ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី ប្រាប់សារព័ត៌មានថ្មីៗថា គម្រោងវិលមកកម្ពុជា គ្មានការប្រែប្រួលទេ ទោះអាជ្ញាធរត្រៀមវិធានការ រូបពីហ្វេសប៊ុកលោក សម រង្ស៊ី
× ភ្នំពេញ៖ មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថា លោកនឹងត្រឡប់មកកម្ពុជា តាមគម្រោងនៅថ្ងៃទី៩ វិច្ឆិកា បើទោះបីជាអាជ្ញាធរកម្ពុជាត្រៀមកម្លាំងចាប់ខ្លួនក្តី។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក សម រង្ស៊ី បានបញ្ជាក់ថា ការវិលត្រឡប់មកកម្ពុជានេះ មានការអមដំណើរជាមួយពលរដ្ឋនៅក្នុងប្រទេស និងក្រៅប្រទេស រួមទាំងមន្ត្រីសហគមអន្តរជាតិផងដែរ។
«ផែនការវិលត្រឡប់មកកម្ពុជានៅថ្ងៃទី៩ វិច្ឆិកា គឺអត់មានប្រែប្រួលអ្វីទេ»។ នេះជាការអះអាងរបស់លោក សម រង្ស៊ី ដែលបានបន្ថែមថា លោកមានវិធានការចូលមកប្រទេសកម្ពុជា ដោយមិនឱ្យអាជ្ញាធរកម្ពុជា ចាប់ខ្លួនបានឡើយ។
សូមលោក អ្នកនាងស្ដាប់កិច្ចសម្ភាសតាមទូរសព្ទរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅប្រទេសបារាំងដូចតទៅ៖
ទាក់ទងនឹងវិធានការចូលមកកម្ពុជានេះ លោក សម រង្ស៊ី មិនទាន់អាចបញ្ជាកបានឡើយ ដោយសារលោកមិនចង់ឱ្យរដ្ឋាភិបាលដឹងពីយុទ្ធសាស្ត្ររបស់ខ្លួន។ ជាមួយគ្នានេះលោក សម រង្ស៊ី អះអាងថា ប្រជាពលរដ្ឋរាប់លាននាក់ នឹងមកទទួលលោក នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩នេះ គឺច្រើនជាងឆ្នាំ២០១៣ រហូត១០ដង។
កាលពីថ្ងៃទី២៦ តុលា រដ្ឋមន្ត្រីមហាផ្ទៃ បានបកស្រាយសកម្មភាពនៃការវិលត្រឡប់របស់លោក សម រង្ស៊ី នាថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩នេះ គឺក្នុងគោលបំណងចង់ផ្ដួលរំលំរដ្ឋាភិបាល និងទម្លាក់ព្រះមហាក្សត្រ ដែលផ្ទុយពីសកម្មភាពមាតុភូមិនិវត្ត កាលពីឆ្នាំ២០១៣។ ក្នុងន័យនេះសម្ដេច ស ខេង ព្យាយាមពន្យល់ថា ការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្សី កាលពីអាណត្តិទី៥នោះ គឺដោយសារទទួលបានការប្រោសព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ដើម្បីធ្វើជាប្រធានបក្សនយោបាយស្របច្បាប់ ក្នុងការចូលរួមប្រកួតប្រជែងបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ ដោយសារយល់ឃើញបែបនេះ ទើបសម្ដេច ស ខេង អះអាងថា រាល់សកម្មភាពពាក់ព័ន្ធផែនការលោក សម រង្ស៊ី គឺត្រូវទប់ស្កាត់។
Tag:
សម រង្ស៊ី
ហ៊ុន សែន
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com