សកម្មជនខាងប្រឆាំង៧នាក់ រងបទចោទ «រួមគំនិតក្បត់ជាតិ»
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សកម្មជនខាងប្រឆាំង៧នាក់ រងបទចោទ «រួមគំនិតក្បត់ជាតិ»
20, Sep 2019 , 6:42 pm        
រូបភាព
កញ្ញា យូ ចាន់ធានី សកម្មជនម្នាក់នៃអតីតគណបក្សប្រឆាំង និង ធ្លាប់អានព័ត៌មានលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី​ ត្រូវបានឃុំខ្លួនក្រោមបទរួមគំនិតក្បត់ជាតិ
កញ្ញា យូ ចាន់ធានី សកម្មជនម្នាក់នៃអតីតគណបក្សប្រឆាំង និង ធ្លាប់អានព័ត៌មានលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី​ ត្រូវបានឃុំខ្លួនក្រោមបទរួមគំនិតក្បត់ជាតិ
ដោយ: ថ្មីៗ
យ៉ាងតិច មានសកម្មជននិងមន្រ្តី៧នាក់នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានឃុំខ្លួនក្រោម «បទរួមគំនិតក្បត់» តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ។



បុគ្គលដែលចូលរួមក្នុងគម្រោងធ្វើរដ្ឋប្រហារឬផ្តួលរំលំរដ្ឋាភិបាល ត្រូវជាប់ពី «បទរួមគំនិតក្បត់» តាមត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ ដោយត្រូវផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយបើបុគ្គលនោះ ជាមន្រ្តីសាធារណៈ ត្រូវជាប់ពន្ធនាគារ ពី១០ឆ្នាំ ទៅ ២០ឆ្នាំ។

ចំណែក បុគ្គលឬក្រុមមេដឹកនាំ ដែលចូលរួមផ្ទាល់ ក្នុងការរៀបផែនការធ្វើរដ្ឋប្រហារ ត្រូវផ្តន្ទាទោសពី «បទឧបឃាត» តាមមាត្រា៤៥១និងមាត្រា៤៥២នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ហើយ «បើជនល្មើសជាអ្នករាជការសាធារណៈ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត»។ «បទឧបឃាត» ចាត់ចូលក្នុងអំពើក្បត់ជាតិ។

អត្ថបទទាក់ទង


លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា «បទរួមគំនិតក្បត់» គឺសំដៅលើ «បទរួមគំនិតក្បត់ជាតិ» ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដែលបង្កឧក្រិដ្ឋកម្មធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរដ្ឋ។ លោក បន្ថែមថា ចំពោះអំពើក្បត់ជាតិ គឺជនល្មើសចូលរួមដោយផ្ទាល់ក្នុងការរៀបចំផែនការធ្វើរដ្ឋប្រហារឬផ្តួលរំលំរដ្ឋាភិបាល។

អ្នកនាំពាក្យរូបនេះ ពន្យល់ដូច្នេះថា៖«…[ទោសក្បត់ជាតិគឺ] ពីលើ [មក] អ្នកនោះ រៀបចំផែនការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល រួចអ្នកនេះ ធ្វើសកម្មភាព ដើម្បីគាំទ្រផែនការហ្នឹង [ដូចជា] ការអំពាវនាវ ការផ្សព្វផ្សាយ និង ការប្រមែលប្រមូលផ្តុំគ្នា ជាដើម អាហ្នឹងគឺរួមគំនិតក្បត់ [ជាតិ]»។

លោក កឹម សុខា ប្រធាននៃអតីតគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំក្នុងផ្ទះ បានរងពី «បទសន្ទិដ្ឋិភាព» ដែលសំដៅលើការគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ បទល្មើសនេះ ក៏ស្ថិតក្នុងអំពើក្បត់ជាតិដែរ។

សកម្មជនទាំង៧នាក់ចុងក្រោយ ដែលរងពី «បទរួមគំនិតក្បត់» គឺ កញ្ញា យូ ចាន់ធានី លោក ទុំ ប៊ុនថន (នៅភ្នំពេញ), លោក លី ម៉េងឃាង លោក លី លីន លោក ឈុន ថៃយុទ្ធ (នៅខេត្តកណ្តាល), លោក ហ៊ុន សុគង់ (នៅកំពង់ចាម), និង លោក យ៉ាត ភារម្យ (នៅខេត្តបន្ទាយមានជ័យ)។

