ជាតិ
ដំរី​នៅ​អង្គរ ត្រូវ​ទៅ​រស់​នៅតាម​ធម្មជាតិ នៅ​ព្រៃ​សហគមន៍​បុស្ស​ធំ ក្នុងស្រុក​សូទ្រនិគម​
15, Nov 2019 , 8:59 am        
រូបភាព
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
​ភ្នំពេញ​៖ សមា​គម​គ្រប់គ្រង​សត្វ​ដំរី សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ដឹក​សត្វ​ដំរី​មួយចំនួន​ចេញ​រមណីយដ្ឋាន​អង្គរ ទៅ​ព្រៃ​សហគមន៍​បុស្ស​ធំ ដែល​ស្ថិតក្នុង ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដើម្បី​ឲ្យ​ទៅ​រស់​នៅតាម​ធម្មជាតិ និង​បញ្ឈប់​សេវាកម្ម​សត្វ​ដំរី​ដឹក​ភ្ញៀវទេសចរ​នៅ​តំបន់​អង្គរ​។


 
​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១៤ វិច្ឆិកា នេះ​ថា ដំរី​១៤​ក្បាល​នៅ​តំបន់​អង្គរ នឹងត្រូវ​ដឹក​ទៅ​ព្រៃ​សហគមន៍​បុស្ស​ធំ​ឲ្យ​បាន​មុន​ឆ្នាំ​២០២០ ដើម្បីរ​សើ​នៅតាម​បែប​ធម្ម​ជា​តិ ក្រោយ​ការ​មើលថែ​ពី​សមាគមគ្រប់គ្រង​សត្វ​ដំរី​។ 
 
«​ដំរី​នៅ​រមណីយដ្ឋាន​នេះ គឺមាន​មើលថែ​ផ្ដល់​ចំណី​គ្រប់គ្រាន់ ប៉ុន្តែ​ដើម្បី​បញ្ឈប់​រូបភាព​អាជីវកម្ម ទើប​ឲ្យ​សមាគមគ្រប់គ្រង​ដំរី​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជូនទៅ​ព្រៃ​សហគមន៍​បុស្ស​ធំ ក្រោម​ការ​មើលថែ​របស់​សមាគម​គ្រប់គ្រង​ដំរី ដើម្បី​ឲ្យ​មានជីវិត​រស់នៅ​តាមបែប​ធម្មជាតិ​» នេះ​ជាការ​អះអាង​របស់​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​។ 
 
​ជាមួយគ្នា លោក ឡុង កុសល ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៤​នេះ ដំរី​ពីរ​ក្បាល​បាន​ដឹក​តាម​រថយន្ត​ទៅដល់​ព្រៃ​សមាគម​បុស្ស​ធំ ហើយនឹង​បន្ត​ដឹកជញ្ជូន​បន្តទៀត​។ 
​សូមបញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០២០​តទៅ សត្វ​ដំរី​ដែល​កំពុង​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​នៅក្នុង​រមណីយដ្ឋាន​អង្គរ នឹង​លែងមាន​វត្តមាន​តទៅទៀត​ហើយ​។ សត្វ​ដំរី​ដែល​កំពុង​បម្រើសេវា​ដឹកជញ្ជូន​ភ្ញៀវ​សរុប​មាន​ចំនួន ១៤​ក្បាល ដែល​ដឹក​ជាប្រចាំ​ថ្ងៃ​នៅ​ជុំវិញ​ប្រាសាទបាយ័ន ខ្លោងទ្វារ​ទន្លេ​អុំ និង​ភ្នំ​បាខែង​៕
 


រូបភាពពីអាជ្ញាធរជាតិអប្សរា


Tag:
 ដំរី
© រក្សាសិទ្ធិដោយ thmeythmey.com