អន្តរជាតិ
ឥណ្ឌូណេស៊ី នឹង​បង្កើត​ភ្លៀង​សិប្បនិម្មិត ដើម្បី​ទប់ស្កាត់​គ្រោះទឹកជំនន់​
03, Jan 2020 , 10:19 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​នា​ថ្ងៃទី​៣ ខែធ្នូ ឥណ្ឌូណេស៊ី សម្រេច​ចាត់វិធានការ បង្កើត​ភ្លៀង​សិប្បនិម្មិត​ឲ្យ​មាន​ភ្លៀង​នៅ​តំបន់​ផ្សេង​ក្រៅពី​រដ្ឋធានី​ហ្សា​ការ​តា​។ ការបង្កើត​ភ្លៀង​សិ​ម្ប​និម្មិត​នេះ ដើម្បី​បញ្ចៀស​ពពក​កុំ​ឲ្យ​រសាត់​មកដល់​រដ្ឋធានី​។ ប្រសិនបើ​អាជ្ញាធរ មិនអាច​ទប់ស្កាត់​ពពក​នេះ​បានទេ ភ្លៀង​នឹង​នៅតែ​បន្ត​ធ្លាក់​នៅក្នុង​ទីក្រុង​ហ្សា​ការ​តា ហើយនឹង​បង្ក​ឲ្យ​មាន​គ្រោះទឹកជំនន់​កាន់តែខ្លាំង​ជាង​មុន​។


 
​កម្រិត​ទឹកភ្លៀង បាន​ធ្លាក់​យ៉ាងខ្លាំង​នៅក្នុង​ឥណ្ឌូណេស៊ី​តាំងពី​ថ្ងៃទី​៣១ ខែធ្នូ​មក រហូតដល់​ថ្ងៃទី​១ ខែមករា​។ ភ្លៀង​ធ្លាក់​ដ៏​ច្រើនសន្ធឹក​បែបនេះ បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់ និង​បាក់​ដី​នៅតាម​តំបន់​ជុំវិញ​រដ្ឋធានី​ហ្សា​ការ​តា និង​តំបន់​ក្បែរៗ​នោះ​។ គ្រោះមហន្តរាយ​នេះ បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ បាន​កើនឡើង​រហូតដល់ ៤៣​នាក់ ខណៈពេល​មនុស្ស​ជាង ១​ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​ទឹកជំនន់​។ 
 
​ដើម្បី​ទប់ស្កាត់​ទឹកភ្លៀង កុំ​ឲ្យ​ធ្លាក់​ច្រើនពេក​នៅក្នុង​រដ្ឋធានី ពេលនេះ​ឥណ្ឌូណេស៊ី បាន​ចាត់វិធានការ​បង្កើត​ឲ្យ​មាន​ភ្លៀង​សិប្បនិម្មិត​នៅ​តំបន់​ផ្សេង​។ ទីភ្នាក់ងារ​បច្ចេកវិទ្យា​ឥណ្ឌូណេស៊ី BPPT បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា យន្តហោះ​តូចៗ​ចំនួន​ពីរ ត្រូវ​បាច​ធាតុគីមី​សូ​ដ្យូ​ម​ក្ល​រីត (NaCL) ដើម្បី​ឲ្យ​មាន​ភ្លៀង​ធ្លាក់ នៅលើ​ច្រក​សមុទ្រ Sunda មុនពេល​ពពក​អាច​នឹង​ហោះ​មកដល់​ទីក្រុង​ហ្សា​ការ​តា ចំណែក​យន្តហោះ​ធំ​ជាង​នេះ​មួយគ្រឿង​ទៀត នឹង​ប្រចាំការ​នៅ​ច្រក​សមុទ្រ Sunda នេះ​។ 
 
​បើតាម​ការបញ្ជា​ក់ថារ​បស់​ទីភ្នាក់ងា​បច្ចេកវិទ្យា​ដដែល ពពក​ដែល​ហោះ​សំដៅ​មក​រដ្ឋធានី​ហ្សា​ការ​តា ត្រូវតែ​បាញ់​សារធាតុ​សូ​ដ្យូ​ម​ក្ល​រីត ដើម្បី​ប្រាកដថា​ពពក​នឹងមិន​អាច​ហោះ​មកដល់​រដ្ឋធានី​។ យ៉ាងណាក៏ដោយ ទីភ្នាក់ងារ​សង្ឃឹមថា ពពក​នឹង​បាត់អស់ មុនពេល​ហោះ​មកដល់​រដ្ឋធានី​ហ្សា​ការ​តា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ជាការ​ពិត ការបង្កើត​ភ្លៀង​សិប្បនិម្មិត​នេះ ឥណ្ឌូណេស៊ី តែងតែ​ធ្វើឡើង​នា​រដូវក្តៅ ដើម្បី​ពន្លត់ភ្លើង​ឆេះ​ព្រៃ​។ ជាពិសេស កាលពី​ឆ្នាំ ២០១៣ ក្នុងពេល​មាន​គ្រោះទឹកជំនន់​បាន​វាយប្រហារ​លើ​ទីក្រុង​ហ្សា​ការ​តា ឥណ្ឌូណេស៊ី​ក៏បាន​ប្រើ​វិធីសាស្ត្រ​បង្កើត​ភ្លៀង​សិប្បនិម្មិត​ផងដែរ ដើម្បី​ទប់ស្កាត់​ពពក កុំ​ឲ្យ​រសាត់​មកដល់​ទីក្រុង​ហ្សា​ការ​តា​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com