ជាតិ
សង្គមជាតិ
លោកគ្រូ អឿ ពុ​ទ្ធី​៖ មិន​ហត់​ឡើយ​ពេល​បាន​បង្រៀន និង​ផ្តល់​ភាព​រីករាយ​ដល់​សិស្ស
27, Nov 2019 , 5:54 pm        
រូបភាព
ដោយ:
បង្រៀន​នៅ​សាលា​ដាច់ស្រយាល​មួយ​នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប លោក អឿ ពុ​ទ្ធី ហាក់​មិន​ដែលមាន​អារម្មណ៍​នឿយហត់​នោះឡើយ ព្រោះ​លោក​បាន​បំពេញការងារ​ក្នុង​អាជីព​នៃ​ក្តី​សុបិន​របស់ខ្លួន ជាពិសេស​លោក​មានឱកាស​ផ្តល់​ចំណេះដឹង​ដល់​កុមារ និង​បង្កើត​ស្នាមញញឹម​ដល់​ពួកគេ​។​

 
​រូប «​ជល់​ដៃ​គ្នា សំពះ​គ្នា បេះដូង ចាប់ដៃគ្នា និង​ទះដៃ​គ្នា​» ត្រូវបាន​បិទ​នៅលើ​ទ្វារ​នៃ​បន្ទប់រៀន​ថ្នាក់​ទី​១ និង​ទី​២ ដែល​លោក អឿ ពុ​ទ្ធី បង្រៀន​។ មុន​ចេញទៅ​ផ្ទះ គ្រូបង្រៀន​វ័យ​២២​រូបនេះ បាន​តម្រូវ​ឲ្យ​សិស្ស​ប៉ះ​ទៅលើ​ផ្ទាំង​រូប ហើយ​ធ្វើ​កាយវិការ​ជាមួយ​ប្រធាន​ថ្នាក់ ដោយ​ក្តី​គោរព​ស្រឡាញ់គ្នា​។ ឃ្លី​ប​វីដេអូ​នៃ​សកម្មភាព​របស់​ក្មេងៗ ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោកគ្រូ ពុ​ទ្ធី ផ្ទាល់ ដោយមាន​ការ​ចុច Like និង​ចែករំលែក​រាប់ពាន់​ដង​។​
 
ផ្តល់​ចំណេះដឹង និង​បង្កើត​បរិយាកាស​រីករាយ​ដល់​ក្មេងៗ លោក អឿ ពុ​ទ្ធី ធ្វើបែបនេះ​យ៉ាង​ពេញចិត្ត ក្នុងតួនាទី​ជា​គ្រូបង្រៀន​ម្នាក់​។ វា​ជា​ក្តី​សុបិន​ដែល​បានក្លាយ​ជាការ​ពិត​សម្រាប់​យុវជន​ដែលមាន​កំណើត​នៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប រូបនេះ​។​
 


​បច្ចុប្បន្ន លោក ពុ​ទ្ធី បង្រៀន​ថ្នាក់​ទី​១ និង​ទី​២​នៅ​សាលា​បឋម​ក​ន្ទូ  ភូមិ​សន្ទៃ ឃុំ​ដា​រុន ស្រុក​សូទ្រនិគម ដែលមាន​ចម្ងាយ​ជាង​៣០​គីឡូម៉ែត្រ​ពី​លំនៅដ្ឋាន​របស់លោក​។ មិន​ងាយស្រួល​នោះឡើយ​សម្រាប់​លោក ពុ​ទ្ធី និង​គ្រូបង្រៀន​ផ្សេងទៀត ក្នុងការ​ធ្វើដំណើរ​ទៅកាន់​សាលារៀន នា​រដូវវស្សា ដោយសារ​ផ្លូវ​ពោរពេញ​ទៅដោយ​ភក់ ពេលខ្លះ​ត្រូវ​ប្រើប្រាស់​មធ្យោបាយ​ម៉ូតូ​ផង និង​កាណូត​ផង​។​
 
