ជាតិ
កូរ៉េខាងត្បូង​គ្រោង​បង្កើន​អាហារូបករណ៍​លើសពី​ទ្វេដង​ដល់​និស្សិត​អាស៊ាន​
23, Oct 2019 , 12:19 pm        
រូបភាព
លោកស្រី កាង ឃ្យុងវ៉ា ប្រមុខការទូតនៃសាធារណកូរ៉េថ្លែងសារបិទកម្មវិធីព្រឹត្តិការណ៍រថភ្លើងអាស៊ានកូរ៉េនាល្ងាចថ្ងៃទី១៨ខែតុលាឆ្នាំ២០១៩
លោកស្រី កាង ឃ្យុងវ៉ា ប្រមុខការទូតនៃសាធារណកូរ៉េថ្លែងសារបិទកម្មវិធីព្រឹត្តិការណ៍រថភ្លើងអាស៊ានកូរ៉េនាល្ងាចថ្ងៃទី១៨ខែតុលាឆ្នាំ២០១៩
​សាធារណរដ្ឋ​កូរ៉េ​ផ្តល់​តម្លៃ​ខ្លាំង​ដល់​សន្តិភាព និង​វិបុលភាព​រួមគ្នា​រវាង​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ​។ ក្នុងន័យនេះ ចែករំលែក​នូវ​ការអភិវឌ្ឍ​ធនធានមនុស្ស គឺជា​មូលដ្ឋាន​គ្រឺះ​នៃ​ការកសាង​ការរីកចម្រើន​នៃ​តំបន់​ទាំងពីរ​។ ហេតុ​ដូច្នេះហើយ​សាធារណ​កូរ៉េ​នឹង​នឹង​បង្កើន​អាហារូបករណ៍​បន្ថែម​ដល់​បណ្តា​ប្រទេស​អាស៊ាន នេះ​ជាការ​ប្រកាស​របស់​រដ្ឋ​មន្ត្រី​ការបទេស​នៃ​សាធារណរដ្ឋ​កូរ៉េ លោកស្រី កាង ឃ្យុ​ង​វ៉ា (Kang Kyung-wha)​។​



«​ខ្ញុំ​ជឿជាក់ថា កំណើន​នៃ​ការផ្លាស់ប្តូរ​ប្រជាជន (people to people exchanges) គឺជា​កត្តា​គន្លឹះ​នៃ​ការរីកចម្រើន​នៃ​ភាពជា​ដៃគូ​អាស៊ាន​-​កូរ៉េ ហើយ​យើង​ចង់​ធ្វើ​អ្វី​ច្រើន​ជាងនេះទៀត​។ ហេតុ​ដូចនេះហើយ សាធារណរដ្ឋ​កូរ៉េ មាន​គម្រោង​បន្ថែមចំនួន​អាហារូបករណ៍​លើសពី​២​ដង​ដល់​និស្សិត​ក្នុង​បណ្តា​ប្រទេស​អាស៊ាន ដោយ​បង្កើន​ពី​ចំនួន​បច្ចុប្បន្ន​២៨០​កន្លែង ទៅដល់​៧០០​កន្លែង​នៅ​ឆ្នាំ​២០២២​។​»​។ នេះ​ជា​សេចក្តី​ថ្លែង​របស់​លោកស្រី​ប្រមុខ​ការទូត​សាធារណរដ្ឋ​កូរ៉េ កាង ឃ្យុ​ង​វ៉ា ក្នុងឱកាស​បិទ​ព្រឹត្តិការណ៍​រថភ្លើង​អាស៊ាន​កូរ៉េ​នានា​ល្ងាច​ថ្ងៃទី​១៨​ខែតុលា​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។​

​ការសម្រេច​បង្កើន​អាហារូបករណ៍​ដល់​និស្សិត​អាស៊ាន គួរតែ​បានកើត​ចេញពី​ការយល់ឃើញ​ពី​តម្លៃ​នៃ​ធនធានមនុស្ស​ដែលជា​ស្នូល​នៃ​ការរីកចម្រើន​។ ម្យ៉ាងទៀត​ការបង្កើន​ចំណងទាក់ទង​រវាង​ប្រជាជន​និង​ប្រជាជន ក៏​ជា​មូលដ្ឋានគ្រឹះ​មួយ​នៃ​នយោបាយ​ថ្មី​ឆ្ពោះទៅ​ទិស​ខាងត្បូង (New Southern Policy) របស់លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន (Moon Jae-In) ដែល​បានប្រកាស​ចេញ​នៅ​ឆ្នាំ​២០១៧ ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​អាស៊ាន និង​ឥណ្ឌា​។ មូលដ្ឋាន​ស្នូល​នៃ​នយោបាយ​ថ្មី​ឆ្ពោះទៅ​ទិស​ខាងត្បូង​នេះ​មាន​បី​ចំណុច​សំខាន់​គឺ​៖ មនុស្ស វិបុលភាព និង​សន្តិភាព ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា 3Ps: People, Prosperity and Peace)​។

អត្ថបទទាក់ទង

បើតាម​ការបញ្ជា​ក់រប​ស់លោក​ស្រី​ប្រមុខ​ការទូត​កូរ៉េខាងត្បូង​នៅ​ចំពោះមុខ​គណប្រតិភូ​អាស៊ាន លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​ប្រទេស​អាស៊ាន​ទាំង​១០​កាលពី​ខែកញ្ញា​មុន ហើយ​ថា​គ្រប់​ទស្សនកិច្ច​ទាំង​១០​នោះ សុទ្ធតែ​ត្រូវបាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការពង្រឹង​ចំណងទាក់ទង​រវាង​ប្រជាជន​និង​ប្រជាជន​។​
​លោកស្រី កាង ឃ្យុ​ង​វ៉ា បាន​អះអាង​ឱ្យដឹង​យ៉ាង​ដូច្នេះ​៖«​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ យើង​បានឃើញ​ការរីកចម្រើន​ជាក់ស្តែង​។ នៅក្នុង​ឆ្នាំ​២០១៨ ចំនួន​ប្រជាជន​ដែល​បានធ្វើ​ដំណើរ​ទៅវិញទៅមក​នៃ​តំបន់​ទាំងពីរ (​អាស៊ាន​-​កូរ៉េ​) បាន​កើន​លើសពី​១១​លាន​នាក់​។ លើសពីនេះ អាស៊ាន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី​ពីរ​របស់​កូរ៉េ ដោយមាន​ទំហំ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​មាន​តម្លៃ​រហូតដល់​១៦០​ប៊ី​លាន​ដុល្លារ​»​។​

Tag:
 អាស៊ាន​កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com