សម្ដេច ហ៊ុន សែន​៖ «​ខ្ញុំ​មិន​ជឿថា កម្ពុជា​ធ្លាក់ចូល​អន្ទាក់​បំណុល​ចិន​ឡើយ​»
ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន​៖ «​ខ្ញុំ​មិន​ជឿថា កម្ពុជា​ធ្លាក់ចូល​អន្ទាក់​បំណុល​ចិន​ឡើយ​»
19, Sep 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា មិនទាន់​ជំពាក់​បំណុល​ចិន​វ័ណ្ឌក ហើយក៏​មិន​ធ្លាក់​ចូលក្នុង​អន្ទាក់​បំណុល​ចិន​ដែរ​។ នេះ​ជាការ​អះអាង​ជាថ្មី​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតប​នឹង​ការរិះគន់ និង​ក្តី​ព្រួយបារម្ភ​របស់​សាធារណៈជន លើ​បញ្ហា​កម្ចី​ពី​ចិន​នេះ​។​



«​ខ្ញុំ​មិន​ជឿថា កម្ពុជា​ធ្លាក់ចូល​អន្ទាក់​បំណុល​ចិន​ឡើយ​» ។ សម្ដេច ហ៊ុន សែន ហ៊ាន​និយាយ​បែបនេះ ដោយ​សម្អាងថា រដ្ឋាភិបាល​ខ្លួន មានការ​គ្រប់គ្រង និង​ចាត់ចែង​រាល់​ប្រាក់កម្ចី​ពី​បរទេស​ច្បាស់លាស់ ដែល​មិន​ធ្វើឱ្យ​ងាយ​ផុង​ចូល​អន្ទាក់​បំណុល​ទេ​។ ថ្លែង​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ចិន ប្រមុខ​រដ្ឋាភិបាល បាន​អះអាងថា កម្ពុជា​មិនទាន់​ជំពាក់​បំណុល​បរទេស រួមទាំង​ចិន ដល់​ចំណុច​ដែល​គួរឱ្យ​ព្រួយបារម្ភ​ឡើយ​។ ត្រង់ចំណុច​នេះ សម្ដេច ហ៊ុន សែន បាន​បកស្រាយ​ថា បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស គឺមាន​ប្រមាណ​២៣​ភាគរយ​ប៉ុណ្ណោះ នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP) ជាង ២៤​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​វា​ក៏​មិនមែនជា​សញ្ញា​អវិជ្ជមាន​សម្រាប់​កម្ពុជា​ឡើយ​។ ក្នុងន័យនេះ​ប្រមុខរដ្ឋ​ភិ​បាល បាន​សង្កត់ធ្ងន់ថា កម្ពុជា​អាចមាន​លទ្ធភាព​ខ្ចី​បំណុល​បរទេស​បន្ថែមទៀត រហូត​៤០​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​។​




​អះអាង​បែបនេះហើយ សម្ដេច ហ៊ុន សែន ក៏​ឆ្លៀត​លើកឡើងថា ការរិះគន់​កម្ពុជា កំពុង​ធ្លាក់ចូល​អន្ទាក់​បំណុល​ចិន​នោះ គឺជា​ការមើលស្រាល​កម្ពុ​ជា​។ តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ចិន​ចំនួន​៣ គឺ CRI, CCTV, Xinhua និង​សារព័ត៌មាន Fresh News លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​គួរតែ​ជូន​សារ​ប្រាប់​ទៅ​អ្នក​បន្ទោស​បង្អាប់​កម្ពុជា​ថា កម្ពុជា​កំពុង​ធ្លាក់​ទៅក្នុង​អន្ទាក់​បំណុល​របស់​ចិន គឺជា​អ្នក​មិន​ប្រាកដនិយម ហើយ​អ្នក​ហាក់ដូចជា​មើលស្រាល​កម្ពុជា ក៏ដូចជា​មើលស្រាល​ឥរិយាបថ​របស់​ចិន ក្នុងឋានៈ​ជា​អ្នក​ផ្តល់ទុន ទៅឱ្យ​បណ្ដា​ប្រទេស​នានា ដែល​ទទួលបាន​ការអភិវឌ្ឍ​»​។​

