ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់ ផ្ដល់ហិរញ្ញប្បទានដល់កម្ពុជា ក្នុងទំហំទឹកប្រាក់៦៧,១លានអឺរ៉ូ (ប្រមាណ៧៤លានដុល្លារអាមេរិក) ដើម្បីជួយគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍ និងវិស័យអាទិភាពកម្ពុជា។ ទឹកប្រាក់ទាំងនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន២ ដែលចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា កាលពីថ្ងៃទី២៨ វិច្ឆិកា។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កិច្ចព្រមព្រៀងទាំងពីរដែលកម្ពុជា និងអាល្លឺម៉ង់ បានចុះហត្ថលេខារួមគ្នានោះ មានកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ឆ្នាំ២០១៨ និងកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ឆ្នាំ២០១៩ ។ សម្រាប់កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ឆ្នាំ២០១៨ គឺរដ្ឋាភិបាលអាល្លឺម៉ង់ ផ្ដល់ឥណទានសម្បទានចំនួន៣០លានអឺរ៉ូ (ជាង៣៣លានដុល្លារអាមេរិក)និងហិរញ្ញប្បទានឥតសំណងចំនួន២លានអឺរ៉ូ លើគម្រោងប្រសិទ្ធភាពថាមពល ក្នុងការផ្គត់ផ្គង់អគ្គិសនីជនបទ។ ឥណទានសម្បទាន៣០លានអឺរ៉ូ ដែលភាគីអាល្លឺម៉ង់ហៅថា «Reduced Interest Loan» នេះ នឹងត្រូវផ្ដល់តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW)។
ដោយឡែកកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ឆ្នាំ២០១៩ មានទឹកប្រាក់ចំនួន៣០លានអឺរ៉ូ សម្រាប់ហិរញ្ញប្បទានលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទកម្ពុជា និងហិរញ្ញប្បទានឥតសំណងចំនួន៥,១លានអឺរ៉ូ ដើម្បីគាំទ្រលើគម្រោងជាក់លាក់ផ្សេងៗទៀត។ ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) ក៏ជាអ្នករ៉ាបរងបញ្ចេញប្រាក់ទាំងនេះ ផ្ដល់ដល់កម្ពុជាដែរ។ នេះបើតាមក្រសួងសេដ្ឋកិច្ច ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន ចាត់ទុកហិរញ្ញប្បទានរបស់អាល្លឺម៉ង់នេះ គឺជាការរួមចំណែកជួយគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍ និងវិស័យអាទិភាពនានារបស់រដ្ឋាភិបាលកម្ពុជា។
«ការបើកទ្វារឥណទានពីដៃគូទ្វេរភាគីថ្មីៗបន្ថែមទៀត ជាពិសេសពីប្រទេសមានការអភិវឌ្ឍខ្ពស់នៃទ្វីបអឺរ៉ុប ដូចជាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងសាធារណរដ្ឋបារាំង បានឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់ថា ដៃគូអភិវឌ្ឍន៍សំខាន់ៗរបស់កម្ពុជា មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាកំពុងដើរលើផ្លូវត្រូវ លើយុទ្ធសាស្ត្រនិងគោលនយោបាយគ្រប់គ្រងបំណុលសាធារណរបស់ខ្លួន ប្រកបដោយភាពជឿជាក់ និងសមត្ថភាពគ្រប់គ្រាន់ និងរឺងមាំ»។ នេះជាលើកឡើងរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ច ដែលបានបន្ថែមថា រដ្ឋាភិបាលអាល្លឺម៉ង់ គឺជាដៃគូអភិវឌ្ឍន៍ប្រទេសអឺរ៉ុបទី២ បន្ទាប់ពីរដ្ឋាភិបាលបារាំង ដែលផ្ដល់ឥណទានសម្បទានទី១ (Reduced Interest Loan) ដល់កម្ពុជា។
ក្រៅពីនេះគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទកម្ពុជា នឹងត្រូវបានធ្វើសហហិរញ្ញប្បទានជាមួយដៃគូអភិវឌ្ឍន៍មួយចំនួនទៀត ដូចជាទីភ្នាក់បារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងសហគមន៍អឺរ៉ុបតាមរយៈមូលនិធិវិនិយោគអាស៊ី-អឺរ៉ុប (EU/AIF)។
គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៩នេះ សន្និធិបំណុលសាធារណៈក្រៅប្រទេស ដែលកម្ពុជាជំពាក់ មាន៧,២៦៤លានដុល្លារអាមេរិក ដោយក្នុងនោះ ជំពាក់ចិន ៤៨ភាគរយ, ជប៉ុន៥,៤ភាគរយ ,សាធារណៈរដ្ឋកូរ៉េ ៤,៩ភាគរយ, បំណុលទ្វេរភាគី៤,២ភាគរយ , ពហុភាគី២៨,២ភាគរយ និងបំណុលចាស់ដែលកំពុងដោះស្រាយ៨,៥ភាគរយ។ នេះបើតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច។
បំណុលដែលកម្ពុជាជំពាក់បរទេសជាង៧ពាន់លានដុល្លារនេះ គឺមានប្រមាណ២៣ភាគរយប៉ុណ្ណោះ នៃផលិតផលក្នុងស្រុកសរុប(GDP) ជាង ២៤ពាន់លានដុល្លារអាមេរិក ហើយវាក៏មិនទាន់ជាសញ្ញាអវិជ្ជមានសម្រាប់កម្ពុជាឡើយ។ នេះជាការអះអាងរបស់សម្ដេច ហ៊ុន សែន ដែលធ្លាប់បញ្ជាក់ថា កម្ពុជាអាចមានលទ្ធភាពខ្ចីបំណុលបរទេសបន្ថែមទៀត រហូត៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុប៕