​ឈឺ​ន ស្រី​ពេជ្រ អរគុណ​ផ្នែក​ពិការភាព​ខ្លួនឯង ដែល​ធ្វើ​ឲ្យ​ជីវិត​ប្រឹងរក​ចំណេះ​និង​រៀន​រស់​ដោយ​ខ្លួនឯង​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
​ឈឺ​ន ស្រី​ពេជ្រ អរគុណ​ផ្នែក​ពិការភាព​ខ្លួនឯង ដែល​ធ្វើ​ឲ្យ​ជីវិត​ប្រឹងរក​ចំណេះ​និង​រៀន​រស់​ដោយ​ខ្លួនឯង​
18, Sep 2019 , 6:26 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកកញ្ញា ឈឺន ស្រីពេជ្រ
រូបភាពពីហ្វេសប៊ុកកញ្ញា ឈឺន ស្រីពេជ្រ
​ភ្នំពេញ​៖ ជា​យុវតី​ពិការ​ជើង​ទាំងសងខាង​និង​មាន​កាយសម្បទា​ពុំ​មាំមួន​ដូច​គេ កញ្ញា ឈឺ​ន ស្រី​ពេជ្រ ខំតស៊ូ​ព្យាយាម​រៀនសូត្រ រហូត​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​គណនេយ្យ​។ អ្វីដែល​កាន់តែ​ពិសេស ស្រី​ពេជ្រ បាន​ស្វះស្វែង​រៀន​កាត់ត​រូបភាព​, ថត​និង​កាត់ត​វីដេអូ និង​បង្កើត​កម្មវិធី​ហ្គេម តាមរយៈ​ការមើល YouTube និង​អ្នកជំនាញ​បន្ថែម រហូត​មាន​សម្ថ​ភាព​ទៅ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌា​។ កូនស្រី​អ្នក​ខេត្តកណ្តាល វ័យ​២៣​ឆ្នាំ​រូបនេះ បាន​អរគុណ​ផ្នែក​ពិការភាព​ខ្លួនឯង ដែល​ធ្វើ​ឲ្យ​ជីវិត​ខំប្រឹង​អភិវឌ្ឍន៍​ចំណេះដឹង​បន្ថែម និង​រៀន​រស់​ដោយ​ខ្លួនឯង ពោលគឺ​មិន​ផ្ដេកផ្ដួល​តាម​ពិការភាព​របស់ខ្លួន​ឡើយ​។ ក្រៅពី​ជួយ​ខ្លួនឯង ស្រី​ពេជ្រ រក​មធ្យោបាយ​ជួយ​គាំពារ​ពិការភាព​ផ្សេងទៀត និង​ចង់ឃើញ​ពួកគេ​រៀន​រស់​ដោយ​ខ្លួនឯងបាន​។​

 
«​ប្រសិនបើ យើង​នៅតែ​ផ្តេកផ្ដួល ឬ​តូចចិត្ត​ថា ហេតុអ្វី​បានជា​យើង​កើតមក​មាន​ពិការភាព​? ហេតុអ្វី​បានជា​យើង​ទៅណា​មក​ណា​អត់​បាន​ដូច​គេ​? ប្រសិនបើ យើង​នៅតែ​អត់​ទទួលស្គាល់​ពិការភាព​របស់ខ្លួន​ទេ គឺ​ធ្វើ​ឲ្យ​យើង​កាន់តែ​ធ្លាក់ចុះ​។ អីចឹង​យើង​គួរតែ​ធ្វើ​អ្វីដែល​សប្បាយ ហើយ​មាន​ប្រយោជន៍​ទាំង​ខ្លួនឯង និង​សង្គមជាតិ​»​។ នេះ​ជាស​ម្តី​របស់​យុវតី​ពិការភាព ឈឺ​ន ស្រី​ពេជ្រ ដែល​កំពុង​អង្គុយ​នៅលើ​រទេះរុញ ផ្តល់​បទ​សម្ភាស​ឲ្យ​សារព័ត៌មាន​អេ​ឡិ​ត​ត្រូ​និក​ថ្មីៗ កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៩ នេះ​។​
 
ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា សាម ស្រី​ណុ​ច អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​យុវតី​ពិការភាព ឈឺ​ន ស្រី​ពេជ្រ ដូចតទៅ​៖ 
 

