អន្តរជាតិ
ជប៉ុន​ថា មិនដឹង​ធ្វើ​ខុស​អ្វី ទើប​កូរ៉េខាងត្បូង​ដក​ឈ្មោះ​ពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​គួរ​ឲ្យ​ទុកចិត្ត​
13, Aug 2019 , 10:19 pm        
រូបភាព
រដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន Hiroshige Seko ។ រូបភាព AFP
រដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន Hiroshige Seko ។ រូបភាព AFP
​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជប៉ុន Hiroshige Seko នៅ​ថ្ងៃទី​១៣ ខែសីហា បានបង្ហាញ​ការងឿងឆ្ងល់​យ៉ាងខ្លាំង​ចំពោះ​ការសម្រេចចិត្ត​របស់​កូរ៉េខាងត្បូង​ដែល​ដក​ជប៉ុន​ចេញពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​គួរ​ឲ្យ​ទុកចិត្ត​របស់ខ្លួន​។ ជំនួស​ឲ្យ​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​ទុកចិត្ត ជប៉ុន​បែរជា​ស្ថិតក្នុង​បញ្ជី​ប្រទេស​ដែល​ពិបាក​ធ្វើការ​ជាមួយ​វិញ​។ លើ​បណ្ដាញ​សង្គម Twitter របស់ខ្លួន លោក Seko អះអាងថា ជប៉ុន​មិន​យល់​ពី​មូល​ហេតុដែល​សេ​អ៊ូ​ល​សម្រេចចិត្ត​បែបនេះ​ឡើយ​។​

 
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១២ ខែសីហា បាន​ដក​ជប៉ុន​ចេញពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​គួរ​ឲ្យ​ទុកចិត្តបាន​របស់ខ្លួន ហើយ​យកទៅដាក់​ក្នុង​ចំណាត់​ថ្មី​មួយ​ដែល​ទើប​បង្កើតឡើង​។ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង Sung Yun-mo និយាយថា កូរ៉េខាងត្បូង ពិបាក​ធ្វើការ​ជាមួយ​ប្រទេស​ណា​ដែល​ដែល​បំពាន​គោលការណ៍​ជា​មូលដ្ឋាន​។ ចំណាត់ការ​របស់​សេ​អ៊ូ​ល ក៏​ធ្វើឡើង​ក្រោយ​តូ​ក្យូ​ដក​កូរ៉េខាងត្បូង​ចេញពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​គួរ​ទុកចិត្តបាន​ដូចគ្នា​។​
 
​មុននេះ ចំណាត់​ដៃគូ​ពាណិជ្ជកម្ម​របស់​កូរ៉េខាងត្បូង​មាន​ពីរ​ប្រភេទ គឺ​ប្រទេស​ដែលជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​គ្រប់គ្រង​ការនាំចេញ​ធំ​ទាំង​បួន និង​ប្រទេស​មិនមែន​សមាជិក​។ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​រក​ច្រកចេញ​មិនឃើញ ហើយ​ជប៉ុន មិន​ព្រម​ដក​ការ​រឹតត្បិត​របស់ខ្លួន​នោះ កូរ៉េខាងត្បូង ក៏​កែសម្រួល​បញ្ជី​ដៃគូ​រកស៊ី​របស់ខ្លួន ដោយ​បង្កើត​បញ្ជី​ថ្មី​មួយ ហើយ​ជប៉ុន ជា​ប្រទេស​តែមួយគត់​ក្នុង​ចំណាត់​ថ្មី​នេះ ដែល​ទុក​សម្រាប់​ប្រទេស​រឹតត្បិត​ការនាំចេញ​បំពាន​សន្ធិសញ្ញា​អន្តរជាតិ​។​
 
​វិធានការ​បែបនេះ​របស់​ក្រុង​សេ​អ៊ូ​ល ធ្វើ​ឲ្យ​មន្ត្រី​ជប៉ុន​កើត​មន្ទិលសង្ស័យ​។ នៅ​ថ្ងៃទី​១៣ ខែសីហា រដ្ឋមន្ត្រី​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម Hiroshige Seko និយាយថា ជប៉ុន​មិន​យល់​ឡើយ​ពី​ការសម្រេចចិត្ត​របស់​សេ​អ៊ូ​ល​។ លោក Seko បាន​សរសេរ​លើ Twitter ថា​៖ «​ក្រោយ​មើល​សន្និសីទ​សារព័ត៌​មាននៅ​កូរ៉េខាងត្បូង យើង​ពិតជា​មិនដឹង​រឿង​អ្វី​ទាល់តែសោះ​ពី​ហេតុផល​ដែល​កូរ៉េខាងត្បូង​អះអាងថា ប្រព័ន្ធ​ត្រួតពិនិត្យ​ការនាំចេញ​ជប៉ុន មិន​ស្របតាម​គោលការណ៍​អន្តរជាតិ​។​»
 
​សំណេរ​របស់លោក Seko ទំនងជា​ចង់​ការពារ​ការសម្រេច​ចិត្ត​របស់​ជប៉ុន​ក្នុងការ​រឹតត្បិត​ការនាំចេញ​សារធាតុ​គីមី​សំខាន់ៗ​បី​មុខ​ដែល​ចាំបាច់​ក្នុង​ផលិតកម្ម​ទូរ​សព្ទ​ឆ្លាត​វៃ បន្ទះ​ឈី​ប និង​អេក្រង់​ជាដើម​។ ក្រុង​សេ​អ៊ូ​ល បាន​ហៅ​ការ​រឹតបន្តឹង​នីតិវិធី​នាំចេញ​នេះ ជាការ​បំពាន​បទបញ្ញត្តិ​អន្តរជាតិ ហើយ​បានទាមទារ​ឲ្យ​តូ​ក្យូ​ដកចេញ​ជាបន្ទាន់​។ កន្លងទៅ តូ​ក្យូ ក៏​ធ្លាប់​និយាយ​ការពារ​វិធានការ​រប​ស់​ខ្លួន​រួចហើយ​ដែរ ដោយ​ថា នេះ​ជាការ​បង្កើន​ការត្រួតពិនិត្យ​ប៉ុណ្ណោះ​។ 
 
​មកទល់ពេលនេះ ទំនាស់​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ នៅតែ​មិន​ថមថយ ហើយក៏​គ្មាន​ដំណោះស្រាយ​ទៅទៀត​។ ជប៉ុន​បាន​បដិសេធ​សំណើ​កូរ៉េខាងត្បូង​ដោះស្រាយ​ដោយមាន​ភាគី​ទី​បី ស្រប​ពេលដែល​ផ្លូវ​ការទូត​មិនមាន​ដំណើការ​ឡើយ ទោះ​ប្រមុខ​ការទូត​ប្រ​ទស​ទាំងពីរ​ធ្លាប់​ជួបចរចា​ទល់មុខ​ក្ដី​។ វិបត្តិ​នេះ ធ្វើ​ឲ្យ​អាមេរិក​ឈឺក្បាល​មិនតិច​ឡើយ ហើយ​បារម្ភ​ថា អាច​ប៉ះពាល​ដល់​ការ​ទប់ទល់​ទង្វើ​របស់​កូរ៉េខាងជើង​ទៀតផង​៕  

Tag:
 ជប៉ុន​
  កូរ៉េខាងត្បូង​
  ជប៉ុន​
  Hiroshige Seko
© រក្សាសិទ្ធិដោយ thmeythmey.com