ជាតិ
សេដ្ឋកិច្ច
មន្ត្រីរដ្ឋាភិបាល៖ ការចរចាពាណិជ្ជកម្មសេរីជាមួយចិន មិនមែនដោយសាររឿង EBA នោះទេ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល(រូបខាងឆ្វេង) និងលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
× ភ្នំពេញ៖ កម្ពុជានឹងចាប់ផ្ដើមពិភាក្សាអំពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងសេរី (FTA) ជាមួយចិន នៅដើមខែធ្នូឆ្នាំនេះ។ ការចរចានេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់ទាំងលើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុប។
មន្ត្រីជាន់ខ្ពស់អះអាងថា រដ្ឋាភិបាលមិនមែនចរចាពាណិជ្ជកម្មសេរីជាមួយចិន ដើម្បីជួយយឹតយោងស្ថានភាពសេដ្ឋកិច្ច បើសិន EBA ត្រូវបានដកមែន នោះឡើយ។ «ការយកពាណិជ្ជកម្មសេរីដែលយើងបម្រុងនឹងធ្វើនេះទៅប្រៀបធៀប ឬក៏ចាត់ទុកថាដោះស្រាយបញ្ហាបាត់បង់EBA គឺមិនគួរចាត់ទុកបែបនេះទេ ព្រោះវាគ្រាន់តែជាការគាប់ជួនមួយ ហើយមកដល់ពេលនេះក៏មិនទាន់អាចនិយាយបានយើងបាត់EBAនោះដែរ។ ហើយនេះជាកិច្ចការដែលយើងបានត្រៀមយូរមកហើយ»។ នេះជាការលើកឡើងរបស់លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងសន្និសីទសារព័ត៌មានស្ដីពីពាណិជ្ជកម្មសេរីរវវាងកម្ពុជានិងចិន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃទី២១ខែវិច្ឆិកានេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលក៏បានអះអាងស្រដៀងគ្នានឹងលោក ប៉ែន សុវិជាតិ ខាងលើដែរ។ លោកមានប្រសាសន៍ក្នុងសន្និសីទនេះយ៉ាងដូច្នេះថា៖«ថាយើងត្រៀមលក្ខណៈ (ឆ្លើយតបនឹងរឿងEBA) គឺមិនមែនដូច្នេះទេ។ កម្ពុជាធ្វើដូចម្ដេច? គឺគោលដៅ(ប្រាក់ចំណូល)ដែលខ្លួនចង់បាននៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដោយឈើលើសមាហរណកម្មដែលធ្វើក្នុងតំបន់អាស៊ាន ហើយយើងក៏មានពាណិជ្ជកម្មជាមួយចិនដែលជាទីផ្សារ ១,៤ពាន់លាននាក់។ កន្លែងណាដែលយើងរកស៊ីបាន គឺយើងទៅ។ អ្នកដែលប្រើប្រាស់រឿង EBA មកបំភ័យ គឺជារឿងអាម៉ាស វាមិនមែនអ៊ីចឹងទេ»។
គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយក្រសួងពាណិជ្ជកម្ម នឹងទៅពិភាក្សាលើកដំបូងដើម្បីឈានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយភាគីចិន នៅទីក្រុងប៉េកាំង នៅថ្ងៃទី៣ខែធ្នូឆ្នាំនេះ។ គណៈប្រតិភូនេះ រួមមានក្រុមការងារចំនួន៤។ ក្នុងនោះរួមមានក្រុមការងារចរចាផ្នែកពាណិជ្ជកម្មទំនិញ និងក្រុមការងារចរចាពាណិជ្ជកម្មសេវាដែលដឹកនាំដោយក្រសួងពាណិជ្ជកម្ម ក្រុមការងារចរចាការវិនិយោគដែលដឹកនាំដោយក្រុមប្រឹក្សាកម្ពុជា និងក្រុមកាងារចរចាផ្នែកសហប្រតិបត្តិការដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កន្លងមកចិនបានយល់ព្រមឲ្យកម្ពុជានាំផលិតផលទៅទីផ្សារខ្លួនចំនួន ៩៧បន្ទាត់ពន្ធ ដោយរួចពន្ធ។ តែមកទល់សព្វថ្ងៃនេះកសិផលកម្ពុជាចំនួន៤មុខប៉ុណ្ណោះដែលអាចូលទីផ្សារចិនបាន ដែលក្នុងនោះរួមមាន ស្វាយ ចេក ដំឡូងមី និងអង្ករ ខណៈផលិតផលផ្សេងទៀតជួបរបាំងបច្ចេកទេស ពិសេសគឺផ្នែកភូតគាមអនាម័យ និងអនាម័យ។ លោក ប៉ែន សុវិជាតិ លើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន នឹងហុចផលដល់កម្ពុជា ឲ្យបង្កើនទំហំពាណិជ្ជកម្មទៅចិន។ លោកប្រាប់ថា ផលិតផលកសិកម្មរបស់កម្ពុជាដែលមិនទាន់ឆ្លងកាត់របាំងបច្ចេកទេសរួច អាចនឹងត្រូវចរចាជាកញ្ចប់ ដើម្បីអាចនាំចេញទៅចិនបាន។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា ក្នុងឆ្នាំ២០១៨ មានចំនួន ៧០០៨ លានដុល្លារអាមេរិក កើនឡើងជិត១ពាន់លាន ធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួន ៦០៤០លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញទៅចិនត្រឹមចំនួន ៨៦៤លានដុល្លារ ខណៈនាំចូលពីចិនមកវិញទំហំ ៦១៤៤លានដុល្លារ៕
Tag:
FTA
EBA
ពាណិជ្ជកម្មសេរីកម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com