កម្ពុជា​បាត់បង់​ព្រះ​មាតា​នៃ​របាំ​ព្រះរាជ​ទ្រព្យ​!
ជាតិ
កម្ពុជា​បាត់បង់​ព្រះ​មាតា​នៃ​របាំ​ព្រះរាជ​ទ្រព្យ​!
18, Nov 2019 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះជន្ម ៧៧​ព្រះវស្សា នា​វេលា​ម៉ោង ១២:៣០ នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យ​ប្រទេស​ថៃ ដោយ​ជរាពាធ​។ ការបាត់​ព្រះ​និមិត្តរូប​នៃ​របាំ​ព្រះរាជ​ទ្រព្យ ដែល​ទទួលបាន​ព្រះ​គោរមងារ​ថា «​ទេព​នាថរ​ដ្តី​ឯក​» និង​ជា «​មរតក​មនុស្ស​រស់រ​បស់​កម្ពុជា​» គឺជា​ការបាត់បង់​ដ៏​ធំធេង​របស់​កម្ពុជា ជាពិសេស​វប្បធម៌​។​


 
«​សោកស្តាយ​, ក្តុកក្តួល​, រន្ធត់ចិត្ត​»​។ នេះ​ជា​អារម្មណ៍​របស់​អ្នកសិល្បៈ​វប្បធម៌ ដែល​ធ្លាប់​ធ្វើការ​ដោយផ្ទាល់ និង​មិនផ្ទាល់​ជាមួយ​សម្តេចព្រះ​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី នៅពេលដែល​ក្រុមការងារ​សារព័ត៌មាន​សាកសួរ​ទាក់​នឹង​ដំណឹង​នៃ​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​ព្រះអង្គ​។ ពួកគាត់​បាន​រំលឹក​ពី​ព្រះ​គុណបំណាច់​ដ៏​ធំធេង​របស់​សម្តេច​ព្រះរាជ​បុត្រី ព្រះរៀម ដែល​បាន​ចំណាយពេល​មួយ​ព្រះជន្ម​ដើម្បី​វប្បធម៌​ជាតិ​។​
 
​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា ដែល​កំពុង​ប្រជុំ​នៅ​ប្រទេស​បារាំង បាន​ថ្លែង​ទាំង​ក្ដុកក្ដួល​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា​៖ «​មួយ​ព្រះជន្ម​របស់​សម្ដេចព្រះរៀម ព្រះអង្គ​បាន​បូជា​រាជ​កាយ​ពលំ​តាំងពីក្មេង​នៅក្នុង​វិស័យ​សិល្បៈ ហើយ​ស្នាដៃ​របស់លោក​ច្រើនណាស់ តាំងពី​ការថែរក្សា ការធ្វើឱ្យ​រស់​ឡើងវិញ​នូវ​របាំ​ព្រះរាជ​ទ្រព្យ​តាំងពី​១០០​ឆ្នាំមុន​។ ប៉ុន្តែ​យ៉ាងណា​ស្មារតី​របស់​សិល្បករ សិល្បការិនី និង​ថ្នាក់ដឹកនាំ​យើង​ទាំងអស់ នៅតែ​បន្ត​កិច្ចការ​ព្រះរាជកិច្ច​របស់​ព្រះអង្គ ដែល​ព្រះអង្គ​បានធ្វើ ក្នុងការ​ថែរក្សា ចងក្រង​ជា​ឯកសារ​ថត​ជា​វីដេអូ និង​ស្រាវជ្រាវ​របស់បុរាណ​ពី​ព្រះអង្គ ហើយ​យើង​ពិនិត្យ​លើ​ស្នា​ព្រះ​ហ​ស្ថ​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ យកមក​រៀបចំ​ចងក្រង​ទុក​ថែរក្សា ដើម្បី​យើង​អាចធ្វើ​សកម្មភាព​បន្តទៀត​ពី​ព្រះអង្គ​»​។​


លោកស្រី ភឿង ស​កុ​ណា និង​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី នា​ពិធីបួងសួង​សុំ​ព្រះរាជា​នុ​ញ្ញាតិ ពី​ព្រះ​វិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យា​នី ដើម្បី​រៀបចំ ស្រាវជ្រាវ ចងក្រង និង ថត​ទុកជា​ឯកសារ​ផ្លូវការ នូវ​របាំ​ក្បាច់បុរាណ​ខ្មែរ​។ រូបថតក្រសួងវប្បធម៌
 
