ជាតិ
សម្ដេច ស ខេង​៖ ចិន​ចូលមក​កម្ពុជា​! រដ្ឋាភិបាល​រង​សម្ពាធ ,​ពេល​ចិន​ទៅវិញ​យើង​ក៏​រង​សម្ពាធ​ដែរ​
17, Dec 2019 , 9:19 pm        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងប្រាប់អ្នកកាសែត​ ក្រោយពិធីប្រកាសផ្សព្វផ្សាយស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងប្រាប់អ្នកកាសែត​ ក្រោយពិធីប្រកាសផ្សព្វផ្សាយស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩
​ភ្នំពេញ​៖ វត្តមាន​ជនជាតិ​ចិន ធ្វើឱ្យ​រដ្ឋាភិបាល​ទទួល​រង​សម្ពាធ មិន​ថា ចិន​ចូលមក​កម្ពុជា ឬ​ចេញទៅ​ស្រុកកំណើត​វិញ​នោះទេ​។ សម្ដេច ស ខេង ថ្លែង​បែបនេះ ក្រោយ​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ស្តីពី​មុខងារ និង​រចនាសម្ព័ន្ធ​រប​ស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អនុក្រឹត្យ​ស្តីពី​ការប្រគល់​មុខងារ​គ្រប់គ្រង និង​ផ្តល់​សេវា​សុខាភិបាល​ទៅឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត នា​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ ។​


 
«​កាល​ពេលដែល​ជនបរទេស ពិសេស​ជនជាតិ​ចិន ចូលមក​(​កម្ពុជា​)​ច្រើន ក៏​រដ្ឋាភិបាល​ទទួលរ​ង​សម្ពាធ​។ ដល់ពេល​ចិន ចេញទៅ​វិញ ក៏​រដ្ឋាភិបាល​ទទួលរ​ង​សម្ពាធ​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ដែល​មិនបាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា តើ​សម្ពាធ​អ្វីដែល​ធ្លាក់​ទៅលើ​រដ្ឋាភិបាល​នោះទេ​?
 
​ដ្បិត​មិន​បកស្រាយ​ឱ្យ​ច្បាស់​ក្តី ប៉ុន្តែ​សម្ដេច ស ខេង បាន​អះអាង​វិញ​ថា អ្វីដែល​រដ្ឋាភិបាល​ត្រូវធ្វើ​ពេលនេះ គឺ​ពង្រឹង​ការគ្រប់គ្រង​លើ​ជនបរទេស​ក្នុងប្រទេស​។ ឆ្លើយតប​សំនួរ​អ្នកសារព័ត៌មាន ជុំវិញ​បញ្ហា​វត្តមាន​ជនជាតិ​ចិន​នេះ សម្ដេច ស ខេង បាន​និយាយថា​៖« យើង​កំពុង​រក​វិធី​ធ្វើ​យ៉ាងម៉េច ដើម្បី​គ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការអភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ​»​។​



 
​វត្តមាន​ជនជាតិ​ចិន ដែល​ចូលមក​កម្ពុជា​យ៉ាងគំហុក​ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ បានធ្វើឱ្យ​ពលរដ្ឋ​ព្រួយបារម្ភ និង​រិះគន់​ទៅលើ​រដ្ឋាភិបាល​កម្ពុជា​។ ការរិះគន់​របស់​ពល​រដ្ឋ​នេះ ធ្វើឡើង​បន្ទាប់ពី​ជនជាតិ​មួយចំនួន បាន​បង្ក​អសន្តិសុខ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណ​កម្ពុជា តាមរយៈ​ការប្រព្រឹត្ត​បទល្មើស​ចាប់ជំរិត​ទារប្រាក់ ,​ប្លន់​សម្លាប់​ជនជាតិ​ចិន​គ្នាឯង និង​បទ​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាដើម​។​
 
​ដោយសារតែ​មើលឃើញ​ពី​បញ្ហា​នេះ និង​ស្របពេល​ពលរដ្ឋ​រិះគន់​ផង​នោះ ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​អាជ្ញាធរ បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​តាម​អ៊ីនធឺណិត ដែល​គ្មាន​អាជ្ញាប័ណ្ណ និង​ហាម​មិន​ឲ្យ​ចេញ​អាជ្ញាប័ណ្ណ​ថ្មី ឬ​បន្ត​អាជ្ញា​បណ្ណ ដល់​ក្រុមហ៊ុន​ល្បែង​តាម​អន​ឡាញ​គ្រប់​ប្រភេទ​ឡើយ​។ សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បានធ្វើឱ្យ​ប៉ះពាល់​ដល់​ស​ន្តិ​សុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ស​ង្គ​ម​។​
 
​ក្រោយពី​រដ្ឋាភិបាល​កម្ពុ​ជា ចេញ​វិធានការ​តឹងរឹង​ក្នុង​ការបិទ និង​បង្ក្រាប​កាស៊ីណូ​អន​ឡាញ​នេះ វា​បានធ្វើឱ្យ​ជនជាតិ​ចិន​ចាក​ចេញពី​កម្ពុជា ជា​បន្តបន្ទាប់ ។ ក្នុងនោះ​មាន​ជនជាតិ​ចិន​ប្រហែល​៦​ពាន់​នាក់​ចាកចេញ ខណៈ​ជនជាតិ​៥​ពាន់​នាក់​មកកាន់​កម្ពុជា​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ។​
 
​តែ​យ៉ាងណា​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​សង្កត់ធ្ងន់ថា គោលការណ៍​សេដ្ឋកិច្ចកម្ពុជា គឺ​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​បរទេស តែ​មិនមែនជា​វិស័យ​កាស៊ីណូ​អន​ឡាញ​ឡើយ​៕

Tag:
 ស ខេង​
  ចិន​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com