អន្តរជាតិ
អាមេរិក​ខកចិត្ត​ក្រោយមេដឹកនាំ​អាស៊ាន​៧ មិន​ចូលរួម​ជំនួប​កំពូល​អាស៊ាន​-​អាមេរិក​
04, Nov 2019 , 3:03 pm        
រូបភាព
លោក Robert O
លោក Robert O'Brien (ពីឆ្វេងទៅស្តាំ លេខរៀងទី ៥) ចាប់ដៃជាមួយមេដឹកនាំនិងរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសអាស៊ាន ដែលបានចូលរួមជំនួបកំពូលអាស៊ាន-អាមេរិកលើកទី ៧ នាទីក្រុង បាកកក ថៃ ថ្ងៃ ៤ វិច្ឆិកា ២០១៩ (Reuters)
ដោយ:
​សហរដ្ឋអាមេរិក បាន​សម្តែង​ការខកចិត្ត​ជាខ្លាំង​បន្ទាប់ពី​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ចំនួន​៧ ​សម្រេចចិត្ត​ធ្វើពហិកា​ជំនួប​កំពូល​អាស៊ាន​-​អាមេរិក​លើក​ទី​៧ នា​ថ្ងៃ​ចន្ទ ៤ វិច្ឆិកា ក្នុង​រដ្ឋធានី​បាងកក ប្រទេស​ថៃ​។

 
«​យើង​ខកចិត្ត​ជាខ្លាំង​ចំពោះ​ការសម្រេចចិត្ត​បែបនេះ​»​។ មន្ត្រីការទូត​អាមេរិក​ម្នាក់​ដែល​ដកស្រង់​សារ​របស់​អាមេរិក​ផ្ញើ​ទៅកាន់​អាស៊ាន​។ តាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ មន្ត្រីការទូត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ លើកឡើង​ពីសារ​របស់​អាមេរិក​ដ​ដែល ដោយ​សង្កត់ធ្ងន់ថា ទង្វើ​របស់​មេដឹកនាំ​អាស៊ាន​បែបនេះ គឺជា​ការ​មើលងាយ​ចំពោះ​លោក Robert O’Brien ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ដែល​ត្រូវបាន​បញ្ជូន​ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពាក់ព័ន្ធ​មួយចំនួន ជំនួសមុខ​ឲ្យ​មេដឹកនាំ​អាមេរិក​។ 
 
​បើតាម​មន្ត្រី​ទូត​រូបនេះ ការធ្វើ​ពហិកា​ផ្នែក​ខ្លះ​ ឬ​ទាំងស្រុងរបស់​មេដឹកនាំ​អាស៊ាន នឹង​ត្រូវគេ​វាយតម្លៃថា ជា​កិច្ចប្រឹងប្រែង​ដោយ​ចេតនា ដើម្បី​បំបាក់មុខ​ប្រធានាធិបតី​អាមេរិក ហើយ​ការណ៍​នេះ​ក៏​នឹង​បំផ្លាញ​ខ្លឹមសារ​នៃ​ទំនាក់ទំនង​រវាង​អាស៊ាន​និង​សហរដ្ឋអាមេរិក​ផងដែរ​។​
 
​ជាធម្មតា ជំនួប​កំពូល​នៅ​ថ្ងៃ​ចន្ទ ជាមួយ​សហរដ្ឋអាមេរិក​នេះ នឹងត្រូវ​ចូលរួម​ពី​សំណាក់​ប្រធានាធិបតី ឬ​នាយករដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​។ ក៏ប៉ុន្តែ​មេដឹកនាំ​អាស៊ាន​៧​នាក់ បានសម្រេច​បញ្ជូន​ត្រឹម​រដ្ឋមន្ត្រី​ពួកគេ​ទៅ​ចូលរួម​ជំនួស​។ ហើយ​មានតែ​ម្ចាស់​កិច្ចប្រជុំ​កំពូល​អាស៊ាន​ថៃ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា​, នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុ​ក (Ngyuen Xuan Phuc) និង​នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​សូលី​ត (Thongloun Sisolith) ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​នេះ​។ ចំណែក​កម្ពុជា បាន​បញ្ជូន​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ គឺ​លោក ប្រាក់ សុខុន ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក លើក​ទី​៧​នេះ​។​
 
 
​គេ​មើលឃើញថា ការធ្វើ​ពហិកា​របស់​ប្រមុខ​ដឹកនាំ​នៃ​បណ្តា​អាស៊ាន​ទាំង​៧​នាក់​នេះ ទំនងជា​សកម្មភាព​ស​ង​សឹក​ចំពោះ​ការមើលស្រាល​របស់​ក្រុង​វ៉ាស៊ីនតោន​មកលើ​អង្គការ​តំបន់​អាស៊ាន ។ សេត​វិមាន​អាមេរិក កាលពី​សប្តាហ៍​មុន បានប្រកាសថា គ្មាន​ឡើយ​វត្តមាន​លោក​ត្រាំ​នៅ​ជំនួប​កំពូល​អាស៊ាន និង​ជំនួប​អាស៊ាន​ពាក់ព័ន្ធ​ក្នុងឆ្នាំនេះ ហើយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក Robert O’Brien និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក នឹង​តំណាង​ឲ្យ​លោក​ប្រធានាធិបតី​។ 
 
​ខុសពី​អាមេរិក នាយករដ្ឋមន្ត្រី ចិន លី ខឺ​ឈាង​, នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី​, ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ស្ថិត​ក្នុងចំណោម​មេដឹកនាំ​ដែល​បាន​អញ្ជើញ​ចូលរួម​ដោយផ្ទាល់​ក្នុងជំនួប​កំពូល​អាស៊ាន​លើក​ទី​៣៥ ដែល​រៀបចំឡើង​ពីថ្ងៃ ៣ ដល់ ៤ វិច្ឆិកា នៅ​ប្រទេស​ថៃ​៕
 
 
 

Tag:
 សហរដ្ឋអាមេរិក​
  អាស៊ាន​
  ជំនួប​កំពូល
© រក្សាសិទ្ធិដោយ thmeythmey.com