អន្តរជាតិ
ប្រធានាធិបតី ត្រាំ ចោទ​ប្រធានសភា​តំណាង​ថា «​ប្រកាសសង្គ្រាម​ជាមួយ​លទ្ធិប្រជាធិបតេយ្យ​»
18, Dec 2019 , 4:05 pm        
រូបភាព
លោកស្រី ណាន់ស៊ី ផេឡូស៊ី (ឆ្វេង), លោកដូណាល់ត្រាំ និងលោក មៃ ផេន អំឡុងជំនួបនាពេលកន្លងទៅមួយ ក្នុងសេតវិមានអាមេរិក (afp)
លោកស្រី ណាន់ស៊ី ផេឡូស៊ី (ឆ្វេង), លោកដូណាល់ត្រាំ និងលោក មៃ ផេន អំឡុងជំនួបនាពេលកន្លងទៅមួយ ក្នុងសេតវិមានអាមេរិក (afp)
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​ទៅកាន់​មេដឹកនាំ​របស់​បក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា​ថា ការដកហូត​តំណែង​លោក គឺជា​ការប៉ុនប៉ង​ធ្វើ «​រដ្ឋប្រហារ​» ដែល​កំពុង​ធ្វើ​វិទ្ធង្សនា​លើ​លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក​។ 

 
​ក្នុង​លិខិត​៦​ទំព័រ​ដែល​ផ្ញើ​ទៅ​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី នៅ​ថ្ងៃ​១៧ ធ្នូ លោក ត្រាំ និយាយថា​៖«​ប្រ​វិត្ត​សាស្ត្រ នឹង​វិនិច្ឆយ​អ្នក​»​។ លោក​ប្រធានាធិបតី​បាន​ចោទ​លោកស្រី​ថា បានប្រកាស​សង្គ្រាម​ដោយ​បើកចំហ​ជាមួយ​លទ្ធិប្រជាធិបតេយ្យ​។ 
 
​បើតាម​លិខិត​ដដែល លោក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ការប្រឆាំង​តវ៉ា «​ដ៏​មានអំណាច និង​ខ្លាំងក្លា​បំផុត​» របស់លោក ចំពោះ​ការដកហូត​តំណែង​ដែល​ផ្តួចផ្តើមឡើង​ដោយ​បក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា​តំណាង​អាមេរិក​។ លោក សង្កត់ធ្ងន់ថា ការដកហូត​តំណែង​នេះ តំណាង​ឲ្យ​ការរំលោភ​អំណាច​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ពី​សំណាក់​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ដែលជា​បក្សប្រឆាំង​ដ៏​ធំ​ក្នុង​សហរដ្ឋអាមេរិក​។ 
 
​ប្រធានាធិបតី​អាមេរិក​ទី​៤៥​រូបនេះ ប្រឈមមុខ​ការបោះឆ្នោត​ដកតំណែង (impeachment) ក្នុង​សភា​តំណាង​ដែល​គ្រប់​គ្រប​ដោយ​បក្ស​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ពុធ ១៨ ធ្នូ ជុំវិញ​ការ​បទ​ចោទប្រកាន់ថា លោក​បានដាក់​សម្ពាធ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​ដើម្បី​ផលប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន​។ ប្រសិនបើ ការបោះឆ្នោត​ទទួលបាន​ជោគជ័យ​មែន​នោះ លោក ត្រាំ នឹង​ក្លាយជា​ប្រធានាធិបតី​ទី​៣ ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ដែល​ត្រូវ​ដកហូត​តំណែង​។ បន្ទាប់មក លោក​នឹង​បន្តទៅ​ជំនុំ​ជម្រះក្តី​ក្នុង​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ​។  
 
​ប្រាប់​អ្នកសារព័ត៌មាន នៅ​អគារ Capitol លោកស្រី ផេ​ឡូ​ស៊ី បាន​និយាយថា លោកស្រី​ពុំ​អាន​លិខិត​នេះ​ទាំងស្រុង​ឡើយ ក៏ប៉ុន្តែ​បាន​មើលឃើញ​ខ្លឹមសារ​ខ្លះ ហើយ​លោកស្រី​យល់ឃើញថា​វា​ពិតជា​អាក្រក់​ណាស់​។  ដោយឡែក​ក្នុង​សេចក្តីថ្លែងការណ៍​ប្រកាស​ការបោះឆ្នោត​លើ​ការដកហូត​តំណែង​នៅ​ថ្ងៃ​ពុធ លោកស្រី បាន​បញ្ជាក់ថា សភា​តំណាង​អាមេរិក នឹង​អនុវត្ត​អំណាច​មួយ​ដែល​រដ្ឋធម្មនុញ្ញ​បានប្រគល់​ឲ្យ​ពួកគេ​។ 
 
សូមបញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ កំពុង​ប្រឈមមុខ​នឹង​បទចោទប្រកាន់​ដកហូត​តំណែង​ចំនួន​ពីរ​។ ការចោទប្រកាន់​ទី​១​គឺ លោក ត្រាំ បាន​អនុវត្ត​អំណាច​ប្រធានាធិបតី​ដើម្បី​បាន​ផលចំណេញ​ផ្ទាល់ខ្លួន ខណៈ​មិន​ខ្វាយខ្វល់ ឬ​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ ដោយ​ដាក់​សម្ពាធ​លើ​អ៊ុយ​ក្រែ​ន​ឲ្យ​ជ្រៀតជ្រែក​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ២០២០​។ ការចោទប្រកាន់​ទី​២​គឺ នៅពេល​ត្រូវបាន​ចាប់កំហុស​បាន​, នៅពេល​សភា​តំណាង​បាន​បើក​ការស៊ើបអង្កេត និង​ស៊ើបសួរ​ក្នុង​នីតិវិធី​ដកតំណែង​ប្រធានាធិបតី​នោះ លោក​ត្រាំ​បាន​ព្យាយាម​រារាំង​ដំណើរការ​របស់​សភា​នេះ​៕ 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់​ត្រាំ​
  សភា​តំណាង​
  impeachment
© រក្សាសិទ្ធិដោយ thmeythmey.com