 
​កញ្ញា ឈឺ​ន ស្រី​ពេជ្រ បាន​ពុះពារ​ឧបសគ្គ​នៅក្នុង​ជីវិត​ពិការភាព​របស់ខ្លួន​តាំងពី​កុមារ រហូត​បាន​រៀន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​គណនេយ្យ​ដោយ​ជោគជ័យ នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​។ ដោយ​គិតពី​ដំបូង​ឡើយ​ថា ខ្លួន​ពិការ​ភាពមិន​អាចធ្វើ​អ្វី​ផ្សេង​បាន ទើប ស្រី​ពេជ្រ សម្រេចចិត្ត​រៀន​ជំនាញ​គណនេយ្យ​នេះ ដើម្បី​អាចបំពេញ​ការងារ​នៅ​មួយកន្លែង ព្រោះ​ចង់​រៀន​រស់​ដោយ​ខ្លួន​បាន​។ ក្រោយពី​បាន​ចូលរួម​ជាមួយ​បណ្តាញ​ក្រុម​ស្ត្រី Light for the World ដែល​ជំរុញ​ឲ្យ​ពិការភាព ស្រី​ពេជ្រ ស្គាល់​ពី​តម្លៃ​នៃ​ចំណេះដឹង និង​មើលឃើញ​ការអភិវឌ្ឍ​ខ្លួន​កាន់​មាន​សារសំខាន់​។​


 
​ដូច្នេះ ស្រី​ពេជ្រ មិនបាន​បញ្ចប់​ចំណេះដឹង​និង​ការងារ​ត្រឹម​ជា​គណនេយ្យករ​ប៉ុណ្ណឹង​ទេ តែ​យុវតី​វ័យ​២៣​ឆ្នាំ រូបនេះ បាន​រៀន​កាត់ត​រូបភាព​, ថត​និង​កាត់ត​វីដេអូ និង​បង្កើត​កម្មវិធី​ហ្គេម តាមរយៈ​ការមើល YouTube និង​រៀន​ពី​ឯកសារ​ផ្សេងៗ រួមទាំង​រៀន​ពី​អ្នកជំនាញ​ផងដែរ​។ ចំណេះដឹង​បន្ថែម​ផ្នែក​ព័ត៌មានវិទ្យា​នេះ ធ្វើ​ឲ្យ​យុវតី​ពិការភាព ឈឺ​ន ស្រី​ពេជ្រ មាន​សម្ថ​ភាព​ចូលរួម​ប្រកួត​នៅក្នុង​ស្រុក និង​បាន​បន្តទៅ​ប្រកួតប្រជែង ផ្នែក​ព័ត៌មានវិទ្យា​ជា​សកល​សម្រាប់​យុ​ជនពិការ​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ញូ​ដា​លី ប្រទេស​ឥណ្ឌា ដែល​ស្រី​ពេជ្រ ជា​បេ​ក្ខ​នារី​តែ​ម្នាក់​គត់ ក្នុងចំណោម​បក្ខជន​បួន​នាក់​របស់​កម្ពុជា​។​


 
​កម្មវិធី​ប្រកួត​នៅ​ឥណ្ឌា ដែល​សម្របសម្រួល​ដោយ​មន្ត្រី នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ នេះ ត្បិត​មិន​ទទួលបាន​មេដាយ ប៉ុន្តែ ក្រុម​ពិការភាព​របស់​ស្រី​ពេជ្រ ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ទទួលបាន​លិខិត​សរសើរ​ពី​កម្មវិធី​នោះ​។ «​បើទោះជា មិនបាន​មេដាយ ក៏​ខ្ញុំ​ចង់​បង្ហាញថា ស្ត្រី​ដែលមាន​ពិការភាព​ក៏​អាច​ទៅ​ប្រកួត​នៅ​បរទេស​បានដែរ​។ សំខាន់​ឲ្យ​តែ​យើង​ជឿជាក់​លើ​ខ្លួនឯង​»​។ យុវតី​ដែល​ចូលចិត្ត​ផ្នែក​បច្ចេកទេស​ផលិត​វីដេអូ​និង​ព័ត៌មានវិទ្យា រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​។ 


 
​ស្រឡាញ់​ចូលចិត្ត​ផ្នែក​បច្ចេកទេស​ខាងលើ តែ​កញ្ញា ឈឺ​ន ស្រី​ពេជ្រ ដែល​កំពុង​បម្រើ​ការងារ​ជា គណនេយ្យករ នៅ​សាលារៀន​ភាសា​ខ្មែរ ក្នុង​រាជធានី​ភ្នំពេញ មិនមាន​បំណង​បោះបង់​ជំនាញ​គណនេយ្យ​នេះឡើយ ព្រោះ​ជា​ក្តី​ស្រមៃ​មួយ​ហើយ ហើយ​មួយទៀត​ស្រី​ពេជ្រ បញ្ជាក់ថា​៖«​ខ្ញុំ​ចង់​ធ្វើការ​ទាក់ទង​នឹង​ផ្នែក​ពិការភាព ដើម្បី​ស្វែងរក​មតិ​គាំទ្រ​ដល់​អ្នក​ពិការភាព​, ចង់ឃើញ​អ្នក​ពិការភាព​ទាំងអស់​មាន​ក្តីសង្ឃឹម និង​អាច​រស់នៅក្នុង​ជីវភាព​មួយ​ដ៏​សមរម្យ​»៕




 

© រក្សាសិទ្ធិដោយ thmeythmey.com