ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អេង ឆៃអ៊ាង ថា កំពុង​នៅ​ជិត​កម្ពុជា រៀបចំ​កិច្ចការ​សម្រាប់​មាតុភូមិ​និវត្ត​
25, Oct 2019 , 11:45 am        
រូបភាព
លោក អេង ឆៃអ៊ាង និង អ្នកស្រី មូរ សុខហួរ (អង្គុយ)   ត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនសំខាន់ ក្នុងការរៀបចំដំណើរមាតុភូមិនិវត្តរបស់អ្នកប្រឆាំង
លោក អេង ឆៃអ៊ាង និង អ្នកស្រី មូរ សុខហួរ (អង្គុយ) ត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនសំខាន់ ក្នុងការរៀបចំដំណើរមាតុភូមិនិវត្តរបស់អ្នកប្រឆាំង
ដោយ: ថ្មីៗ
​លោក អេង ឆៃអ៊ាង ជា​មនុស្ស​សំខាន់​ម្នាក់​របស់​ក្រុមប្រឆាំង ក្នុងការ​រៀបចំ​មាតុភូមិ​និវត្ត ប្រាប់ថា លោក កំពុងស្ថិត​ក្នុងប្រទេស ដែល​នៅ​ជិត​កម្ពុជា ហើយ​លោក កំពុង​ធ្វើ​កិច្ចការ​សម្រាប់​ការវិល​ត្រឡប់មក​កម្ពុ​ជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។



​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៤ ខែតុលា លោក អេង ឆៃអ៊ាង ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ កំពុង​ដឹកនាំ​ធ្វើ ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ដែលនៅក្បែ​រប្រទេស​កម្ពុជា​...»​។ ប៉ុន្តែ លោក ពុំបាន​បញ្ជាក់​ឡើយ​ថា លោក នៅ​ប្រទេស​ណាមួយ​។ លោក បន្ថែមថា ចំពោះ​កិច្ចការ​មួយចំនួន ត្រូវ​រក្សា​ការសម្ងាត់ ដោយ​ពុំ​អាច​ផ្សព្វ​ផ្សាយបាន​នោះទេ​។

អត្ថបទទាក់ទង

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមប្រឆាំង​រូបនេះ អះអាងថា ពលករ​ខ្មែរ​នៅ​ថៃ អាចមាន​ដល់​រាប់ម៉ឺន​នាក់ ដែល​នឹង​រួម​ដំណើរ​ជាមួយ​លោក សម រង្ស៊ី វិល​មក​កម្ពុជា​វិញ​។ លោក សង្កត់ធ្ងន់ថា​៖«​ដូច​ប្រធានស្តីទី សម រង្ស៊ី បានប្រកាស​ហើយ គឺ​យើង​ចង់​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ថៃ ចូល​កម្ពុជា​។ នេះ ជា​ផែនការ​គោល​របស់​យើង ដូច្នេះ​អត់​មាន​ស្អី​ដែល​ផ្លាស់ប្តូរ​ទេ​។ យើង​កំពុង​ធ្វើ​កិច្ចការ​នេះ​រាល់ថ្ងៃ ទាំង​ការទូត ទាំង​ការរៀបចំ ទាំង​ការចាត់ចែង​ហ្នឹង​...»​។​

​យ៉ាងណាក៏ដោយ ថ្មីៗ​នេះ អ្នកស្រី មូរ សុខ​ហួរ ដែល​ត្រូវបានចាត់តាំង​ឲ្យ​ធ្វើជា​ប្រធាន​គណៈកម្មការ​រៀបចំ​មាតុភូមិ​និវត្ត បាន​មកដល់​ម៉ាឡេស៊ី ហើយ​បម្រុង​នឹង​ហោះ​ចេញពី​ម៉ាឡេស៊ី ចូលមក​ទឹកដី​ថៃ តែ​ត្រូវ​នគរបាល​អន្តោប្រវេសន៍​ថៃ​ប្រចាំ​នៅ​ព្រលានយន្តហោះ ហាមឃាត់​។ លោក អេង ឆៃអ៊ាង បកស្រាយ​បែបនេះ​ថា​៖«...​ការដែល​ថៃ​មិន​ឲ្យ​អ្នកស្រី មូរ សុខ​ហួរ ចូល មិនមែន​អចិន្ត្រៃយ៍​ទេ គឺ​មួយ​រយៈពេល​។ យើង ជឿជាក់ថា វា នឹង​អាចមាន​ការប្រែប្រួល​...»​។ 

​ទាំង​លោក សម រង្ស៊ី ទាំង​មន្ត្រី​សំខាន់ៗ​របស់លោក សុទ្ធតែ​ប្រកាស​ដូចគ្នា​ថា គម្រោង​វិលត្រឡប់​របស់​ពួកលោក នឹងមិន​ប្រែប្រួល​ឡើយ ខណៈ រដ្ឋាភិបាល ប្រកាស​ចាប់​ពួកលោក ពេលមកដល់​កម្ពុជា​។ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ប្រមុខ​រដ្ឋាភិបាល ព្រមាន​ដូច្នេះ​ថា​៖«​សមត្ថកិច្ច​និង​កម្លាំង​គ្រប់​ប្រភេទ ទទួល​បទបញ្ជា​រួចជាស្រេច​ហើយ​...»៕

Tag:
 អេង ឆៃអ៊ាង​
  សម រង្ស៊ី
  មាតុភូមិ​និវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com