ជាតិ
សង្គមជាតិ
អាជ្ញាធរ បន្ត​ស្តារ​សំរាម​ចេញពី​លូ​បឹងត្របែក ដើម្បី​បញ្ចៀស​ទឹកជំនន់​
07, Aug 2019 , 7:19 pm        
រូបភាព
លោក ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ បាន​ចុះ​មក​ត្រួតពិនិត្យមើលប្រឡាយលូ​បឹង​ត្របែក នាព្រឹកថ្ងៃទី៦ ខែ​សីហា
លោក ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ បាន​ចុះ​មក​ត្រួតពិនិត្យមើលប្រឡាយលូ​បឹង​ត្របែក នាព្រឹកថ្ងៃទី៦ ខែ​សីហា
ដោយ:
​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ស្តារ​សំរាម​និង​ដី​ភក់ ចេញពី​ប្រឡាយ​លូទឹកស្អុយ​បឹងត្របែក ដើម្បី​បញ្ចៀស​ទឹកជំនន់​នៅក្នុង​រាជធានី​ភ្នំពេញ​។ 
​ពេល​លោក ចុះទៅ​ត្រួតពិនិត្យ​ផ្ទាល់​នៅតាម​បណ្តាញ​ប្រឡាយ​លូ​បឹងត្របែក នា​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៩ លោក ឃួ​ង ស្រេង ប្រាប់​អ្នកកាសែត​ថា សំរាម​និង​ដី​ភក់​ជាង​៦​ពាន់​ម៉ែត្រគុប​ហើយ ដែល​អាជ្ញាធរ​បាន​កាយ​ចេញពី​ប្រឡាយ​លូទឹកស្អុយ​បឹងត្របែក​។ លោក បន្តថា ប្រតិបត្តិ​ស្តារ​សំរាម​និង​ដី​ភក់​នេះ នឹង​បន្ត​ឲ្យ​បាន​៥​ទៅ​៦​ម៉ឺន​ម៉ែត្រគុប​។


 
​ប្រតិបត្តិ​ការស្តារ​សំរាម​និង​ដី​ភក់​នេះ ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១២ ខែកក្កដា​មក​។ លោក​អភិបាល បានដាក់​គ្រឿងចក្រ​និង​ឡាន សម្រាប់​កាយ​សំរាម​និង​ភក់​ឲ្យ​ទាន់ពេលវេលា និង​ទាន់សភាពការណ៍ ដើម្បី​បញ្ចៀស​ទឹកជំនន់​។ លោក បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ  បាន​ដំឡើង​ម៉ូ​ទ័​រ​បូមទឹក​១១​គ្រឿង នៅ​ស្ថានីយ​នៅ​បឹងត្របែក និង​បាន​ជួសជុល​ប្រព័ន្ធ​លូ សម្រាប់​ឲ្យ​ទឹក​ហូរ​ចូលក្នុង​ស្ថានីយ ដើម្បី​បូម​ទៅ​ស្ថានីយ​បឹង​ជើងឯក​វិញ​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ជន់​លិច​ទឹក​នៅក្នុង​រាជធានី​ភ្នំពេញ ឃួ​ង ស្រេង បានស្នើ​ឲ្យ​ពលរដ្ឋ ចូលរួម​ទុកដាក់ និង​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។ លោក​យល់ឃើញថា ការ​ទុកដាក់​សំរាម​មិនមាន​សណ្តាប់ធ្នាប់ គឺជា​ដើមហេតុ​ដែល​នាំ​ឲ្យ​កក់​ស្ទះលូ ដែល​មិនអាច​ហូរ​បាន​ទាន់ពេលវេលា ទើប​បណ្តាល​ឲ្យ​ជន់​លិច​។ 
 
​បើតាម​លោក ឃួ​ង ស្រេង សំរាម​ដែល​បាន​កាយ​នោះ​នឹង​យកទៅ​ចាក់ចោល​នៅ​ទីលាន​សំរាម​បឹង​ជើងឯក ចំណែក​ដី​ភក់ នឹងត្រូវ​បញ្ជូនទៅ​ដីឡូត៍​ខណ្ឌដង្កោ​។ ជាមួយគ្នានេះ លោក បាន​សរសើរ «​ក្រុមយុវជន​សំរាម​» ដែល​បាននាំគ្នា​បណ្តុះ​ស្មារតី​ឲ្យ​ពលរដ្ឋ​ស្រឡាញ់​បរិស្ថាន និង​គិតគូរ​ពី​ការ​ទុកដាក់​សំរាម​។​
 
​នៅ​កម្ពុជា មាន​សំរាម​៤​លាន​តោន ក្នុង​មួយថ្ងៃ ដោយនៅ​ក្នុងនោះ សំរាម​ប្រមាណ​៥៦​ភាគរយ ត្រូវបាន​ដឹកយក​ទៅ​ទីលាន​សំរាម​។ បើតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន  ក្នុង​ចំណា​ម​សំរាម​ទាំង​៤​លាន​តោន​នោះ មាន​សំរាម​ប្លា​ស្ទិ​ក​២០​ភាគរយ ដែល​គេ​យកទៅ​ច្នៃ​ប្រើប្រាស់​ឡើងវិញ និង​២០​ភាគរយ​ទៀត​ត្រូវបាន​ពលរដ្ឋ​យកទៅ​បោះចោល​នៅ​ទីសាធារណៈ​។​
​លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃ សំរាម ដែលមាន​ច្រើនជាងគេ គឺ​នៅ​រាជធានី​ភ្នំពេញ ដែលមាន​៣​ពាន់​តោន ខេត្តសៀមរាប មាន​៣៨០​តោន និង ខេត្ត​ព្រះសីហនុ​មាន​ប្រមាណ​៧០០​តោន​៕ 
 









លោក ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ បាន​ចុះ​មក​ត្រួតពិនិត្យមើលប្រឡាយលូ​បឹង​ត្របែក នាព្រឹកថ្ងៃទី៦ ខែ​សីហា


Tag:
 ឃួ​ង ស្រេង​
 ​សំរាម​
 ​បឹងត្របែក​
 ​លូ​
 ​ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com