អន្តរជាតិ
មិន​ដល់​មួយ​សប្តាហ៍ តៃវ៉ាន់ អស់​មិត្ត​ពីរ​ហើយ ដែលរ​ត់ទៅ​ចាប់​ចិន
20, Sep 2019 , 8:19 pm        
រូបភាព
លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsi Ing-wan (AFP)
លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsi Ing-wan (AFP)
ដោយ:
​តៃវ៉ាន់ បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​គី​រី​បាទី បន្ទាប់ពី​ប្រជាជាតិ​ក្នុង​តំបន់​កោះ​ប៉ាស៊ីហ្វិក​មួយ បានជ្រើសរើស​ទៅ​ភ្ជាប់​ចំណង​ការទូត​ជាមួយ​ក្រុង​ប៉េកាំង​។ ការផ្លាស់ប្តូរ​ចុងក្រោយបង្អស់​នេះ កើតឡើង ៤ ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​បាន​ផ្តាច់ចំណង​ការទូត​ជាមួយ​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន​សម្រាប់​ហេតុផល​ដូចគ្នា ។ បច្ចុប្បន្ន តៃវ៉ាន់ សល់​មិត្ត​ត្រឹម ១៥ ប្រទេស​ប៉ុណ្ណោះ​។



​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ នៅ​ថ្ងៃ​សុក្រ ទី​២០ កញ្ញា រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ Joseph Wu បញ្ជាក់​ឲ្យ​ដឹងថា  ស្ថានទូត​តៃវ៉ាន់​ប្រចាំ​ប្រទេស​គី​រី​បាទី នឹងត្រូវ​បិទទ្វារ​។ ប្រមុខ​ការទូត​រូបនេះ និយាយ​បែបនេះ​៖«​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​គី​រី​បាទី បានផ្តល់​ដំណឹង​ជា​ផ្លូវការ​ដល់​រដ្ឋាភិបាល​យើង​ថា ខ្លួន​សម្រេចការ​ចំណង​ការទូត​ជាមួយ​សាធារណរដ្ឋ​ចិន (​ឈ្មោះ​ផ្លូវការ​របស់ តៃវ៉ាន់​)»​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋាភិបាល​តៃវ៉ាន់​បាន​សោកស្តាយ​យ៉ាង​ជ្រោ​ល​ជ្រៅ និង​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​គី​រី​បាទី ដែល​បំភ្លេចចោល​ជំនួយ​និង​មិត្តភាព ដែល​តៃវ៉ាន់​ផ្តល់​ឲ្យ​ក្នុងពេល​ច្រើន​ឆ្នាំនេះ​។

​ក្រុង​ប៉េកាំង ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់ខ្លួន​ដែល​រង់ចាំ​បង្រួបបង្រួម ទោះជា​កម្លាំងយោធា​ក្តី ប្រសិនបើជា​ចាំបាច់​នោះ ។ ចាប់តាំងពី​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsi Ing-wan ដែល​ទំនោរ​ទាមទារ​ឯករាជ្យ ឡើងកាន់តំណែង​កាលពី​ឆ្នាំ​២០១៦​មក រដ្ឋាភិបាល​ចិន បានដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​ក្រុង​តៃប៉ិ​។

​នោះ​គឺមាន​ដូចជា ការបញ្ចុះ​បញ្ចូល​សម្ព័ន្ធ​មិត្ត​តៃវ៉ាន់​ឲ្យ​ទៅ​ភ្ជាប់​ចំណង​ការទូត​ជាមួយ​ចិន និង​ជារឿយៗ​ធ្វើ​សមយុទ្ធ​យោធា ក្បែរ​កោះ​តៃវ៉ាន់ ជាដើម​។ កាលពី​ថ្មីៗ​នេះ ក្រុង​ប៉េកាំង ព្រមាន​ថា ក្រុង​តៃប៉ិ នឹង​បាត់បង់​មិត្ត​ទាំងអស់ ប្រសិនបើ​លោកស្រី​ប្រធានាធិបតី Tsai ជាប់ឆ្នោត​ជាថ្មី​នា​ឆ្នាំក្រោយ​៕

អត្ថបទទាក់ទង


Tag:
 ចិន​
  តៃវ៉ាន់​
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com