អន្តរជាតិ
ប៉េកាំងប្រាប់ប្រទេស G7 ៖ ហុងកុងជាបញ្ហាផ្ទៃក្នុងរបស់ចិន ហាមជ្រៀតជ្រែក អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៧ ខែសីហា។ រូបថតពីក្រសួងការបរទេសចិន
× ទីក្រុងប៉េកាំង នៅថ្ងៃទី២៧ ខែសីហា បានបរិហារក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ដែលចេញមុខនិយាយរឿងបាតុកម្មនៅហុងកុង។ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស ក្រុងប៉េកាំងប្រឆាំងដាច់ខាតសេចក្ដីថ្លែងការណ៍របស់ប្រទេស G7 ដែលបានគាំទ្រស្វ័យភាពរបស់ហុងកុងដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៨៤ រវាងអង់គ្លេសនិងចិន។ ប៉េកាំង ក៏ឆ្លៀតពន្យល់កិច្ចព្រមព្រៀងឆ្នាំ១៩៨៤ នេះទៅកាន់ប្រទេសទាំង៧ ផងដែរ។
ហាមជ្រៀតជ្រែកដោយមានបំណងមិនល្អ! នេះជាប្រតិកម្មរបស់ទីក្រុងប៉េកាំងទៅនឹងសេចក្ដីថ្លែងការណ៍របស់ប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ របស់ពិភពលោក (G7) ពាក់ព័ន្ធបញ្ហាហុងកុង។ ក្រោយកិច្ចប្រជុំនៅទឹកដីបារាំង ក្រុមប្រទេស G7 មានចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា ពួកគេគាំទ្រនយោបាយប្រទេសមួយ ប្រព័ន្ធពីរ និងចង់ឃើញហុងកុងមានវិបុលភាព។
នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៧ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang និយាយថា ចិនប្រឆាំងដាច់អហង្ការនឹងសេចក្ដីថ្លែងការណ៍របស់ប្រទេស G7 ដែលបានលូកដៃចូលកិច្ចការផ្ទៃក្នុងការរបស់ចិន។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិនរូបនេះបញ្ជាក់ច្បាស់ៗថា៖ «គ្មានរដ្ឋាភិបាលបរទេសណាមួយ អង្គការណាមួយ ឬបុគ្គលណាមួយ មានសិទ្ធិកកូរកកាយបញ្ហាផ្ទៃក្នុងរបស់ចិននោះឡើយ។
បាតុកម្មនៅហុងកុង បានឈានជិតដល់ខែទីបីហើយ ហើយក៏គ្មានសញ្ញាថា នឹងស្រាកស្រាន្តដែរ។ ផ្ដើមពីការប្រឆាំងសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជាមួយចិន បាតុករហុងកុងក៏ប្រឆាំងការធ្លាក់ចុះសិទ្ធិស្វ័យសម្រេចទីក្រុងនេះ និងសិទ្ធិសេរីភាពដែលធ្លាប់ទទួលបាននាពេលកន្លងមក។ ធ្វើតាមដងផ្លូវផង នៅព្រលានយន្តហោះផង បាតុកម្មជាប់ៗគ្នារាប់សប្ដាហ៍មកនេះ ធ្វើឲ្យទីក្រុងហិរញ្ញវត្ថុមួយនេះជួបបញ្ហាយ៉ាងច្រើន។
លោក Geng Shuang បានរំលេចពីផលវិបាកនៃបាតុកម្មច្រើនជាងពីរខែមកនេះ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់នីតិរដ្ឋនៅហុងកុង សណ្ដាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងមុខមាត់ទីក្រុងនេះលើឆាកអន្តរជាតិ។ បើតាមអ្នកនាំពាក្យដដែល គ្មាននរណារីករាយនឹងការរីកចម្រើន និងស្ថិរភាពរបស់តំបន់រដ្ឋបាលពិសេសហុងកុងជាប្រជាជនចិនដែលរាប់ទាំងប្រជាជនហុងកុងនោះឡើយ។ ដូចនេះ ចិននឹងដោះស្រាយបញ្ហានេះដោយខ្លួនឯងឲ្យបានល្អ។
ឯរឿងកិច្ចព្រមព្រៀងឆ្នាំ១៩៨៤ វិញ លោក Geng Shuang រៀបរាប់ថា វាជាកិច្ចព្រមព្រៀងមួយដែលបញ្ជាក់ពីការគ្រប់គ្រងលើអធិបតេយ្យហុងកុងដោយចិន។ លោកសង្កត់ធ្ងន់ថា ក្រោយការផ្ទេរសិទ្ធិគ្រប់គ្រងនៅឆ្នាំ១៩៩៧ រដ្ឋាភិបាលចិនបានអនុវត្តការគ្រប់គ្រងរបស់ខ្លួនដោយផ្អែកលើរដ្ឋធម្មនុញ្ញចិន និងច្បាប់មូលដ្ឋានរបស់ហុងកុង។ ក្នុងន័យនេះ បើគិតតាមច្បាប់អន្តរជាតិ និងបញ្ញត្តិនានាដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ គ្មានអង្គការណា ឬប្រទេសណាមានសិទ្ធិចេញសេចក្ដីថ្លែងការណ៍ដើម្បីលូកលាន់កិច្ចការហុងកុងឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com