Honda ថា ពេល​ជួប​បា​រ៉ែ​ន មាន​អ្នកគាំទ្រ​៥៥០០០​នាក់ មិនមែន​៤៥០០០​នាក់​ឡើយ​
FIFA
កីឡាជាតិ
ជាតិ
Honda ថា ពេល​ជួប​បា​រ៉ែ​ន មាន​អ្នកគាំទ្រ​៥៥០០០​នាក់ មិនមែន​៤៥០០០​នាក់​ឡើយ​
11, Sep 2019 , 10:39 pm        
រូបភាព
​ក្នុងការ​ប្រកួត​រវាង​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ទល់​បា​រ៉ែ​ន ក្នុង​វគ្គ​ជម្រុះ World Cup 2022 នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ល្ងាច​ថ្ងៃទី​១០ ខែកញ្ញា បានធ្វើ​ឲ្យ​កម្ពុជា ជាប់​កំណត់ត្រា​មាន​អ្នកទស្សនា​ផ្ទាល់​ច្រើន​លើសគេ​។ FIFA បានបង្ហាញ​តួលេខ​ពី​ចំនួន​អ្នកចូលរួម​ជំនួប​នេះ​ដល់​ទៅ​ពីរលើក ដោយ​លើក​ទី​១​ចំនួន ៥៥០០០​នាក់ និង​ក្រោយ​ការប្រកួត​ប្រកាសថា​សល់​ត្រឹម​៤៥០០០​នាក់​ទៅវិញ​។ តើ​ចំនួន​ណា​ដែល​ត្រឹមត្រូវ ខណៈដែល​អ្នកចាត់ការ​លោក Keisuke Honda បាន​សរសរ​ក្នុង​បណ្តាញ​សង្គម Instagram របស់លោក​នៅ​ថ្ងៃទី​១១ កញ្ញា ថា​មាន​អ្នកគាំទ្រ​រហូតដល់ ៥៥០០០​នាក់​។​



អត្ថបទទាក់ទង

​បើទោះជា​បរាជ័យ​ជំនួប​លើក​ទី​២​ក្រោម​ថ្វី​ជើង​ក្រុម​បា​រ៉ែ​ន​ក្នុង​លទ្ធផល ១-០ ក្តី ប៉ុន្តែ​ក្រុម​គោព្រៃ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Keisuke Honda និង​លោក Felix Dalmas ជា​គ្រូបង្វឹក​នោះ បានបង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ខ្មែរ​រាប់ម៉ឺន​នាក់​។​

​យ៉ាងណាក្តី មានការ​លើកឡើង​លើ​ចំនួន​អ្នក​ចូល​ទស្សនា​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ខុស​តួលេខ​គ្នា​ដល់​ទៅ​១​ម៉ឺន​នាក់​។ ក្នុងអំឡុង​ការប្រកួត​នៅ​នាទី​៧៥ ពិធី​ការិនី បានប្រកាសថា មាន​អ្នកគាំទ្រ​ចំនួន​៥៥០០០​នាក់ ស្របគ្នា​នោះ FIFA ក៏បាន​ប្រកាស​ចំនួន​ដូចគ្នានេះ​លើ App របស់ខ្លួន​ដែរ​។ ប៉ុន្តែ​ក្រោយ​ចប់​ការប្រកួត​ស្រាប់តែ FIFA បង្ហាញ​តួលេខ​សល់​តែ​៤៥០០០​វិញ​។​



​បើទោះជា​ស្ថាន​ប័ន​គ្រប់គ្រង​កីឡា​ពិភពលោក​មួយ​នេះ​បង្ហាញ​ពី​ចំនួន​អ្នក​ចូល​ទស្សនា​របស់​កម្ពុជា​ថយ​ដល់​ទៅ​១​ម៉ឺន​នាក់​ក៏ដោយ លោក Honda បាន Comment លើ​វីដេអូ​ដែល​បង្ហោះ​លើ Instagram ផ្ទាល់​របស់លោក ថា​មាន​ចំនួន​អ្នកចូលរួម ៥៥០០០​នាក់ ដោយ​មិន​ខ្វស់​ពី​តួលេខ​របស់ FIFA ឡើយ​។​

«​យើង​នៅតែ​នៅក្នុង​ដំណើរ​ការលេង​របស់​ដ​ដែល​។ #​អរគុណ #៥៥០០០ @cambodianationalteam #thankyou #55,000 #supporters #stadium»​។​
​កាលពី​ជំនួប​រវាង​កម្ពុជា​ទល់​ហុងកុង FIFA បង្ហាញថា​មាន​អ្នកទស្សនា​ចំនួន ៤៥០០០​នាក់ ប៉ុន្តែ​ជំនួប​ទល់​បា​រ៉ែ​ន​ដែល​គេ​ជឿជាក់ថា​មាន​អ្នកគាំទ្រ​ចូលរួម​លើស​ប្រកួត​មុន​នោះ​បែរ​ជាមាន​ទស្សនា​ត្រឹម​៤៥០០០​ទៅវិញ​៕

Tag:
 Keisuke Honda
  World Cup
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com