សង្គមអន្តរជាតិ
អន្តរជាតិ
ពលរដ្ឋថៃ ចេញគំនិតប្លែកៗ ក្រោយរដ្ឋាភិបាលហាមប្រើថង់ប្លាស្ទិក
× ក្រោយរដ្ឋាភិបាលថៃ បានដាក់បម្រាមលើការប្រើថង់ប្លាស្ទិក នៅហាងទំនិញធំៗក្នុងប្រទេស ប្រជាជនថៃ បានយូរកន្ត្រក, ធុងទឹក, បាវ និងសម្បីតែ រទះរុញ ដើម្បីដាក់អីវ៉ាន់ពួកគេ។ អ្នកខ្លះថែមទាំងបានបង្ហោះរូបភាពលើបណ្តាញសង្គម ដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍ជាខ្លាំង។
ការហាមប្រើថង់ប្លាស្ទិក ដែលដាក់ចេញនៅដើមឆ្នាំ២០២០ ដោយរដ្ឋាភិបាលថៃ និងហាងទំនិញធំៗជាច្រើនក្នុងប្រទេសថៃ គឺជាជោគជ័យមួយសម្រាប់សកម្មជនបរិស្ថាន។ ហាងទំនិញធំៗ ចំនួន ៧៥កន្លែង និងបណ្ដាហាងទំនិញតូច និងមធ្យមជាង ២៤ ៥០០ ទីតាំងផ្សេងទៀត នៅទូទាំងរាជាណាចក្រថៃ បានយល់ព្រមអនុវត្តតាមគោលការណ៍អាទិភាពរបស់រដ្ឋមន្ត្រីបរិស្ថាននិងធនធានធម្មជាតិថៃ Varawut Silpaarcha ក្នុងការកាត់បន្ថយបរិមាណថង់ប្លាស្ទិក។
ទោះមានការហាមប្រាម ពលរដ្ឋថៃ អាចចំណាយលុយដើម្បីទិញថង់ដាក់អីវ៉ាន់ដែលអាចប្រើឡើងវិញ ក៏ប៉ុន្តែសម្រាប់ពលរដ្ឋខ្លះវិញ ពួកគេសន្សំសំចៃលុយដោយការយករបស់តាមខ្លួន និងប្លែកៗពីគ្នា។ អ្នកផាត់មុខម្នាក់ ឈ្មោះថា Prahausri បានខ្ចីសំណាញ់ដាក់ម្ហូបម្តាយគាត់ដែលនាងជាធម្មតាដាក់ឆ្អើរត្រី មកដាក់អាហារសំរាន់ ទឹកដោះគោ និងទឹកក្រូច ហើយបានបង្ហោះរូបភាពលើបណ្តាញសង្គម។ ប្រាប់សារព័ត៌មាន AFP លោកនិយាយដូច្នេះថា៖«វាជាធម្មតាប្រើដើម្បីការពារម្ហូបពីសត្វរុយ»។
តាមរយៈរូបភាពផ្សេងទៀតដែលបង្ហោះលើបណ្តាញសង្គម បុរសម្នាក់ បានឈរអូសរទះរុញដែលផ្ទុកពេញដោយអីវ៉ាន់ ហើយចំណែកស្ត្រីម្នាក់ទៀត យូរបាវ ។ អ្នកខ្លះទៀត បានប្រើកន្ត្រក និងធុងទឹក ដែលមើលទៅគួរឲ្យអស់សំណើចបំផុត។
ខណៈប្រទេស ថៃ ជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេសលើពិភពលោក ដែលបោះចោលកាកសំណល់ចូលក្នុងសមុទ្រ ស្មារតីរបស់ពលរដ្ឋថៃពាក់ព័ន្ធនឹងផលប៉ះពាល់ បានកើនឡើងក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ។ ជាឧទាហរណ៍ ក្នុងប្រទេសថៃ កាលពីឆ្នាំមុន សត្វក្ដាន់មួយក្បាល និងកូនជ្រូកទឹកមួយក្បាល បានប្រទះឃើញថា ស្លាប់ ដោយមានប្លាស្ទិកជាច្រើនគីឡូក្រាមក្នុងពោះរបស់ពួកវា។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានថៃ បញ្ជាក់ថា ប្រទេសថៃបានកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ២លាន ឬប្រមាណ ៥៧៦៥ តោន កាលពីឆ្នាំមុន ។ នេះជាដំណាក់កាលទី១នៃយុទ្ធនាការ «រាល់ថ្ងៃ និយាយថា ទេ ចំពោះថង់ប្លាស្ទិក» ដើម្បីលើកទឹកចិត្តអ្នកទិញឲ្យបដិសេធដោយស្ម័គ្រចិត្តចំពោះការប្រើថង់ប្លាស្ទិកពីហាងទំនិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com