លោក សំ សុគង់ មេធាវីការពារក្តីឲ្យអ្នកទាំង៧ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ក្រៅពីរង «បទរួមគំនិតក្បត់» ពួកគេ នៅរងបទចោទមួយទៀត គឺ «បទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ លោក បន្ថែមថា មានតែលោក យ៉ាត ភារម្យ ប៉ុណ្ណោះ ដែលរងបទល្មើសតែមួយ គឺ «បទរួមគំនិតក្បត់»។

លោកមេធាវី លើកឡើងថា មានអង្គហេតុ៣ ដែលពួកគេ រងបទចោទខាងលើ គឺទី១ ការប្រកាសគាំទ្រឲ្យលោក សម រង្ស៊ី ធ្វើជាប្រធានស្តីទីនៃអតីតគណបក្សប្រឆាំង ទី២ ការផ្សព្វផ្សាយព័ត៌មានបន្តអំពីការវិលត្រឡប់របស់លោក សម រង្ស៊ី និង ទី៣ ការទៅជួបលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី នាពេលកន្លងមក។ លោក មានប្រសាសន៍ដូច្នេះថា៖«ការចោទប្រកាន់នេះ មិនត្រឹមត្រូវទេ។ ពួកគេ គ្រាន់ត្រែប្រើប្រាស់សិទ្ធិបញ្ចេញមតិនិងសិទ្ធិចូលរួមក្នុងជីវភាពនយោបាយ...»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ផ្តាំថា ការចាប់មនុស្សទាំងនោះ មិនមែនជាការចាប់ចុងក្រោយឬជាទីបញ្ចប់នោះទេ ពោលគឺ អាជ្ញាធរ នឹងបន្តចាប់អ្នកផ្សេងទៀត ឲ្យតែប្រព្រឹត្តខុសច្បាប់។ លោក សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម សំដៅទៅសកម្មជនខាងប្រឆាំងក្នុងស្រុកថា៖«....ក្រុមឧទ្ទាម [មេដឹកនាំក្រុមប្រឆាំង] គ្មានលទ្ធភាពអ្វីជួយដោះស្រាយទេ»។

កន្លងមក មានសកម្មជនជិត២០នាក់ផ្សេងទៀត ដូចជា លោក គង់ ម៉ាស់ ស៊ូ យាន លោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ ជាដើម ក៏ត្រូវបានចាប់ខ្លួនផងដែរ ដែលមកដល់ពេលនេះ ពួកគេ កំពុងជាប់ឃុំ។ ប៉ុន្តែ ពុំមានព័ត៌មានច្បាស់លាស់ឡើយ ថាពួកគេទាំងអស់នោះ រងពីបទចោទអ្វីខ្លះ។

អតីតគណបក្សប្រឆាំង បានចេញសេចក្តីថ្លែងការណ៍ពីក្រៅប្រទេសមក ដោយបានថ្តោលទោសរដ្ឋាភិបាលកម្ពុជា។ សេចក្តីថ្លែងការណ៍ដែលចេញនៅថ្ងៃទី១៤ ខែកញ្ញា បានសរសេរថា៖«ការចាប់និងឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិខាងលើ គឺជាទង្វើរំលោភបំពានយ៉ាងកម្រោលលើច្បាប់ជាតិនិងអន្តរជាតិ ព្រមទាំងរដ្ឋធម្មនុញ្ញកម្ពុជា....»។

លើសពីនេះ សហរដ្ឋអាមេរិក តាមរយៈអ្នកស្រី Morgan Ortagus អ្នកនាំពាក្យការបរទេស បានស្នើមករដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិទាំងអស់ រួមទាំងលោក កឹម សុខា ផងដែរ។ អ្នកស្រី បានហៅការចាប់អ្នកទាំងនោះ ថាធ្វើឡើងតាមអំពើចិត្តនិងខុសច្បាប់។

អ្នកនាំពាក្យការបរទេសអាមេរិក ថ្លែងក្នុងវីដូអូឃ្លីបដែលមានប្រវែងជិតមួយនាទី កាលពីថ្ងៃទី១៧ ខែកញ្ញា យ៉ាងដូច្នេះថា៖««យើង នៅតែទទូចឲ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិធិបតេយ្យសេរីពហុបក្សឡើងវិញ ហើយការពារសិទ្ធិមនុស្ស និង សិទ្ធិជាមូលដ្ឋានផ្សេងទៀត»៕

Tag:
 សកម្មជន CNRP
© រក្សាសិទ្ធិដោយ thmeythmey.com