ដែល​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល ៥​ឆ្នាំ​ឲ្យ​ក្រុម​នៅ​លី​គ​កំពូល​អង់គ្លេស​មួយ​នេះ ធ្លាប់​បង្ហាញខ្លួន​ចំនួន ២១​ប្រកួត​ឲ្យ Juventus និង​ស៊ុត​ប​ញ្ចូ​ទី​៨​គ្រាប់ ចាប់តាំងពី​រូបគេ​ចូលរួម​ជាមួយ​ជើងឯក​អ៊ីតាលី Serie A តាំងពី​អាយុ​១០​ឆ្នាំ​។ សម្រាប់​ក្រុម​ជម្រើសជាតិ​អ៊ីតាលី Kean រកបាន​២​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​៣​លើក​។​
​ការមកដល់​ទឹកដី Goodison Park ក្នុងនាម​ជា​កីឡា​ករទី​៥​របស់​ក្រុម​រហស្សនាម​ស្ក​គ្រាប់ Kean បង្ហាញ​អារម្មណ៍​រីករាយ​ដោយ​អះអាងថា​រូបគេ​មាន​មោទកភាព​ណាស់​ដែល​បាន​ពាក់អាវ​របស់ Everton​។​


 
«​ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​សម្រាប់​ក្រុម​នេះ​។ ខ្ញុំ​ត្រូវបាន​គេ​ផ្តល់​ការជឿជាក់​ពី​ក្រុម ស្របពេល Everton ជា​ក្លិប​ដែល​សម្លឹង​ទៅ​អនាគត​វែងឆ្ងាយ​ដូចដែល​ខ្ញុំ​ចង់បាន​។ ខ្ញុំ​ក៏​ដឹង​ពី​ទំហំ​មហិច្ឆតា​របស់​ក្លិប ហើយ​ខ្ញុំ​នឹង​ខិតខំ​ដើម្បី​ជួយ​បំពេញ​នូវ​អ្វីដែល​ក្លិប រួមទាំង​កីឡាករ​ចង់​សម្រេចបាន​។ ខ្ញុំ​ធ្លាប់​ឈ្នះ ហើយ​ខ្ញុំ​ចង់យក​លទ្ធផល​ឈ្នះ​ឈ្នះ​ទាំងនោះ​មកកាន់​ក្រុម​»​។ នេះ​ជាការ​ប្តេជ្ញាចិត្ត​របស់ Kean សម្រាប់​ក្រុម​របស់លោក Marco Silva ដែលជា​អ្នកចាត់ការ Everton​។​
 
​សម្រាប់​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​លោក Silva វិញ​ក៏បាន​លើកសរសើរ Kean មិន​ដាច់​ពី​មាត់​ផងដែរ​។ លោ​កថា​ខ្សែប្រយុទ្ធ​ម្នាក់នេះ​ពោរពេញ​ដោយ​ភាពរឹងមាំ​រហ័សរហួន បើ​ទោះ​មាន​វ័យ​ទើបតែ​១៩ ឆ្នាំ​ក៏ដោយ​។ Kean មាន​ទេពកោសល្យ ហើយ​អាច​កែលម្អ​ក្រុម​ដើម្បី​ប្រជែង​ពាន​រដូវ​កាល​ថ្មី ដែល​នឹង​ចាប់ផ្តើម​ចុង​សប្តាហ៍​នេះ​។​
 
​គិត​ត្រឹម​ពេលនេះ Everton បាន​ចំណាយ​ប្រាក់​សរុប ១៦៣​លាន​ដុល្លារ​អាមេរិក​ហើយ​សម្រាប់​កីឡាករ​៥​រូប​រដូវ​កាល​នេះ ខណៈដែល​ពួកគេ​បាន​បញ្ចេញ​កីឡាករ​ពីររូប​វិញ​ផងដែរ រួមមាន​ខ្សែបម្រើ Idrissa Gueye ទៅ Paris St-Germain ក្នុងតម្លៃ ៣៦​លាន​ដុល្លារ និង Ademola Lookman ទៅកាន់ RB Leipzig តម្លៃ ២០​លាន​ដុល្លារ​៕
 

Tag:
 បាល់ទាត់​
  Moise Kean
  Everton
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com