«​យើង​ចាប់​អាជីព​ជា​គ្រូបង្រៀន​ទៅហើយ ទោះ​ត្រូវ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ឬ​ពិបាក​ក្តី យើង​ត្រូវតែ​តស៊ូ ទៅ​មានឱកាស​ផ្ទេរ​ចំណេះដឹង​ដល់​ក្មេងៗ ពោលគឺ​កូន​អ្នកស្រុក​នៅ​តំបន់​ដាច់ស្រយាល​»​។ លោក អឿ ពុ​ទ្ធី បាន​ពន្យល់​ប្រាប់ ThmeyThmey25 តាម​ទូរ​សព្ទ​។​
 
​លោក ពុ​ទ្ធី ពិតជា​ពេញ​យ៉ាងខ្លាំង​ចំពោះ​អាជីព​របស់ខ្លួន​ដែល​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៨​មក​។ វា​ជាការ​តាំងចិត្ត​របស់លោក​ក៏ពិតមែន តែ​នេះ​ក៏​ជាការ​បំពេញ​តាម​បំណង​របស់​ឪពុក​ផងដែរ​។ កើត​ក្នុង​គ្រួសារ​ដែលមាន​កូន​៩​នាក់ យុវជន​ពុ​ទ្ធី បាន​រៀបរាប់ថា​៖ «​ខ្ញុំ​មាន​បង​ពីរ​នាក់​ធ្លាប់​ប្រឡង តែ​មិនបាន​ជាប់​ជា​គ្រូបង្រៀន​ឡើយ ពុក​ខ្ញុំ​ស្តាយ​ខ្លាំងណាស់​។ តាំងពី​ពេលនោះ​មក ខ្ញុំ​បាន​តាំងចិត្ត​រៀន ហើយ​ប្រឡង​ឲ្យ​ជាប់ ទោះជា​គ្រូ​បឋម ឬ​អនុវិទ្យាល័យ​ក៏ដោយ​»​។​
 


​តាមពិត យុវជន ពុ​ទ្ធី មាន​ក្តី​ស្រមៃ​ខ្ពស់ជាង​នេះ​ដោយ​ចង់​ក្លាយជា​គ្រូ​គណិតវិទ្យា ប៉ុន្តែ​ជីវភាព​គ្រួសារ ក៏​កត្តា​រាំងស្ទះ​មួយ​ផងដែរ ដោយ​លោក​មិន​លទ្ធភាព​មក​បន្ត​ការសិក្សា​នៅ​ភ្នំពេញ​ឡើយ ទើប​លោក​បានដាក់​ពាក្យ​ប្រឡង​នៅ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ ខេត្តសៀមរាប ភ្លាមៗ ក្រោយ​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​២០១៦​។​
 


​កូន​អ្នកលក់​ត្រី​នៅ​ផ្សារ​អង្គ្រង​រូបនេះ បាន​លើកឡើងថា​៖«​ការសិក្សា​ពិតជា​មានតម្លៃ​ខ្លាំងណាស់​។ នៅពេល​យើង​មានចំណេះដឹង យើង​អាច​ប្រកប​របរ​ដ៏​សមរម្យ មិន​ចាញ់បោក​គេ និង​ក្លាយជា​ធនធានមនុស្ស​ស​ម្រា​ប់​អភិវឌ្ឍ​សង្គមជាតិ​»​។​
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក អឿ ពុ​ទ្ធី បាន​ចែករំលែក​សកម្មភាព​រី​ករាយ​ជាច្រើន​របស់លោក​ជាមួយ​សិស្ស​តូចៗ​របស់ខ្លួន ដូចជា​កាយវិការ​គោរព​គ្នា សាមគ្គី​គ្នា រួមទាំង​ការសម្តែង​សិល្បៈ​ផ្សេងៗ​៕

Tag:
 អប់រំ
  គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com