ឥណ្ឌូណេស៊ី​ក្លាយជា​ម្ចាស់ផ្ទះ U20 World Cup ឆ្នាំ​២០២១
កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ី​ក្លាយជា​ម្ចាស់ផ្ទះ U20 World Cup ឆ្នាំ​២០២១
24, Oct 2019 , 5:22 pm        
រូបភាព
ឥណ្ឌូណេស៊ី ឈ្នះ​ការដេញថ្លៃ​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ FIFA U20 World Cup ឆ្នាំ​២០២១ ដោយ​ផ្តួល​គូប្រជែង ប្រេ​ស៊ី​ល ប៉េ​រូ​។ នេះ​បើតាម​ការបញ្ជាក់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី (PSSI)​។​



អត្ថបទទាក់ទង

​ការសម្រេច​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ខែតុលា អំឡុង​កិច្ចប្រជុំ​ប្រចាំត្រីមាស​របស់​ក្រុមប្រឹក្សា FIFA ដែល​ធ្វើឡើង​នៅ​ក្រុង​សៀង​ហៃ ប្រទេស​ចិន​។​

​ដំបូង​ឡើយ ឥណ្ឌូណេស៊ី​ស្ថិតក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង ៣ ដែល​បាន​ដេញថ្លៃ FIFA U20 World Cup នេះ ប៉ុន្តែ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ (FAT) និង​សហព័ន្ធ​កីឡាបាល់ទាត់​មី​យ៉ាន់​ម៉ា (MFF) ដក​ការដេញថ្លៃ​រួមគ្នា​របស់​ពួកគេ​វិញ​កាលពី​ខែសីហា ឆ្នាំ ២០១៩​។ ដូច្នេះ ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី ក្លាយជា​អ្នកដេញថ្លៃ​តែម្នាក់ឯង​។​

 «​យើង​ពិតជា​រីករាយ​ណាស់​ដែល​ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​តែមួយគត់​ពី​អាស៊ាន ដែល​ឈ្នះ​ការដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក អាយុ​ក្រោម​២០ ឆ្នាំ ក្នុង​ឆ្នាំ ២០២១»​។ នេះ​ជាការ​រៀបរាប់​របស់​អគ្គ​លេខាធិការ PSSI និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) លោក Ratu Tisha Destria​។​

​ការដែល​ឥណ្ឌូណេស៊ី​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ FIFA U20 World Cup ក៏​ជា​ផ្លូវ​មួយ​ដើម្បី​ជំរុញ​ការដេញថ្លៃ​រួមគ្នា​របស់​អាស៊ាន​រួមមាន​ថៃ សិង្ហ​បុរី ម៉ាឡេស៊ី វៀតណាម និង​ឥណ្ឌូណេស៊ី​នេះ ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ FIFA World Cup ឈុត​ធំ ឆ្នាំ ២០៣៤ ផងដែរ​។​

​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​នោះ ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក FIFA ក៏​ប្រកាស​ឲ្យ ចិន​ជា​ម្ចាស់ផ្ទះ Club World Cup លើកដំបូង​នៅ​ឆ្នាំ ២០២១ ដែលមាន​២៤​ក្រុម​ចួ​ល​រួម ខណៈដែល​ប៉េ​រូ​បាន​សិទ្ធិ​រៀប FIFA U17 World Cup ឆ្នាំ​២០២១៕

© រក្សាសិទ្ធិដោយ thmeythmey.com