Son ថា​សំណាង​ដែល​ត្រឡប់ទៅផ្ទះ​ទាំង​គ្មាន​របួស ព្រោះ​កីឡាករ​កូរ៉េខាងជើង​លេង​កាចៗ​
FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Son ថា​សំណាង​ដែល​ត្រឡប់ទៅផ្ទះ​ទាំង​គ្មាន​របួស ព្រោះ​កីឡាករ​កូរ៉េខាងជើង​លេង​កាចៗ​
17, Oct 2019 , 10:39 pm        
រូបភាព
Son Heung-min ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Tottenham Hotspur និង​ជម្រើសជាតិ​កូរ៉េខាងត្បូង សារភាពថា​ការប្រកួត​ជម្រុះ World Cup ជុំ​ទី​២ ជា​ប្រវត្តិសាស្ត្រ​ក្នុង​ក្រុង​ព្យុងយ៉ាង ជាការ​ប្រកួត​ដែល​ពោ​ពេញ​ដោយ​ភាព​ប្រទូសរ៉ាយ រហូត​ធ្វើ​ឲ្យ​រូបគេ​ខ្លាច​ការរង​របួស​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កីឡាករ​កូរ៉េខាងជើង​ថែមទាំង​ប្រើពាក្យ​អាក្រក់ៗ​ដាក់ខ្លួន និង​មិត្ត​រួម​ក្រុម​អំឡុង​ការប្រកួត​ផង​។​



អត្ថបទទាក់ទង

​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​តំបន់​អាស៊ី ពូ​ល H នៅ​ថ្ងៃទី​១៥ ខែតុលា ក្រុមកីឡា​បាល់ទាត់​កូរ៉េ​ទាំងពីរ​បានបញ្ចប់​ទៅក្នុង​លទ្ធផល ០-០ ក្រោម​វត្តមាន​ប្រធាន​ស​ហ័​ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) លោក Gianni Infantino នៅឯ​កីឡដ្ឋាន Kim Il-Sung ដែល​គ្មាន​អ្នកគាំទ្រ​សូម្បី​ម្នាក់​។​

​នេះ​ជា​ជំនួប​ដំបូង​ផងដែរ​រវាង​ក្រុម​បងប្អូន​កូរ៉េ​ទាំងពីរ​នៅលើ​ទឹកដី​កូរ៉េខាងជើង​ក្នុង​រយៈពេល​២៩​ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​ជួបគ្នា​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ក្រុង​ព្យុងយ៉ាង​តាំងពី​ឆ្នាំ​១៩៩០​មក​។ មិន​ត្រឹមតែ​គ្មាន​អ្នកគាំទ្រ​រៀងខ្លួន​ឡើយ ភាគី​ទាំងសងខាង​ដែលជា​ប្រទេស​ស្ថិតក្នុង​បញ្ហា​សង្គ្រាម​នៅឡើយ​នោះ ក៏ត្រូវ​កូរ៉េខាងជើង​មិន​អនុញ្ញាត​ឲ្យ​មានការ​ផ្សាយ​ផ្ទាល់ និង​គ្មាន​សារព័ត៌មាន​បរទេស​ណា​ចូលរួម​បានដែរ​។​



Son វ័យ​២៧​ឆ្នាំ ដែលជា​ខ្សែប្រយុទ្ធ​លេចធ្លោ​នៅ Premier League សព្វថ្ងៃ បាន​ប្រាប់​អ្នកសារព័ត៌មាន​ពេល​ត្រឡប់​ទៅដល់​អាកាសយានដ្ឋាន Incheon វិញ​ថា​៖«​យើង​អន់​ណាស់​ដែល​មិន​បានឈ្នះ ប៉ុន្តែ​ការប្រកួត​នេះ​ពិតជា​ឃោរឃៅ​ដល់​កម្រិត​ដែល​ខ្ញុំ​គិតថា​ជា​សំណាង​ដ៏​ធំធេង​ទៅវិញ​ដែល​អាច​វិលត្រឡប់​ដល់​ប្រទេស​កំណើត​ដោយ​មិនមាន​របួស និង​សុវត្ថិភាព​។ កីឡាករ​កូរ៉េខាងជើង​បាន​លេង​ខ្លាំងៗ និង​ប្រទូសរ៉ាយ ... ពួកគេ​ប្រើស​ម្ដី​ធ្ងន់ធ្ងរ​មកលើ​សមា​ជិ​ក្រុម និង​ខ្ញុំ​ទៀតផង​»​។​

​លោក Choi Young-il អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កូរ៉េខាងត្បូង​ក៏​ហៅ​ជំនួប​នេះ «​ប្រៀបដូចជា​សង្គ្រាម​ដែរ​»​។ «​ខ្ញុំ​មិនដែល​ឃើញ​កីឡាករ​គឃ្លើន​បែបនេះ​នៅក្នុង​បាល់ទាត់​ពីមុនមក​ទេ​»​។​



​ជុំវិញ​ការ​រឹតត្បិត​មិន​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​កីឡដ្ឋាន​ពី​សំណាក់​កូរ៉េខាងជើង ប្រធាន FIFA លោក Gianni Infantino បានបង្ហាញ​ការខកចិត្ត​មិន​ស្ទើរ​ដែរ ខណៈដែល​លោក​បានធ្វើ​ដំណើរ​មក​ទ​ស្សនា​ការប្រកួត​រវាង​បងប្អូន​កូរ៉េ​ទាំងពីរ​នេះ​។

«​ខ្ញុំ​ទន្ទឹងរង់ចាំ​មើល​អ្នកគាំទ្រ​នៅ​ពេញ​កីឡដ្ឋាន​សម្រាប់​ការប្រកួត​ជា​ប្រវត្តិសាស្ត្រ​បែបនេះ ប៉ុន្តែ​ខ្ញុំ​ទទួលបាន​ត្រឹម​ខកចិត្ត​ប៉ុណ្ណោះ​។ យើង​ពិតជា​ភ្ញាក់ផ្អើល​ចំពោះ​បញ្ហា​នេះ និង​ការ​រឹតត្បិត​សម្រាប់​អ្នកកាសែត​បរទេស​ផង​។ សម្រាប់​យើង​សេរីភាព​សារព័ត៌មាន​និង​សេរីភាព​នៃ​ការបញ្ចេញមតិ​ពិតជា​សំខាន់​ណាស់ តែ​ផ្ទុយទៅវិញ​នេះ​ជា​រឿង​ដែល​មិន​សម​ហេតុផល​ឡើយ​។  លោក Infantino រៀបរាប់​ប្រាប់​វេ​ប​សាយ​ផ្លូវការ FIFA.com ដូច្នេះ​៕


Tag:
 World Cup
  Son Heung-min
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com