អន្តរជាតិ
តុលាការកំពូលហុងកុងសម្រេចថាបម្រាមម៉ាស់បិទមុខគឺ ខុសច្បាប់
× តុលាការកំពុលហុងកុង នៅថ្ងៃចន្ទ ១៨ វិច្ឆិកា បានចេញសេចក្តីសម្រេចថា ច្បាប់បន្ទាន់មួយដែលយកមកប្រើដោយរដ្ឋាភិបាលលោកស្រី ការី ឡាំ កាលពីខែមុន ដែលហាមប្រាមក្រុមបាតុករពីការពាក់ម៉ាស់បិទមុខ គឺ ផ្ទុយពីធម្មនុញ្ញហុងកុង។
ក្នុងសេចក្តីប្រកាសព័ត៌មាន តុលាការកំពូលហុងកុង អះអាងថា ច្បាប់នេះគឺផ្ទុយពីច្បាប់មូលដ្ឋានរបស់ហុងកុង ដែលខ្លួនប្រកាន់ខ្ជាប់ចាប់តាំងពីក្នុងឆ្នាំ១៩៩៧មក។ ត្រង់នេះ តុលាការ បញ្ជាក់បែបនេះ៖«ការរឹតត្បិតដែលអាជ្ញាធរហុងកុងដាក់លើសិទ្ធិជាមូលដ្ឋាន គឺទៅឆ្ងាយលើសពីសេចក្តីចាំបាច់»។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP សមាជិកបក្សប្រឆាំងម្នាក់ឈ្មោះថា Alvin Yeung លើកឡើងថា រដ្ឋាភិបាលហុងកុង គួរគោរពដោយពេញលេញចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលហុងកុង។
មេដឹកនាំហុងកុង លោកស្រី ការី ឡាំ កាលពីថ្ងៃ ៤តុលា បានយកច្បាប់សម័យអាណានិគម ដែលគេកម្រប្រើបំផុតមួយ ដើម្បីដាក់បម្រាមក្រុមបាតុករពីការពាក់ម៉ាស់បិទមុខ ក្នុងគោលដៅកាត់បន្ថយអំពើហិង្សាដែលកំពុងកើនឡើងខ្លាំងក្នុងទីក្រុងនេះ។ អ្នកដែលបំពានច្បាប់នេះ អាចជាប់ពន្ធនាគារ១ឆ្នាំនិងពិន័យជាប្រាក់ថែមទៀតផង។ នេះជាលើកដំបូងដែលបទបញ្ញត្តិបទបញ្ជាបន្ទាន់នេះ ត្រូវបានយកមកប្រើប្រាស់ក្នុងរយៈពេល៥២ឆ្នាំចុងក្រោយនេះ។
ពេលចុងក្រោយបង្អស់គឺអំឡុងការធ្វើកុបកម្មឆ្នាំ១៩៦៧ ដោយកាលនោះមនុស្សជាង៥០នាក់ត្រូវបានសម្លាប់ ក្នុងរយៈពេល១ឆ្នាំនៃការបោកគ្រាប់បែក និងអំពើឃាតកម្មពីសំណាក់ក្រុមឆ្វេងនិយម។ ក្រោយមក ចក្រភពអង់ក្លេសបានសម្រេចប្រើច្បាប់បន្ទាន់ដើម្បីផ្តល់អំណាចបន្ថែមដល់ប៉ូលិសដើម្បីចាប់ខ្លួន និងគ្រប់គ្រងការចុះផ្សាយរឿងរសើបៗរបស់សារព័ត៌មាន៕
Tag:
ហុងកុង
តុលាការកំពូល
© រក្សាសិទ្ធិដោយ thmeythmey.com