កីឡាអន្តរជាតិ
អន្តរជាតិ
Ramsey ស៊ុត​២​គ្រាប់​ជួយ​វេ​លស៍​ឈ្នះ​ហុង​គ្រី ២-០ ឡើងទៅ Euro 2020
20, Nov 2019 , 11:13 am        
រូបភាព
​ពីរ​គ្រាប់​របស់​ខ្សែបម្រើ Aaron Ramsey គ្រប់គ្រាន់​ដើម្បី​នាំ​វេ​លស៍​ឡើងទៅ​កាន់​វគ្គ​ផ្តា​ត់​ព្រ័ត្រ Euro 2020 តាមរយៈ​ការយក​ឈ្នះ​ហុង​គ្រី ២-០ នា​ការប្រកួត​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ​ពូ​ល E នៅ​យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា​។​


 
​វេ​លស៍ ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​លោក Ryan Giggs បាន​ក្លាយជា​ក្រុមទី​២០ ដែល​ទទួលបាន​កៅអី​ទៅលេង​ក្របខណ្ឌ​ទ្វីបអឺរ៉ុប​ឆ្នាំ​២០២០ បន្ទាប់ពី​ពួកគេ​ធ្វើ​ព្យុះភ្លៀង​ម្តង​រួចមកហើយ​កាលពី Euro 2016 ដោយ​អាចឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​
 
​នា​ការប្រកួត​នៅ​កីឡដ្ឋាន Cardiff City Stadium ខ្សែប្រយុទ្ធ​ឆ្នើម​និង​ជា​ប្រធាន​ក្រុម Gareth Bale បាន​បញ្ជូន​បាល់​យ៉ាង​ល្អ​ដើម្បី​ឲ្យ Ramsey ខ្សែបម្រើ​ក្រុម Juventus សម្រេច​គ្រាប់​បាល់​ដំបូង​នៅ​នាទី​១៥​នៃ​វគ្គ​ទី​១​។ គ្រាប់​បាល់​ទី​២​របស់​អតីត​សមាជិក​ក្រុម Arsenal កើតឡើង​នៅ​ដើមតង់​ទី​២ ពោលគឺ​បន្ទាប់ពី​ការប្រកួត​ដំណើរការបាន​២​នាទី​ប៉ុណ្ណោះ តាមរយៈ​ការបញ្ជូន​ពី​មិត្ត​រួម​ក្រុម​កីឡាករ Kieffer Moore​។ ចប់​ការប្រកួត​ម្ចាស់ផ្ទះ​វេ​លស៍​ឈ្នះ​ក្រុម​ភ្ញៀវ​ហុង​គ្រី ២-០​។​


 
​ក្រោយ​ឈ្នះ​ហុង​គ្រី វេ​លស៍​បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​២ ពូ​ល E ក្រោយ​ប្រកួត​៨​លើក​ទទួលបាន​១៤​ពិន្ទុ តាម​ពីក្រោយ​ក្រូ​អាស៊ី​ដែល​ឈរ​កំពូល​តារាង​មាន​១៧​ពិន្ទុ​។ ហុង​គ្រី​ស្ថិត​ដែលមាន​១២​ពិន្ទុ នៅ​ចំណាត់ថ្នាក់​ទី​៤​ក្នុង​ពូ​ល អស់​ឱកាស​ទៅ​វគ្គ play-off ខណៈ​ស្លូ​វ៉ា​គី​ដែល​ឈ្នះ​អា​ស៊ែ​បៃ​ហ្ស​ង់ ២-០ ឡើងទៅ​ឈរ​លេខ​៣​ក្នុង​ពូ​ល E ដោយបាន​កៅអី​លេង​វគ្គ​ជម្រុះ​បន្ត​យក​៤​ក្រុម​ទៀត ដើម្បី​បង្គ្រប់​២៤​ក្រុម​ទៅ Euro 2020​។​
 
​ក្រុម​ដែល​ទទួលបាន​កៅអី​រួចស្រេច​ចំនួន​២០ រួមមាន អង់គ្លេស ឆែក អ៊ុយ​ក្រែ​ន អេ​ស្ប៉ា​ញ ស៊ុយអែត ប៉ូឡូញ បារាំង តួ​ក​គី បែលហ្ស៊ិក រុស្ស៊ី អ៊ីតាលី ហ្វាំ​ង​ឡង់ ក្រូ​អាស៊ី ហូ​ឡង់ អូទ្រីស អាល្លឺម៉ង់ ម្ចាស់​ការពារ​ជើងឯក​ព័រ​ទុយ​ហ្គា​ល់ ដា​ណឺ​ម៉ាក ស្វ៊ី​ស និង​វេ​លស៍​។​
 
​ដោយឡែក​ក្រុម​ដែល​ត្រូវ​លេង play-off ដើម្បី​យក​៤​ក្រុម មាន​ចំនួន​១០​ក្រុម​ដែល​ទទួលបាន​លេខ​៣​តាម​ពូ​ល​និ​មួយៗ រួមមាន កូ​សូ​វ៉ូ ស៊ែ​ប៊ី អៀរ​ឡង់​ខាងជើង សាធារណរដ្ឋ​អៀរ​ឡង់ ស្លូ​វ៉ា​គី ន័​រ​វែ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង អ៊ី​ស្លង់ ស្កុ​តឡែ​ន និង​ក្រិ​ក​៕

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com