កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹង​ទៅ​ស្វែងរក​លក្ខណៈពិសេស​ក្នុង​តំបន់ភ្នំ​គូលែន​
ជាតិ
រថយន្ត
កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹង​ទៅ​ស្វែងរក​លក្ខណៈពិសេស​ក្នុង​តំបន់ភ្នំ​គូលែន​
05, Oct 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ភ្នំ​គូលែន ជា​ឧទ្យាន​ជាតិ​មួយ និង​ជា​តំបន់​សក្តានុពល​ផ្នែក​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ របស់​ខេត្តសៀមរាប​។ ក្នុង​បទ​សម្ភាស​ជាមួយ​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» សម្រាប់​បេសកកម្ម​ទី​៥ ឆ្ពោះទៅ​ខេត្តសៀមរាប លោក ជុក ជំនោរ មន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា​៖ «​ភ្នំ​គូលែន ជា​គោលដៅ​ទេសចរណ៍​សំខាន់ ដែល​ផ្សារភ្ជាប់​ពី​នៅ​ក្រុង​អង្គរ​មក​ភ្នំ​គូលែន​។ បច្ចុប្បន្ន​ភ្នំ​គូលែន មាន​ភ្ញៀវទេសចរ​បរទេស និង​ក្នុងស្រុក ទៅ​កម្សាន្ត​កាន់តែច្រើន​»​។ បេសកកម្ម​ទី​៥ នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ៧-៩ តុលា​ខាងមុខនេះ​។​



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍​ដូចតទៅ​៖



​បើតាម​លោក ជុក ជំនោរ តំបន់ភ្នំ​គូលែន ត្រូវបាន​អាជ្ញាធរ​រៀបចំ​ជា​សួនផ្កា​អរ​គី​ដេ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ទៅ​កម្សាន្ត​ភ្នំ​គូលែន​។ លោក ជំនោរ បន្តថា  ក្រសួង​ពាក់ព័ន្ធ កំពុង​សិក្សា​លើ​គម្រោង ជិះ​ខ្សែ​រ៉ក​នៅលើ​ភ្នំ​គូលែន ដែល​ភ្ជាប់​ពី​ម្ខាង​ទៅ​ម្ខាង​។

អត្ថបទទាក់ទង

​តំបន់​ទេសចរណ៍​ភ្នំ​គូលែន សម្បូរ​ទៅដោយ​ព្រៃភ្នំ​ក្រំ​ថ្ម​បែប​ធម្មជាតិ មាន​ប្រាង្គ​ប្រាសាទ ចម្លាក់​សិលា និង​បុរាណ​ដ្ឋា​ន​ជាច្រើន​។ ក្រៅពីនេះ នៅមាន​ស្ទឹង​ប្រវត្តិសាស្ត្រ មាន​ពយ​ភ្នំ​ដែល​កើតឡើង​ពី​ធម្មជាតិ ទេសភាព​នៅលើ​ភ្នំ រឹតតែ​ស្រស់ត្រកាល ហើយ​ថែមទាំង​មិន​ឆ្ងាយ​ពី​តំបន់​អង្គរ និង​ទីប្រជុំជន​សៀមរាប​ទៀតផង​។​

​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹង​ផ្តិត​យក​ទស្សនីយភាព​នៃ​សក្តានុពល​ទេ​សចណ៍​ល្អ​ឯកនៃ​«​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​» នៅក្នុង​ទឹកដី​អង្គរ​សៀមរាប​មក ផ្សព្វផ្សាយ​ជូន​ប្រិយមិត្ត​ដែល​តាមដាន​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នៅ​ថ្ងៃទី​៧-៩ ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​គួររម្លឹកថា  បេសកកម្ម​ទី​១ ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បាន​ទៅ​ស្វែងរក និង​គាស់កកាយ​កំណប់​ទេសចរណ៍​នៅ​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, បេសកកម្ម​ទី​២ ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ​។ បេសកកម្ម​ទី​៣ ធ្វើដំណើរ​ទៅកាន់​តំបន់​ទេសចរណ៍​សក្តានុពល​បែប​ធម្មជាតិ​, សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា និង​ទេសចរណ៍​ប្រពៃណី​-​វប្បធម៌​ជនជាតិដើម​ភាគតិច នៅ​ខេត្តរតនគិរី និង​បេសកកម្ម​ទី​៤ ឆ្ពោះទៅកាន់ «​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​» នៃ​ខេត្តកោះកុង​។​

​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង អង្គភាព Fresh News និង​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍​។ កម្មវិធី​នេះ បង្កើតឡើង​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍​ដែល​គេ​មិនសូវ​ស្គាល់ ឬ​តំបន់​ទេសចរណ៍​សក្តានុពល​ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕


Tag:
 ភ្នំ​គូលែន​
  «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»
© រក្សាសិទ្ធិដោយ thmeythmey.com