ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានរៀបចំមាតុភូមិនិវត្ត៖«ចូលតាមថៃមិនបាន តាមប្រទេសដទៃ តាមផ្លូវគោកមិនកើត នៅផ្លូវអាកាសនិងផ្លូវទឹក»
23, Oct 2019 , 1:23 pm        
រូបភាព
អ្នកស្រី មូរ សុខហួរ និង ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង
អ្នកស្រី មូរ សុខហួរ និង ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង
ដោយ: ថ្មីៗ
អ្នកស្រី មូរ សុខហួរ មនុស្សស្និទ្ធរបស់លោក សម រង្ស៊ី និង ជាប្រធានគណៈកម្មការរៀបចំមាតុភូមិនិវត្ត អះអាងថា ក្រុមអ្នកប្រឆាំង កំពុងប្រឹងប្រែងគ្រប់មធ្យោបាយនិងស្វែងរកគ្រប់ច្រកល្ហក ដើម្បីបានវិលមកកម្ពុជាវិញ តាមការគ្រោងទុកនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ បើតាមអ្នកស្រី ប្រទេសដែលក្រុមប្រឆាំង កំពុងសម្លឹងមើលនិងដាក់គោលដៅចូល មានដូចជា ថៃ ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ជាដើម។



អ្នកស្រី មូរ សុខហួរ គឺជាថ្នាក់ដឹកនាំប្រឆាំងដំបូងគេ ដែលត្រូវបានអាជ្ញាធរថៃ ហាមឃាត់មិនឲ្យចូលទឹកដីថៃនាពេលថ្មីៗនេះ។ អ្នកស្រី បម្រុងនឹងហោះចេញពីម៉ាឡេស៊ី ចូលទៅថៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ អ្នកស្រី បំភ្លឺថា៖«ការដែលគេ មិនឲ្យខ្ញុំចូល [ថៃ] គឺជាការពិត»។

អត្ថបទទាក់ទង


អាជ្ញាធរថៃ ប្រកាសថា អាចនឹងមិនផ្តល់ទិដ្ឋាការដល់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំរបស់លោក ប្រសិនបើ ពួកលោក បង្កចលាចលក្នុងទឹកដីថៃ ពីព្រោះ កាលៈទេសៈនេះ អាជ្ញាធរថៃ ត្រូវរក្សាការពារសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត ក្នុងនាមជាម្ចាស់ផ្ទះ ដែលត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

យ៉ាងណាក៏ដោយ អ្នកស្រី មូរ សុខហួរ បកស្រាយថា ថ្នាក់ដឹកនាំប្រឆាំង មិនទាន់បោះបង់ចោលនោះទេ ដោយនៅបន្តចរចាជាមួយរដ្ឋាភិបាលថៃ ដើម្បីបានចូលទឹកដីថៃ ដោយគោលបំណងចុងក្រោយ គឺនាំពលករខ្មែរ វិលមកកម្ពុជាវិញជាមួយលោក សម រង្ស៊ី។ អ្នកស្រី លើកឡើងថា៖«យើង បានផ្ញើសារជូនទៅភាគីថៃហើយ ថា យើងមិនដែលមានគំនិតថា ទៅធ្វើឲ្យមានអសន្តិសុខ ឲ្យមានចលាចលនៅប្រទេសថៃទេ»។

អ្នកស្រី ថ្លែងទៀតថា ការដែលភាគីថៃសម្រេចមិនឲ្យចូលនាពេលនេះ មិនមែនជាដំណាក់កាលចុងក្រោយឬក៏ជាការបិទផ្លូវតែម្តងនោះទេ ដោយអ្នកស្រី នៅមានជំនឿថា អាចនឹងមានភាពប្រែប្រួល។ ប៉ុន្តែ អ្នកស្រី បញ្ជាក់ថា បើទោះបីជាភាគីថៃ នៅតែមិនយល់ព្រមឲ្យចូលទឹកដីថៃក៏ដោយ ក៏ថ្នាក់ដឹកនាំប្រឆាំង មិនទល់ច្រកដែរ ពោលគឺនឹងស្វែងរកប្រទេសផ្សេងទៀត ដើម្បីបានចូល។

ប្រធានគណៈកម្មការរៀបចំមាតុភូមិនិវត្តរូបនេះ បរិយាយថា៖«...បើចូលទៅប្រទេសថៃមិនកើត យើងនៅប្រទេសដទៃទៀត។ ចូលតាមផ្លូវគោកមិនកើត យើងនៅផ្លូវអាកាស យើងនៅផ្លូវទឹក។ ដូច្នេះ យើង ត្រូវតែបត់បែនដូចជាទឹកទន្លេ ដែលហូរអ៊ីចឹង មិនដែលទើរទេ។ ឆន្ទៈយើងជាឆន្ទៈអ្នកប្រយុទ្ធ ដើម្បីប្រជាធិបតេយ្យ ដើម្បីសិទ្ធិសេរីភាព និងប្រជាពលរដ្ឋទាំងអស់គ្នា»។

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង បានបង្ហោះវីដេអូឃ្លីបថ្មីមួយទៀត អំពីមាតុភូមិនិវត្តរបស់លោក។ តាមរយៈវីដេអូឃ្លីបនោះ លោក នៅតែអំពាវនាវដដែល ឲ្យពលករខ្មែរនៅថៃ ចូលរួមធ្វើមាតុភូមិនិវត្តជាមួយលោក។

រដ្ឋាភិបាលកម្ពុជា ប្រកាសថាបានត្រៀមកម្លាំងរួចហើយ ដើម្បីចាប់លោក សម រង្ស៊ី និង បក្សពួករបស់លោក តាមដីកាតុលាការ៕

Tag:
 មូរ សុខហួរ
  សម រង្ស៊ី
  មាតុភូមិនិវត្
© រក្សាសិទ្ធិដោយ thmeythmey.com