អ្នកជាប់ចោទក្នុងផែនការធ្វើរដ្ឋប្រហារ បានរួចទោស ក្រោយចេញមកសារភាព
ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកជាប់ចោទក្នុងផែនការធ្វើរដ្ឋប្រហារ បានរួចទោស ក្រោយចេញមកសារភាព
11, Oct 2019 , 1:22 pm        
រូបភាព
លោក រស់ គឹមសៀង និង អ្នកស្រី សេង សុខន
លោក រស់ គឹមសៀង និង អ្នកស្រី សេង សុខន
ដោយ: ថ្មីៗ
មានសកម្មជនពីរនាក់ហើយរបស់អតីតគណបក្សប្រឆាំង ដែលបានស្ម័គ្រចិត្តចេញមកសារភាពថា ពួកគេ ពិតជាពាក់ព័ន្ធក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាល ដែលរៀបចំដោយមេដឹកនាំរបស់ពួកគេនៅក្រៅប្រទេស។ ក្រោយសារភាព ពួកគេ ក៏បានរួចផុតពីទោសទណ្ឌ។



សកម្មជនទាំងពីរនាក់នោះ គឺអ្នកស្រី សេង សុខន អតីតចៅសង្កាត់ផ្សារដេប៉ូទី២របស់គណបក្សប្រឆាំង និង លោក រស់ គឹមសៀង អតីតប្រធានចលនាយុវជនគណបក្សប្រឆាំងក្នុងខេត្តកំពង់ធំ។ អ្នកទាំងពីរ រងបទចោទដូចគ្នា គឺបទរួមគំនិតក្បត់ជាតិ។ អ្នកស្រី សេង សុខន (មិនទាន់ជាប់ឃុំ) រស់នៅក្នុងរាជធានីភ្នំពេញ ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចទម្លាក់បទចោទ ហើយលោក រស់ គឹមសៀង (ជាប់ឃុំ) រស់នៅក្នុងខេត្តកំពង់ធំ ត្រូវបានតុលាការខេត្តកំពង់ធំ ទម្លាក់បទចោទ ហើយដោះលែងឲ្យមានសេរីភាពវិញ។

មាត្រា៤៥៤នៃក្រមព្រហ្មទណ្ឌ ចែងថា បុគ្គលណាដែលបានចូលរួមក្នុងអំពើរួមគំនិតក្បត់ [ជាតិ] ត្រូវលើកលែងឲ្យរួចផុតពីការទទួលទោស ប្រសិនបើមុនការចោទប្រកាន់ បុគ្គលនោះ បានបង្ហាញប្រាប់ដល់អាជ្ញាធរមានសមត្ថកិច្ច ពីអត្ថិភាពនៃអំពើនេះ ហើយបាននាំឲ្យស្គាល់អត្តសញ្ញាណនៃអ្នកចូលរួមដទៃទៀត។

មកដល់បច្ចុប្បន្ន សកម្មជនិងមន្រ្តីនៃអតីតគណបក្សប្រឆាំងមិនតិចជាង២០នាក់នោះទេ ដែលត្រូវបានចោទពីបទរួមគំនិតក្បត់ជាតិ និងមានអ្នកផ្សេងទៀត រងពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។ ក្នុងចំណោមអ្នកទាំងនោះ មានអ្នកខ្លះត្រូវចាប់ខ្លួនយកទៅឃុំ និងអ្នកខ្លះ បានគេចខ្លួនទាន់។

ការចេញសារភាពកំហុសរបស់សកម្មជនខាងលើ គឺបន្ទាប់ពីមានការអំពាវនាវរបស់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ អមជាមួយនឹងការព្រមានរបស់នាយករដ្ឋមន្រ្តី។ លោក គឹម សន្តិភាព ជំរុញឲ្យអ្នកពាក់ព័ន្ធក្នុងគម្រោងធ្វើរដ្ឋប្រហារទាំងអស់ ឲ្យឆាប់ចេញមកសារភាពកំហុស ដើម្បីទទួលបានការលើកលែងទោស។ ចំណែកសម្តេចនាយករដ្ឋមន្រ្តី ព្រមានថា អ្នកពាក់ព័ន្ធក្នុងគម្រោងធ្វើរដ្ឋប្រហារ នឹងត្រូវទទួលទោស។

អត្ថបទទាក់ទង


ដោយឡែក លោក សម រង្ស៊ី និង បក្សពួក៨នាក់ទៀត ដែលជាមេដឹកនាំសំខាន់ៗរបស់ក្រុមអ្នកប្រឆាំង បានរងពីបទឧបឃាត ដែលសំដៅលើការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ តុលាការ លើកពីក្រមព្រហ្មទណ្ឌថា មេដឹកនាំដែលរៀបចំគម្រោងធ្វើរដ្ឋប្រហារ ប្រឈមនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ ហើយអ្នកចូលរួម ប្រឈមនឹងការជាប់ពន្ធនាគារពី១០ឆ្នាំទៅ២០ឆ្នាំ។

លោក សម រង្ស៊ី ប្រកាសថា លោក នឹងវិលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ។ លោក អះអាងថា មានប្រជាពលរដ្ឋខ្មែរជាច្រើននៅក្រៅប្រទេស នឹងមកជាមួយលោក ហើយប្រជាពលរដ្ឋនៅក្នុងស្រុក ក៏ត្រៀមទទួលលោកថែមទៀត។

លើសពីនេះ លោក សម រង្ស៊ី បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ ផ្តាច់ខ្លួនពីរដ្ឋាភិបាល ហើយទៅចូលរួមជាមួយលោក។ យ៉ាងណា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានប្រកាសត្រៀមខ្លួន ចាំចាប់លោក សម រង្ស៊ី និងបក្សពួក តាមដីការបស់តុលាការ៕

Tag:
 សម រង្ស៊ី
  មាតុភូមិនិវត្ត
  សកម្មជន
  រដ្ឋប្រហារ
  រួមគំនិតក្បត់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com