កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា និងលោក Akeeb Tunji ឈ្នះពានកីឡាករ និងគ្រូបង្វឹកល្អប្រចាំខែកក្កដា រូបថត CNCC
× ខ្សែប្រយុទ្ធឆ្នើមរបស់បឹងកេត ចាន់ វឌ្ឍនាកា និងលោក Akeeb Tunji Ayoyinka គ្រូបង្វឹកស្តីទីរបស់វិសាខា បានឈ្នះពានរង្វាន់កីឡាករនិងគ្រូបង្វឹកល្អប្រចាំខែកក្កដា។ ចំណែកកីឡាករ សារី ម៉ាត់ណូរ៉ូទីន ជាប់ជាកីឡាករទាត់បញ្ចូលទីលឿនជាងគេ។ ពានរង្វាន់ទាំងនេះត្រូវបានប្រគល់ជូនក្នុងជំនួបរវាងបឹងកេតជាមួយវិសាខា កាលពីថ្ងៃអាទិត្យទី១៨ សីហា នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។
គណៈកម្មប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC)បានវាយតម្លៃឲ្យកីឡាករ ចាន់ វឌ្ឍនាកា ក្លាយជាកីឡាករលេងល្អជាងគេក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគប្រចាំខែកក្កដា ឆ្នាំ២០១៩។ ការវាយតម្លៃបែបនេះ ធ្វើឡើយក្រោយ វឌ្ឍនាកា រកបាន៤គ្រាប់សម្រាប់ការបង្ហាញខ្លួន៤លើកនៅខែកក្កដា។ នាជំនួបបឹងកេតស្មើ ៤-៤ ជាមួយភ្នំពេញក្រោននៅកីឡដ្ឋាន R.S.N កាលពីថ្ងៃទី៦ កក្កដា កីឡាករ ចាន់ វឌ្ឍនាកា សម្រេចបានពីរគ្រាប់ម្នាក់ឯង ដោយបានក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួត។
បន្ទាប់មករូបគេសម្រេចបាន១គ្រាប់ក្នុងជ័យជម្នះ ៤-០ របស់បឹងកេតលើអគ្គិសនីកម្ពុជា នាជំនួបសប្តាហ៍ទី១៥ កាលពីថ្ងៃទី១៣ កក្កដា មុនជួយឲ្យបឹងកេតស្មើ ១-១ ជាមួយអង្គរថាយហ្គឺរលើទឹកដីខ្លួន នាជំនួបសប្តាហ៍ទី១៦នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ដោយពេលនោះ វឌ្ឍនាកា ជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួត។
ជាមួយគ្នានេះលោក Akeeb Tunji Ayoyinka ដែលក្លិបវិសាខាតែងតាំងឲ្យធ្វើជាគ្រូបង្វឹកបណ្តោះអាសន្នជំនួសលោក ហុក សុជីវ័ន ត្រូវបាន CNCC វាយតម្លៃឲ្យឈ្នះពានរង្វាន់គ្រូបង្វឹកល្អប្រចាំខែកក្កដា។ ការទទួលបានពានរង្វាន់គ្រូបង្វឹកល្អនេះ ធ្វើឡើងក្រោយគ្រូបង្វឹកនីហ្សេរីយ៉ារូបនេះ ដឹកនាំវិសាខាឈ្នះ៤ប្រកួតជាប់គ្នាក្នុងខែកក្កដា ដោយយកឈ្នះសូលទីឡូអង្គរ ៣-២ គីរីវង់សុខសែនជ័យ ៤-១ ភ្នំពេញក្រោន ៤-៣ និងឈ្នះអគ្គិសនីកម្ពុជា ៧-០។ បច្ចុប្បន្នវិសាខាស្ថិតនៅលេខរៀងទី៣មាន៤៤ពិន្ទុ ដោយមានគម្លាត៨ពិន្ទុពីក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ដែលមាន៥២ពិន្ទុ។
ដោយឡែកកីឡាករ សារី ម៉ាត់ណូរ៉ូទីន បានឈ្នះពានរង្វាន់ជាកីឡាករស៊ុតបញ្ចូលទីលឿនជាងគេប្រចាំខែកក្កដា បន្ទាប់ពីរូបគេរកគ្រាប់បាល់ឲ្យវិសាខាត្រឹម១នាទីក្នុងតង់ទី១ នាជំនួបដែលវិសាខាយកឈ្នះសូលទីឡូអង្គរ ៣-២៕
Tag:
បាល់ទាត់
ចាន់ វឌ្ឍនាកា
Akeeb Tunji Ayoyinka
Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com