អន្តរជាតិ
ប៉ូលិស​ថៃ រៀបចំ​ចាត់វិធានការ​ប្រឆាំង​លោក Thanathorn រឿង​ប្រមូល​អ្នកគាំទ្រ​ធ្វើបាតុកម្ម​
16, Dec 2019 , 11:19 am        
រូបភាព
ប្រភព៖កាសែត បាងកកប៉ុស្តិ៍
ប្រភព៖កាសែត បាងកកប៉ុស្តិ៍
ដោយ:
​ប៉ូលិស​ថៃ កំពុង​រៀបចំ​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​អ្នករៀបចំ បាតុកម្ម នៅ​ទីក្រុង បាងកក កាលពី​ថ្ងៃ​សៅរ៍ ទី​១៤ ធ្នូ ដោយ​លើក​ហេតុថា ពួកគេ​មិនបាន​ទទួល​ការអនុញ្ញាត​ពី​អាជ្ញាធរ​ឡើយ​។

 
 
​ប៉ូលិស​ថៃ បានបញ្ជាក់​នៅ​ថ្ងៃអាទិត្យ ១៥ ធ្នូ ថា បាតុកម្ម​ដែល​ត្រូវបាន​រៀបចំ​ដោយ​មេដឹកនាំ​បក្ស​អនាគត​ឆ្ពោះទៅមុខ (FFP) លោក Thanathorn Juangroongruangkit ត្រូវបាន​មើលឃើញ​យ៉ាងច្បាស់​ថា ល្មើស​នឹង​ច្បាប់​ប្រមូលផ្តុំ​ជា​សាធារណៈ​។ 
 
​បើតាម​កាសែត បាងកក​ង​ប៉ុស្តិ៍ មេបញ្ជាការ​កងពល​ប៉ូលិស​ក្រុង​ទី​៦ លោក Methi Rakphan បាន​អះអាងថា អ្នករៀបចំ​បាតុកម្ម​នេះ បរាជ័យ​ក្នុង​ការទទួល​បានការ​អនុញ្ញាត ឬ​ប្រកាស​ពី​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ​។ លោក សង្កត់ធ្ងន់ថា វា​ច្បាស់​ណាស់​ថា​ការប្រមូលផ្តុំ​នេះមិន​ស្របច្បាប់​ទេ ពី​ព្រោះ​គ្មាន​ការអនុញ្ញាត​ណាមួយ​ត្រូវ​បានទទួល ហើយ​ប៉ូលិស ក៏​កំពុង​រៀបចំ​ដាក់ចេញ​ចំណាត់ការ​ផ្លូវការ​ លើ​មេដឹកនាំ​បាតុកម្ម​នេះ​ដែរ​។​
 
​ទោះបីជា​ប៉ូលិស បាន​អះអាងថា ​គ្មាន​ការអនុញ្ញាត​សម្រាប់​ការប្រមូលផ្តុំ​នេះ​ក៏ដោយ ពួកគេ​មិនបាន​ធ្វើ​អន្តរាគមន៍​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ខ្លី​ ដែលមាន​ការចូលរួម​ពី​មនុស្ស​រាប់រយ​នាក់​នេះឡើយ ហើយ​ប្រជាជន​ថៃ ​បាន​ប្រមូល​ផ្តុំគ្នា​ប្រហែល​ជាមួយ​ម៉ោង​ដោយ​គ្មាន​ការរំខាន​អ្វី​ឡើយ​។ ទីតាំង​នៃ​ការប្រមូលផ្តុំ​គ្នា ​គឺ​ស្ថិតនៅ​សង្កាត់ Pathumwan ដែលជា​ទីប្រជុំជន​ដ៏​ធំ​ប្រចាំរាជធានី បាងកក​។​
 
 
​មែនទែនទៅ ការប្រមូលផ្តុំ​គ្នា​នេះ បាន​កោះហៅ​ដោយ​លោក Thanathorn បន្ទាប់ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ថៃ (EC) បានសម្រេច​ចិត្ត​ស្នើសុំ​ឲ្យ​តុលាការ​ធម្មនុញ្ញ​ ពិចារណា​រំលាយ​បក្ស​របស់លោក។ គ​.​ជ​.​ប​ថៃ បាន​ចោទប្រកាន់ថា បក្ស​អនាគត​ឆ្ពោះទៅមុខ​របស់លោក Thanathorn បាន​បំពាន​ច្បាប់​បក្សនយោបាយ​ ដោយ​ទទួលយក​កម្ចី ​១៩១​លាន​បាត​ ពី​លោក ដើម្បី​ផ្គត់ផ្គង់​យុទ្ធនាការ​អំឡុងពេល​បោះឆ្នោត​។ 
 
​សូមបញ្ជាក់ថា ក្នុង​ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅ លោក Thanathorn បាន​ប្រាប់​វេទិកា​ក្នុងស្រុក​មួយ​ថា លោក​បានផ្តល់​កម្ចី​ជិត​២០០​លាន​បាត ឬ​ស្មើនឹង​ជាង​៦,៦​លាន​ដុល្លារ ទៅកាន់​គណបក្ស​អនាគត​ឆ្ពោះទៅមុខ (FFP)​។ លោក​ក៏បាន​ប្រកាស​លុយ​កម្ចី​នេះ ​ក្នុង​ការប្រកាស​ទ្រព្យសម្បត្តិ​លោក ដោយ​ដាក់ឈ្មោះ​គណបក្ស​នេះ​ ជា​កូនបំណុល​មួយ​របស់លោក​។ ម្យ៉ាងទៀត កិច្ចសន្យា​ខ្ចីបុល​ចំនួន​ពីរ ​ត្រូវបាន​ធ្វើឡើង​ រវាង​លោក Thanathorn និង​ប្រធាន​ហិរញ្ញវត្ថុ​របស់​បក្ស ដោយ​មួយ​ធ្វើឡើងក្នុង​ខែ មករា និង​មួយទៀតធ្វើឡើងក្នុង​ខែមេសា  ឆ្នាំ​២០១៩៕
 
 

Tag:
 ថៃ​
  Thanathorn Juangroongruangkit
  បាតុកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com