កម្ពុជា គ្រោង​ខ្ចី​បរទេស​ជាង​១៤០០ SDR ក្នុង​គម្រោង​ថវិកាជាតិ​២០២០
ជាតិ
សេដ្ឋកិច្ច
កម្ពុជា គ្រោង​ខ្ចី​បរទេស​ជាង​១៤០០ SDR ក្នុង​គម្រោង​ថវិកាជាតិ​២០២០
27, Oct 2019 , 6:59 am        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
 ​ភ្នំពេញ​៖ កម្ពុជា​គ្រោង​ចំណាយ​ថវិកាជាតិ​ជាង​៨​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០២០ ដោយ​ក្នុងនោះ​មាន​កម្ចី​បរទេស ១៤០០ SDR (​ស្មើនឹង​១,៩២៧​លាន​ដុល្លារ​អាមេរិក បើតាម​ការ​គណនា​)​។ សេចក្តីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ត្រូវបាន​គណៈរដ្ឋមន្ត្រី​អនុម័ត កាលពី​ថ្ងៃទី​២៥ តុលា​។​

 
​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចេញផ្សាយ​ពី​តួលេខ​ថវិកាជាតិ​ឆ្នាំ​២០២០ បាន​បង្ហាញថា រដ្ឋាភិបាល នឹង​ចំណាយ​ថវិកា ៣៣,៣៣៩,៦៣៣​លាន​រៀល (​ស្មើនឹង​ប្រមាណ​៨,២២៣​លាន​ដុល្លារ​អាមេរិក​) ស្មើនឹង​២៨,០១ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(​ផសស​) និង​មាន​កំណើន​២២,៧​ភាគរយ បើ​ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ​២០១៩​។ ថវិកា​ទាំងនេះ ត្រូវ​ចំណាយ​ចរន្ត​ថវិការដ្ឋ ចំនួន​១៩,៨១៨,៣០៦​លាន​រៀល ត្រូវជា​១៦,៦៥​ភាគរយ នៃ​ផសស គឺមាន​កំណើន​១០,៧​ភាគរយ​ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៩ និង​ការចំណាយ​មូលធន​ថវិការដ្ឋ​មាន​ចំនួន ១៣,៥២១,៣២៧​លាន​រៀល ត្រូវជា​១១,៣៦ ភាគរយ​នៃ​ផសស គឺមាន​កំណើន​៤៦,១​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៩​។​
 
​បើតាម​ក្រសួង​សេដ្ឋកិច្ច​ដដែល ក្នុងការ​ចំណាយ​ថវិកាជាតិ ៣៣,៣៣៩,៦៣៣​លាន​រៀល (​ស្មើនឹង​ប្រមាណ​៨,២២៣​លាន​ដុល្លារ​អាមេរិក​)​នេះ ក៏មាន​កម្ចី​បរទេស​១៤០០​លាន SDR (Special Drawing Right រង្វាស់​ខ្នាត​របស់ International Monetary Fund) (​ស្មើនឹង​១,៩២៧​លាន​ដុល្លារ បើតាម​ការ​គណនា​)​។ ត្រង់ចំណុច​នេះ ក្រសួង​សេដ្ឋកិច្ច បាន​សង្កត់ធ្ងន់ថា ការខ្ចី​បរទេស​សម្រាប់​ការចំណាយ​សរុប​នៅ​ឆ្នាំ​២០២០​នេះ គឺ​រដ្ឋាភិបាល​ផ្អែកទៅលើ កំណើន​តម្រូវការ​ទុនវិនិយោគ​ដ៏​គំហុក ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាសាធារណៈ​, គម្រោង​អភិវឌ្ឍន៍​ដែល​នឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ក្នុង​ឆ្នាំ​២០២០, ស្ថានភាព​បំណុល​ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​បច្ចុប្បន្ន និង​ក្នុង​រយៈពេល​មធ្យម និង​វែង នៅតែមាន​ចីរភាព និង​ហានិភ័យ​កម្រិត​ទាប , ការបន្ត​បង្កើន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​គ្រប់គ្រង និង​ការអនុវត្ត​គម្រោង និង​ចុងក្រោយ​កម្ចី​ទាំងនោះ​សុទ្ធតែជា​ឥណទាន​ដែលមាន​កម្រិត​សម្បទាន​ខ្ពស់​។​
 
 
​គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ សន្និធិ​បំណុល​សាធារណៈ​ក្រៅប្រទេស ដែល​កម្ពុជា​ជំពាក់ មាន​៧,២៦៤​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ ជំពាក់​ចិន ៤៨​ភាគរយ​, ជប៉ុន​៥,៤​ភាគរយ ,​សាធារណៈរដ្ឋ​កូរ៉េ ៤,៩​ភាគរយ​, បំណុល​ទ្វេរ​ភាគី​៤,២​ភាគរយ , ពហុភាគី​២៨,២​ភាគរយ និង​បំណុល​ចាស់​ដែល​កំពុង​ដោះស្រាយ​៨,៥​ភាគរយ​។ នេះ​បើតាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច​។​
 
​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​ជាង​៧​ពាន់​លាន​ដុល្លារ​នេះ គឺមាន​ប្រមាណ​២៣​ភាគរយ​ប៉ុណ្ណោះ នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP) ជាង ២៤​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​វា​ក៏​មិនទាន់​ជា​សញ្ញា​អវិជ្ជមាន​សម្រាប់​កម្ពុជា​ឡើយ​។ នេះ​ជាការ​អះអាង​របស់​សម្ដេច ហ៊ុន សែន ដែល​ធ្លាប់​បញ្ជាក់ថា កម្ពុជា​អាចមាន​លទ្ធភាព​ខ្ចី​បំណុល​បរទេស​បន្ថែមទៀត រហូត​៤០​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​។​
 
​ការអះអាង​របស់​មេដឹកនាំ​កម្ពុជា​នេះ ធ្វើឡើង​ក្រោយពី​មានមតិ​រិះគន់ និង​ការព្រួយបារម្ភ​ពី​បញ្ហា​បំណុល ដែល​កម្ពុជា​ជំពាក់​ចិន​។ សាធារណៈ​បារម្ភ​ថា កម្ពុជា នឹង​អាច​ធ្លាក់ចូល​អន្ទាក់​បំណុល​ចិន តាមរយៈ​ការ​គម្រោង «​ខ្សែក្រវាត់ និង​វិថី​» របស់​ចិន បើ​ទោះ​គម្រោង​នេះ ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​ជា​ដៃគូ​សហការ​ក្តី​។ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ឆ្លើយតប​ថា រដ្ឋាភិបាល​ខ្លួន មានការ​គ្រប់គ្រង និង​ចាត់ចែង​រាល់​ប្រាក់កម្ចី​ពី​បរទេស​ច្បាស់លាស់ ដែល​មិន​ធ្វើឱ្យ​ងាយ​ផុង​ចូល​អន្ទាក់​បំណុល​ទេ​។​«​ខ្ញុំ​មិន​ជឿថា កម្ពុជា​ធ្លាក់ចូល​អន្ទាក់​បំណុល​ចិន​ឡើយ​» ។ នេះ​ជាការ​បន្ថែម​របស់​មេដឹកនាំ​កម្ពុជា​៕

Tag:
 ថវិកាជាតិ​២០២០
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com