​យោងតាម​ព្រឹត្តិប័ត្រ​ស្ថិតិ​បំណុល​សាធារណៈ​របស់​កម្ពុជា​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ប្រទេស​កម្ពុជា​ជំពាក់​បំណុល​ក្រៅប្រទេស​ចំនួន​សរុប​ជាង ៧​ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ដំណាច់ឆ្នាំ ២០១៨​។ បើតាម​សម្ដេច ហ៊ុន សែន បំណុល​កម្ពុជា​២៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​នេះ គឺ​រាប់ទាំង​បំណុល​ចាស់​របស់​អាមេរិក និង​សហភាពសូវៀត (​បច្ចុប្បន្ន ប្រទេស​រុស្ស៊ី​)​។​

​កន្លងមក​មានមតិ​សាធារណ​ជន​រិះគន់ និង​ព្រួយបារម្ភ​ថា កម្ពុជា​នឹង​ធ្លាក់ចូល​អន្ទាក់​បំណុល​ចិន តាមរយៈ​គម្រោង​«​ខ្សែក្រវាត់ និង​វិថី​» របស់​ចិន បើ​ទោះ​គម្រោង​នេះ ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​ជា​ដៃគូ​សហការ​ក្តី​។​បញ្ហា​នេះ វា​អាច​កើតឡើង​មែន បើសិនជា​មេដឹកនាំ​កម្ពុជា ខ្វះ​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​លើ​បញ្ហា​វិនិយោគ​ចិន តាមរយៈ​គម្រោង​«​ខ្សែក្រវាត់ និង​វិថី​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ កន្លងមក​។​

អត្ថបទទាក់ទង

​លោក ឈាង វណ្ណា​រិ​ទ្ធ បាន​មើលឃើញថា ការវិនិយោគ​តាម​គម្រោង​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ចិន ក៏មាន​ការបង្ករ​ហានិភ័យ​ដល់​ប្រទេស​ខ្លះ​មកហើយ ដោយសារ​កង្វះ​តម្លាភាព និង​គម្រោង​វិនិយោគ​គ្មាន​គុណភាព​។ ចំណែក​ការប្រើ​ឥទ្ធិពល​ហិរញ្ញប្បទាន​របស់​ចិន សម្រាប់​ប្រទេស​ជា​ដៃគូ​សហការ​ក្នុង​គម្រោង​នេះ ក៏​អាចជា​ហានិភ័យ​ផងដែរ​។ ត្រង់ចំណុច​នេះ លោក ឈាង វណ្ណា​រិ​ទ្ធ បាន​សង្កត់ធ្ងន់ថា ចិន​បានផ្ដល់​ប្រយោជន៍​ជា​វិជ្ជមាន​បណ្ដើរៗ​ហើយ​ដល់​កម្ពុជា​តាមរយៈ​គម្រោង​នេះ ខណៈ​បំណុល​កម្ពុជា ជំពាក់​ចិន មិនទាន់​ជា​ហានិភ័យ​នោះទេ​។ ដូច្នេះ​បើ​មេដឹកនាំ​មាន​ជំហរ​ការពារ​ប្រយោជន៍​ជាតិ​ច្បាស់ នោះ​ក៏​មិន​ជាប់អន្ទាក់​បំណុល​ចិន​ឡើយ​។​

​ជំហរ​ការពារ​ប្រយោជន៍​ជាតិ​ច្បាស់​របស់​មេដឹកនាំ​កម្ពុជា ដែល​លោក ឈាង វណ្ណា​រិ​ទ្ធ ចង់ឃើញ​នោះ គឺ​ការចរចា​ដោយ​ស្មើភាព និង​ផ្ដល់​ប្រយោជន៍​រួម ដល់​ប្រជាពលរដ្ឋ ប្រកបដោយ​តម្លាភាព និង​ចីរភាព ។ ជាពិសេស​ការបើក​ទូលាយ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ សិក្សា​ស្រាវជ្រាវ និង​ពិភាក្សា រាល់​ការវិនិយោគ​របស់​ចិន តាមរយៈ​គម្រោង​«​ខ្សែក្រវាត់ និង​វិថី​» ដើម្បី​បញ្ចៀស​ហានិភ័យ និង​ភាព​រងគ្រោះ​ដល់​ប្រជាពលរដ្ឋ​។ បើតាម​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី រដ្ឋាភិបាល​ត្រូវ​គ្រប់គ្រង​ហិរញ្ញប្បទាន​សាងសង់​គម្រោង​នីមួយៗ ឲ្យ​មាន​តម្លាភាព និង​គណនេយ្យភាព ទប់ស្កាត់​អំពើពុករលួយ ដែល​នាំ​ឲ្យ​ជាប់អន្ទាក់​បំណុល​បរទេស​ជាដើម​៕


Tag:
 ហ៊ុន សែន​
  បំណុល​
  ចិន​
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com