នាយករដ្ឋមន្ត្រី ព្រមាន​ចំពោះ​អ្នក​ដែល​ចូលរួម​យុទ្ធនាការ​«​ម្រាមដៃ​៩» ជាមួយ​លោក សម រង្ស៊ី​
ជាតិ
នាយករដ្ឋមន្ត្រី ព្រមាន​ចំពោះ​អ្នក​ដែល​ចូលរួម​យុទ្ធនាការ​«​ម្រាមដៃ​៩» ជាមួយ​លោក សម រង្ស៊ី​
02, Oct 2019 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ ពលរដ្ឋ​ណា ដែល​ចូលរួម​សកម្មភាព​នៃ​យុទ្ធនាការ​«​ម្រាមដៃ​៩» តាម​ការអំពាវនាវរ​ប​ស់លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​ប្រឈមមុខ​ផ្លូវច្បាប់​។ នេះ​ជាការ​ព្រមាន​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​និស្សិត​ប៊ែ​ល​ធី នៅ​ព្រឹក​ថ្ងៃទី​២ តុលា​។​



​សម្ដេច ហ៊ុន សែន បានចាត់ទុក​យុទ្ធនាការ​«​ម្រាមដៃ​៩» របស់លោក សម រង្ស៊ី នេះ គឺជា​ការផ្ដួលរំលំ​រដ្ឋា​ភិ​បាល ដែល​មិនអាច​លើកលែង​បាន​។ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី យុទ្ធនាការ​នេះ មិនមែនជា​សិទ្ធិ​បញ្ចេញមតិ​ទេ ប៉ុន្តែ​វា​ជា​រដ្ឋប្រហារ​ទៅវិញ​។​




​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ហាម​ពលរដ្ឋ ចូលរួម​សកម្មភាព​នៃ​យុទ្ធនាការ​«​ម្រាមដៃ​៩» តាម​ការអំពាវនាវរ​ប​ស់លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។ «​ខ្ញុំ​សូម​ផ្ដែផ្ដាំ អ្នកណា​ក៏ដោយ ឱ្យតែ​ធ្វើ​យុទ្ធនាការ នឹងត្រូវ​ជាប់​បទ​ចោទ​តាម​ក្រមព្រហ្មទណ្ឌ​តាមច្បាប់​ថ្មី ។ អ៊ីចឹង​កុំឱ្យ​សោះ​ណា (​ធ្វើ​)​យុទ្ធនាការ​ម្រាម​៩ ។ បើ​ចង់​ធ្វើ​យុទ្ធនាការ​ម្រាម​៩ កាត់​ម្រាម​១​ក្រវាត់ចោល​ទៅ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​បន្ថែមថា អ្នក​ដែល​ចូលរួម​សកម្មភាព​យុទ្ធនាការ​«​ម្រាមដៃ​៩» នឹង​ប្រឈមមុខ​បទ​ចោទ​«​ឧបឃាត​»​។​

​កាលពី​ថ្ងៃទី​២៦ កញ្ញា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​លោក សម រ​ង្ស៉ី និង​បក្ខពួក​៨​នាក់​ផ្សេងទៀត ពីបទ «​ឧបឃាត​» ពាក់ព័ន្ធ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្ដួលរំលំ​រាជរដ្ឋាភិបាល ក្រោម​ឧបាយកល​ជា​ផែនការ​នៃ​ការវិលត្រឡប់​ចូល​ប្រទេស​កម្ពុជា ។ តុលាការ​សង្កត់ធ្ងន់ថា ផែនការ​ដែលមាន​ក្នុង​អង្គហេតុ​ខាងលើ គឺជា​ឧក្រិដ្ឋកម្ម​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សន្តិសុខ នៃ​រដ្ឋ ។ ចំណែក​អ្នកពាក់ព័ន្ធ​នឹង​ការគាំទ្រ ឬ​ចូលរួម​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ខាងលើនេះ នឹងត្រូវ​ប្រឈមមុខ នឹង​ការចោទប្រកាន់​បញ្ជូនទៅ​តុលាការ​កាត់ទោស តាមច្បាប់​ពី «​បទ​រួមគំនិត​ក្បត់​» ដែល​អាចមាន​ទោស​ពី ៥​ឆ្នាំ ទៅ​២០​ឆ្នាំ តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ លើកលែង​អ្នកពាក់ព័ន្ធ​ទាំងនោះ បាន​ចូលមក​សារភាព បាន​ទាន់ពេលវេលា ដែល​អាច​នឹងត្រូវ​លើកលែង​អោយ​រួច​ពី​ទោស​តាម​បញ្ញត្តិ​ពិសេស នៃ​មាត្រា​៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ក្រៅពី​លោក សម រ​ង្ស៉ី មនុស្ស​៨​ទៀត ដែល​តុលាការ​ចោទប្រកាន់​នេះ រួមមាន​លោក អេង ឆៃអ៊ាង​,​លោកស្រី  មូរ សុខ​ហួរ​, លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ​, លោក ហូរ វ៉ាន់​, លោក ឡុង រឺ​, លោក ម៉ែន សុថា​វរិ​ន្ទ្រ​, លោក នុត រំដួល និង​ភរិយា​លោក សម រង្ស៊ី គឺ​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ព្រមទាំង​គូកន ពីបទ​ឧបឃាត ដោយ​យោងតាម​មាត្រា​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាចមាន​ទោស​ពី ១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​។​

​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​លោក សម រង្ស៊ី បានប្រកាស​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​៩ វិច្ឆិកា ដោយ​អម​ជាមួយ​ការអំពាវនាវ​ឱ្យ​គាំទ្រ​ខ្លួន រង់ចាំ​ទទួល​លោក​ទៀតផង​។ តប​នឹង​ការអំពាវនាវ​របស់​មេ​ដឹកនាំ​នៃ​អតីត​បក្សប្រឆាំង​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​រៀបចំ​ពិធី​ទទួលទាន​អំបុក​សាមគ្គី ទូទាំងប្រទេស ក្រោម​ហេតុផល​ការពារជាតិ សាសនា ព្រះមហាក្សត្រ​។ សម្ដេច ហ៊ុន សែន ធ្លាប់​ទទួលបាន​ជោគជ័យ​ម្ដង​ហើយ លើ​ការអំពាវនាវ​ឱ្យ​ពលរដ្ឋ​រៀបចំ​ទិវា​បរិភោគ​នំ​បញ្ចុក​សាមគ្គី កាលពី​ថ្ងៃទី​៩ មិថុនា នៅ​គ្រា​ដែល​លោក សម រង្ស៊ី ប្រកាស​បរិភោគ​នំ​បញ្ចុក​នេះ ក្រោម​ហេតុផល​ថែរក្សា​វប្បធម៌​ប្រពៃណី ម្ហូបអាហារ​ខ្មែរ ក៏ដូចជា​ការរួបរួម​គ្នា និង​សាមគ្គី​គ្នា​៕

អត្ថបទទាក់ទង



Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
  ម្រាមដៃ​៩
© រក្សាសិទ្ធិដោយ thmeythmey.com