FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
មេ FIFA ខកចិត្ត​ដែល​ជំនួប​បងប្អូន​កូរ៉េ គ្មាន​អ្នកគាំទ្រ​
16, Oct 2019 , 3:53 pm        
រូបភាព
​លោក Gianni Infantino ប្រធាន​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA) បានធ្វើដំណើរ​ទៅកាន់​ក្រុង​ព្យុងយ៉ាង​ដើម្បី​ទស្សនាការ​ប្រកួត​រវាង​កូរ៉េខាងជើង ជាមួយ​កូរ៉េខាងត្បូង​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល នៃ​ពានរង្វាន់ FIFA World Cup 2022​។ លោក Infantino បង្ហាញ​ការខកចិត្ត​យ៉ាងខ្លាំង ដ្បិត​ជំនួប​កូរ៉េ Derby ដែល​ធ្វើឡើង​នៅ​ទឹកដី​កូរ៉េ​លើកដំបូង​ក្នុង​រយៈពេល​២៩​ឆ្នាំ​ចុងក្រោយ នេះ​គ្មាន​អ្នកគាំទ្រ​ចូល​ទស្សនា​។​



អត្ថបទទាក់ទង

​ក្នុងជំនួប​ពូ​ល H នៃ​វគ្គ​ជម្រុះ​ជុំ​ទី​២​តំបន់​អាស៊ី នៅ​ថ្ងៃទី​១៥ ខែតុលា ក្រុមកីឡា​បាល់ទាត់​កូរ៉េ​ទាំងពីរ​បានបញ្ចប់​ការប្រកួត​ដោយ​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា នៅឯ​កីឡដ្ឋាន Kim Il-Sung ដែល​គ្មាន​អ្នកគាំទ្រ​សូម្បី​ម្នាក់​។

​នេះ​ជា​ជំនួប​ដំបូង​ផងដែរ​រវាង​ក្រុម​បងប្អូន​កូរ៉េ​ទាំងពីរ​នៅលើ​ទឹកដី​កូរ៉េខាងជើង​ក្នុង​រយៈពេល​២៩​ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​ជួបគ្នា​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ក្រុង​ព្យុងយ៉ាង​តាំងពី​ឆ្នាំ​១៩៩០​មក​។​



​ដោយសារតែ​ជាការ​ប៉ះគ្នា​ដំបូង​រវាង​កូរ៉េ​ទាំងពីរ បានធ្វើ​ឲ្យ​មានការ​រំពឹងទុក​មុន​ថា នឹង​ទាក់ទាញ​អ្នកគាំទ្រ​ចូល​ទស្សនា​ផ្ទាល់​រហូត​៤​ម៉ឺន​នាក់​។ ប៉ុន្តែ​អ្វីៗ​មិន​ដូច​ការគិត​ឡើយ កូរ៉េខាងជើង​បាន​បើក​ការប្រកួត​ដោយ​បិទទ្វារ​កីឡដ្ឋាន ពោលគឺ​គ្មាន​អ្នកគាំទ្រ​របស់​កូរ៉េ​ទាំងពីរ​ឡើយ និង​ព្រមទាំង​មិនមាន​ការផ្សាយ​ផ្ទាល់​ផង​។ កូរ៉េខាងជើង​ក៏​មិនបាន​អនុ​ញ្ញាត​ឲ្យ​អ្នកកាសែត​ផ្សេងៗ​រួមទាំង​កូរ៉េខាងត្បូង​ផង​ចូល​កីឡដ្ឋាន​ដូចគ្នា​។ ក្នុងជំនួប​នោះ មានតែ​វត្តមាន​លោក Infantino រួមជាមួយ​មន្ត្រី​កីឡាបាល់ទាត់ និង​អ្នកការទូត​បរទេសមួយ​ចំនួន​ប៉ុណ្ណោះ​។

«​ខ្ញុំ​ទន្ទឹងរង់ចាំ​មើល​អ្នកគាំទ្រ​នៅ​ពេញ​កីឡដ្ឋាន​សម្រាប់​ការប្រកួត​ជា​ប្រវត្តិសាស្ត្រ​បែបនេះ ប៉ុន្តែ​ខ្ញុំ​ទទួលបាន​ត្រឹម​ខកចិត្ត​ដែល​មិនមាន​វត្តមាន​អ្នកគាំទ្រ​ម្នាក់​សោះ​។ យើង​ពិតជា​ភ្ញាក់ផ្អើល​ចំពោះ​បញ្ហា​នេះ និង​ការផ្សាយ​ផ្ទាល់​ពី​ការប្រកួត​នេះ រួមជាមួយ​បញ្ហា​ការ​រឹតត្បិត​សម្រាប់​អ្នកកាសែត​បរទេស​ផង​។ សម្រាប់​យើង​សេរីភាព​សារព័ត៌មាន​និង​សេរីភាព​នៃ​ការបញ្ចេញមតិ​ពិតជា​សំខាន់​ណាស់ តែ​ផ្ទុយទៅវិញ​នេះ​ជា​រឿង​ដែល​មិន​សម​ហេតុផល​ឡើយ​។  លោក Infantino រៀបរាប់​ប្រាប់​វេ​ប​សាយ​ផ្លូវ​ការ FIFA.com ដូច្នេះ​។


លោក Gianni Infantion (កណ្តាល) អំឡុងពេលលោកធ្វើដំណើរទៅដល់ប្រយានយន្តហោះព្យុងយ៉ាងដើម្បីមើលការប្រកួតក្រុមកូរ៉េទាំងពីរ

មេដឹកនាំ​ស្ថាប័ន​កីឡាបាល់ទាត់​ពិភពលោក​មួយ​នេះ​បន្ថែមថា លោក​បាន​លើក​ជា​សំណួរ​ជុំវិញ​បញ្ហា​នេះ ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​ផ្សេងទៀត ដោយ​លោក​នឹង​បន្ត​ជំរុញ​ឲ្យ​វិស័យ​បាល់ទាត់​អាចមាន​ឥទ្ធិពល​ជា​វិជ្ជមាន​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​-​ខាងត្បូង និង​បណ្តា​ប្រទេស​ដទៃទៀត​នៅលើ​ពិភពលោក​។​

​ក្រោយ​ចប់​ការប្រកួត​ដោយ​លទ្ធផល​ ០-០ កូរ៉េ​ទាំងពីរ​ទទួលបាន​៧​ពិន្ទុ​ស្មើគ្នា ក្រោយ​ការប្រកួត​៣​លើក​កន្លងមក​។ យ៉ាងណាក៏ដោយ កូរ៉េខាងត្បូង​នៅ​ឈរ​កំពូល​តារាង​ពូ​ល G ដ្បិត​ស៊ីសង​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ល្អ​ជាង​កូរ៉េខាងជើង​។ លី​បង់​នៅ​លេខ​រៀង​ទី​៣ មាន​៦​ពិន្ទុ តួ​ក​ម៉េ​នី​ស្ថាន​មាន​៣​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​ទី​៤  ខណៈ​ស្រីលង្កា​នៅ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់​៕



Tag:
 World Cup
  FIFA
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com