​អតីត​នាថ​ការី ព្រឿង ឈៀង ទីប្រឹក្សា​ក្រសួង​វប្បធម៌ អ្នក​ស្និទ្ធ​នឹង​សម្តេចព្រះរាម តាំងពី​កុមារ​៖ «​ខ្ញុំ​ជឿថា នេះ​មិនមែនជា​ការបាត់បង់​សម្រាប់តែ​មជ្ឈដ្ឋាន​អ្នកសិល្បៈ​ឡើយ​។ គឺជា​បាត់បង់​ធនធាន​សិល្បៈ​បុរាណ​របស់​កម្ពុជា​ទាំងមូល​។ សម្តេចព្រះរៀម​បាន​បង្កើត​ស្នា​ព្រះ​ហ​ស្ថ​ច្រើនណាស់ នៅក្នុង​វិស័យ​សិល្បៈ​បុរាណ​នេះ​។ ព្រះអង្គ​គឺជា​អ្នក​បន្តវេន​របាំ​ព្រះរាជ​ទ្រព្យ​ពី​ព្រះ​ឯ​យ្យិ​កា គឺ​ព្រះ​អគ្គមហេសី ស៊ីសុវត្ថិ កុសុមៈ​នារីរ័ត្ន ព្រះ​អង្គជា​អប្សរា​ដំបូង​ដែល​ធ្វើឱ្យ​អន្តរជាតិ​ស្គាល់​កម្ពុជា​។ ក្រោយ​សម័យ​ប៉ុលពត ដែល​ធ្វើឱ្យ​ធនធាន​សិល្បៈ​បុរាណ​នៅសល់​បន្តិចបន្តួច ព្រះអង្គ​បាន​ជំរុញ និង​លើកស្ទួយ​សិល្បៈ​បុរាណ​រហូត​បាន​បណ្តុះ​តួ​អប្សរា​ជាច្រើន​ទៀត​ក្នុងពេល​បច្ចុប្បន្ននេះ​។ សម្តេចព្រះរៀម ជា​មនុស្ស​សាមញ្ញ ដូច​ព្រះ​បរម​រតន​កោដ្ឋ ដែល​ស្និទ្ធស្នាល​នឹង​ប្រជារាស្ត្រ​។ ព្រះអង្គ​ឱ្យ​តម្លៃ​អ្នកសិល្បៈ​ជារួម ដោយ​មិន​បែងចែក អ្នក​អាជីព ឬ​មិន​អាជីព​ឡើយ​»​។​
 

​អតីត​នាថ​ការី ព្រឿង ឈៀង ទីប្រឹក្សា​ក្រសួង​វប្បធម៌ អ្នក​ស្និទ្ធ​នឹង​សម្តេចព្រះរាម តាំងពី​កុមារ​

អ្នកស្រី ថោង គឹម​អាន ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​ជា​កូនស្រី​របស់​ទេវរាជ​និមិត្ត ឯម ធា​យ ដែលជា​គ្រូបង្ហាត់​របាំ​ព្រះរាជ​ទ្រព្យ​នៅក្នុង​ព្រះបរមរាជវាំង​៖ «​សម្តេចព្រះរាម ជា​គ្រូ ហើយ​ដូចជា​ម្តាយ​របស់​ពួកយើង​។ ខ្ញុំ​បានធ្វើការ​ជាមួយ​សម្តេច​ច្រើន​ឆ្នាំ ហើយក៏​ចេញ​សម្តែង​របាំ​នៅក្រៅ​ប្រទេស​ជាច្រើន​ជាមួយ​សម្តេច​។ សម្តេច​ជា​អ្នក​ឃុំគ្រង មើល​ការខុសត្រូវ​ពួកយើង​។ យើង​បាន​បាត់បង់​មរតក​របាំ​មួយរូប​ហើយ​។ ក្នុង​ព្រះកាយ​របស់​ព្រះអង្គ មាន​តួអង្គ​របាំ​ជាច្រើន ដែល​យើង​ត្រូវ​រៀនសូត្រ​ពី​ព្រះអង្គ​»​។​
 
 
អ្នកស្រី ថោង គឹម​អាន ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​ជា​កូនស្រី​របស់​ទេវរាជ​និមិត្ត ឯម ធា​យ
​លោក ខុន ច័ន្ទ​សិទ្ធិការ្យ ប្រធាន​ក្រុមយុវជន​ល្ខោនខោល​កម្ពុជា ដែល​ធ្លាប់​ចេញទៅ​សម្តែង​នៅ​បរទេស​ជាមួយ​ព្រះអង្គ បាន​លើកឡើងថា​៖  «​នេះ ជាការ​បាត់បង់​ធំធេង​សម្រាប់​ខ្ញុំ​ផ្ទាល់ និង​ក្រុមយុវជន​ល្ខោនខោល​កម្ពុជា ព្រះអង្គ​តែងតែ​គាំទ្រ​ការងារ​ល្ខោនខោល​របស់​ពួក​ខ្ញុំ​។ ព្រះ​អង្គជា​បុគ្គល​សំខាន់​ក្នុង​វិស័យ​សិល្បៈ​បុរាណ​។ ព្រះអង្គ​ពិតជា​មាន​ព្រះ​តួនាទី​សំខាន់​ក្នុង​វិស័យ​សិល្បៈ​របស់​ខ្មែរ ទ្រង់​ជា​ព្រឹទ្ធាចារ្យ ជា​ចាស់ទុំ ដែលជា​អ្នកជំរុញ​នូវ​វិស័យ​សិល្បៈ ហើយ​ទ្រង់​តែងតែ​ដឹកនាំ​ការសម្ដែង​ទៅ​ប្រទេស​ជាច្រើន​។ ទ្រង់​ពេញ​ចិត្តការ​រាំ​របស់​បងប្អូន​យើង ទ្រង់​ក៏​ហៅ​ខ្ញុំ​ថា ម៉ូ និង​ណាន់ ពេញៗ​មាត់​»​។​

 
​ព្រះ​សព​របស់​សម្តេចព្រះរៀម ត្រូវ​ដឹក​ពី​មកដល់​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ចន្ទ នេះ ហើយ​ត្រូវ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​បទុម​វ​តី​៕



 

Tag:
 សម្តេចព្រះរៀម​
  បុប្ផា​ទេវី​
© រក្សាសិទ្ធិដោយ thmeythmey.com